ក្រុងកាឌីហ្វ: កីឡាករ Anthony Joshua បាន​អំពាវនាវ​ឲ្យ​មានការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ទម្ងន់​ធ្ងន់​រួម​ជាមួយ​នឹង​កីឡាករ Deontay Wilder តាមរយៈ​ការ​បញ្ជាក់​ថា ខ្លួន​មិន​មាន​ពេល «ក្នុងការ​សម្រាក​ឡើយ និង​ជិះ​សេះ​លែង​ដៃ» ក្រោយ​ពី​បាន​ផ្តួល​កីឡាករ Joseph Parker ក្នុងការ​ប្រកួត​នៅ​ទីក្រុង Cardiff កាល​ពី​ថ្ងៃ​សៅរ៍ កន្លង​មក។

Joshua បាន​បន្ថែម​ខ្សែក្រវាត់​ទម្ងន់​ធ្ងន់​ពី​ស្ថាប័ន WBO របស់ Parker ទៅលើ​ខ្សែក្រវាត់​របស់​គេ​ដែល​រួម​មាន​ខ្សែ​ក្រវាត់​ពី​សហព័ន្ធ​កីឡា​បាល់ទាត់​អន្តរជាតិ (IBF) និង​សមាគម​កីឡា​ប្រដាល់​ពិភពលោក (WBA) តាមរយៈ​ការ​យក​ឈ្នះ​ពិន្ទុ​ជា​ឯកច្ឆន្ទ​លើ​កីឡាករ​សញ្ជាតិ​នូវែលសេឡង់​រូប​នេះ ក្រោយ​ពី​បាន​ធ្វើ​ការ​ប្រកួត ១២ ទឹក​ពេញ​ជា​លើក​ទី ១ របស់​គេ​ក្នុង​អាជីព​ប្រដាល់​មិន​ស្គាល់​ចាញ់​ចំនួន ២១ លើក។បច្ចុប្បន្ន​សម្ពាធផ្សេងៗ នឹង​កើនឡើង​សម្រាប់​ការប្រកួត​ដណ្តើម​ខ្សែក្រវាត់​រួមមួយ​ជាមួយនឹង​កីឡាករ​ប្រដាល់​អាមេរិក Wilder ដែល​ជា​ម្ចាស់​ខ្សែក្រវាត់ WBC។

ក្រោយពី​ចៅក្រម​បានផ្តល់​ពិន្ទុ​ឈ្នះ១១៨-១១០ ១១៨-១១០ និង១១៩-១០៩ កីឡាករ សញ្ជាតិ​អង់គ្លេស Joshua បាន​និយាយ​នៅ​លើ​សង្វៀន​ភ្លាមៗ​ថា៖ «ខ្ញុំ​ចង់​ជួប​ជាមួយ Wilder។ សូម​រៀបចំ​ឲ្យ​រូបគេ​ឡើង​សង្វៀន ហើយ​ខ្ញុំ​នឹង​ផ្តួល​រូបគេ​ឲ្យ​សន្លប់»។ប៉ុន្តែ ម្ចាស់​មេដាយមាស​អូឡាំពិក​ឆ្នាំ ២០១២ ក្នុង​ទីក្រុង​ឡុង​ដ៍​រូបនេះ បាន​ស្ថិតក្នុង​អារម្មណ៍​ល្អប្រសើរ​ជាង ក្នុង​សន្និសីទ​សារ​ព័ត៌មាន​បន្ទាប់​ពី​ការ​ប្រកួត។

Joshua ដែល​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​អ្នករៀបចំ​ការប្រកួត​លោក Eddie Hearn និង​លោកគ្រូ​បង្វឹក Rob McCracken បាន​ឲ្យ​ដឹង​ថា៖ «ឆ្នាំ ២០១៨ តែង​តែ​ជា​ពេលវេលា​ក្នុងការ​ដណ្តើម​យក​ខ្សែក្រវាត់​ទាំង​អស់។ បច្ចុប្បន្ន យើង​នៅ​សល់​ខ្សែក្រវាត់​តែ ១ ទៀត​ទេ។ ក្នុង​ភ្នែក​របស់​ខ្ញុំ វា​គ្មាន​ពេល​ក្នុងការ​សម្រាក និង​ត្រូវ​ជិះសេះ​លែង​ដៃ​ឡើយ»។

កីឡាករ​ប្រដាល់​មិន​ស្គាល់​ចាញ់ Wilder បាន​ប្រើប្រាស់​បណ្តាញ​សង្គម Twitter ក្រោយពី​ការ​ប្រកួត​កាល​ពី​ថ្ងៃ​សៅរ៍​ពីមុខ​អ្នក​ទស្សនា​ចំនួន ៧៨០០០ នាក់​នៅ​សង្វៀន Principality ដើម្បី​បញ្ជាក់​ថា រូបគេ​ពិត​ជា «បុរស​ខ្លាំង​បំផុត និង​ឆ្នើម​បំផុត​នៅ​ក្នុង​ពិភពលោក»។

កីឡាករ Joshua បានធ្វើ​ការបដិសេធ​ក្នុងការ​ឆ្លើយតប​ទៅនឹង​ការ​បញ្ចេញ​មតិ​របស់ Wilder ក្នុង​នោះ​រាប់​បញ្ចូល​ទាំង​ការ​លើក​ឡើង​កាល​ពី​មុន​នៅ​ពេល​ដែល​កីឡាករ​អាមេរិក​រូបនេះ បាន​និយាយ​ថា រូបគេ​ចង់​បាន​រាង​កាយ​មួយ​ស្ថិត​នៅ​លើ​កំណត់ត្រា​របស់​គេ ផង​ដែរ៕