​ព្រឹត្តិការណ៍​ Davis Cup ឆ្នាំ​២០១៨​នេះ​​ត្រូវ​ចាប់​ពូល​រួច​ហើយ​ដោយ​ក្រុម​កីឡា​វាយ​កូន​បាល់​កម្ពុជា​ស្ថិត​នៅ​ពូល​​ជា​មួយ​ក្រុម​ម្ចាស់​ផ្ទះ​វៀតណាម​ និង​ក្រុម​ខ្លាំង​៣​ផ្សេង​ទៀត​ដែល​ត្រូវ​ប្រកួត​ថ្ងៃ​ចន្ទ​ ទី​២​ ខែ​មេសា​ ឆ្នាំ​២០១៨​នេះ​ហើយ។

តាម​ការ​ឲ្យ​ដឹង​ពី​លោក​ ជា​ ពៅ គ្រូ​វាយ​កូន​បាល់​​កម្ពុជា​ពី​ប្រទេស​វៀតណាម​ថា​ ក្រុម​​កម្ពុជា​ស្ថិត​នៅ​ពូល​ A ដែល​មាន​ក្រុម​ខ្លាំង​​ម្ចាស់​ផ្ទះ​វៀតណាម ​ម៉ាឡេស៊ី​ និង​ Pacific Oceania ខណៈ​ពូល​ B ក៏​សុទ្ធ​តែ​ខ្លាំង​ៗ​គឺ​ គុយវ៉ែត​ កាតារ​ អារ៉ាប៊ីសាអ៊ូឌីត​ ស៊ីរី​ និង​ហ្សកដានី។ ទោះ​ជា​យ៉ាង​ណា ​គ្រូ​បង្វឹក​នេះ​បញ្ជាក់​ថា ទោះ​ជា​ការ​ចាប់​ពូល​រួច​ហើយ​ក្តី​ ប៉ុន្តែ​​ម៉ោង​​ប្រកួត​​ជាក់​លាក់​នោះ​នៅ​មិន​ទាន់​ដឹង​ច្បាស់​ឡើយ​ដោយ​​កំពុង​រង់​ចាំ​គណៈកម្មការ​រៀប​ចំ​ការ​ប្រកួត​ផ្តល់​ឲ្យ។

កាល​ពី​ឆ្នាំ​​២០១៧​កន្លង​ទៅ​ ​ក្រុម​វាយ​កូន​បាល់​កម្ពុជា​​​បាន​ឡើង​ពី​កម្រិត​ Group IV មក​​កាន់​កម្រិត​ Group III វិញ បន្ទាប់​ពី​ធ្លាក់​​កាល​ពី​ពីរ​ឆ្នាំ​មុន។ កីឡាករ​ដែល​កម្ពុជា​​ដែល​ត្រូវ​ប្រកួត​មាន​ ប៊ុន កេន្នី, ម៉ម ផល្គុន, ឡុង សំនៀង, ឱ សារិទ្ធ និង គឹម ឌែលតុនសុផាន់ណា៕