សិង្ហបុរី: កីឡាការិនី​យុទ្ធ​គុន​ចម្រុះ Angela Lee និង​ម្ចាស់​ខ្សែក្រវាត់​ពិភពលោក ២ ប្រភេទ​ទម្ងន់​ផ្សេង​គ្នា Martin “The Situ-Asian” Nguyen នឹង​ត្រូវ​ឡើង​ការពារ​ខ្សែ​ក្រវាត់​របស់​ពួក​គេ​រៀងៗ​ខ្លួន​ក្នុង​ការ​ប្រកួត​វាយ​ដាក់​ទ្រុង​នៃ​ព្រឹត្តិការណ៍ ONE: Unstoppable Dreams នៅ​ពាក់​កណ្តាល​ខែ​ក្រោយ​នេះ។

ម្ចាស់​ខ្សែក្រវាត់​ពិភពលោក​របស់ ONE ទម្ងន់ ៥២,២ គីឡូក្រាម Lee នឹងត្រូវ​ធ្វើការ​ការពារ​ខ្សែក្រវាត់​របស់​ខ្លួន នៅ​ពេល​ដែល​ប្រកួត​ជាមួយ​នឹង​កីឡាការិនី​ជើង​ចាស់​សញ្ជាតិ​ជប៉ុន Mei “V.V” Yamaguchi ក្នុងការ​ប្រកួត​សង​សឹក​មួយ នា​ថ្ងៃ​ទី ១៨ ខែ​ឧសភា នៅ​លើ​សង្វៀន Singapore Indoor Stadium។

កីឡាការិនី​សញ្ជាតិ​សិង្ហបុរី Lee វ័យ ២១ ឆ្នាំ ត្រូវបាន​ចាត់ទុកថា ជា​កីឡាការិនី​ម្នាក់​ក្នុង​ចំណោម​កីឡាការិនី​ដ៏​ឆ្នើម​បំផុត​របស់​អង្គភាព ONE Championship។

នាង​បានឈ្នះ​ខ្សែក្រវាត់​ពិភពលោក​របស់ ONE ក្នុង​ទម្ងន់ ៥២,២ គីឡូក្រាម​នេះ ក្រោយពី​បាន​យក​ឈ្នះ​លើ Mei Yamaguchi កាល​ពី​ឆ្នាំ ២០១៦ ហើយ​ចាប់​តាង​ពី​ពេល​នោះ​មក នាង​បាន​ការពារ​ខ្សែក្រវាត់​របស់​នាង ២ លើក​យ៉ាង​ជោគជ័យ។

កីឡាការិនី​រូបនេះ មានកំណត់​ត្រា​ប្រកួត​ក្នុង​អាជីព​ដ៏​គួរ​ឲ្យ​កត់សម្គាល់ ក្រោយ​ពី​ដណ្តើម​បាន​ជ័យជម្នះ ៨ លើក​ពី​ការ​ប្រកួត​ទាំង ៨ លើក​របស់​នាង ក្នុង​នោះ​ឈ្នះ​ដោយ​ប្រើ​ស្នៀត​ក្លេ​ឲ្យ​ដៃគូ​ចុះចាញ់​ចំនួន ៧ លើក។

ដោយឡែក Yamaguchi វ័យ ៣៧ ឆ្នាំ គឺជា​កីឡាការិនី​ជើងចាស់​ម្នាក់ ខណៈដែល​នាង​មាន​កំណត់​ត្រា​ឈ្នះ ១៧ លើក និង​ចាញ់ ១០ លើក​ពី​ការ​ប្រកួត​អាជីព​របស់​នាង ក្នុង​នោះ​ផ្តួល​ដៃគូ​ឲ្យ​សន្លប់ ២ លើក និង​ឈ្នះ​ដោយ​ស្នៀត​ក្លេ ៧ លើក។

ស្របពេល​ជាមួយគ្នានេះ Martin វ័យ ២៩ ឆ្នាំ ដែល​ជា​ម្ចាស់​ខ្សែក្រវាត់​ពិភពលោក​ក្នុង​ទម្ងន់ ៧០,៣ គីឡូក្រាម និង ៧៧,១ គីឡូក្រាម ក៏​នឹង​ត្រូវ​ការពារ​ខ្សែក្រវាត់​ក្នុង​ទម្ងន់ ៧០,៣ គីឡូក្រាម​របស់​ខ្លួន​នៅ​រាត្រី​នោះ​ផង​ដែរ នៅ​ពេល​ដែល​រូបគេ​ត្រូវ​ប៉ះ​ជាមួយ​នឹង​តារា​ឆ្នើម​ទើប​តែ​រះ​គឺ​កីឡាករ Christian Lee។

កីឡាករ​កូនកាត់​អូស្ត្រាលី-វៀតណាម​រូបនេះ មានកំណត់​ត្រា​ឈ្នះ ១០ លើក និង​ចាញ់ ២ លើក ខណៈ​ដែល​ការ​ប្រកួត​ចុង​ក្រោយ​របស់​គេ​បាន​បញ្ចប់​ដោយ​ការ​ចាញ់​ម្ចាស់​ខ្សែក្រវាត់​ពិភពលោក​ទម្ងន់ ៦៥,៨ Bibiano Fernandes ក្នុង​ទីក្រុង​បាងកក កាល​ពី​ចុង​ខែ​មីនា ឆ្នាំ​នេះ។

Christian “The Warrior” Lee វ័យ ១៩ ឆ្នាំ គឺជា​ប្អូនប្រុស​បង្កើត​ឲ្យ​ម្ចាស់​ខ្សែក្រវាត់​ទម្ងន់ ៥២,២ គីឡូក្រាម Angela Lee បាន​ចាប់​ផ្តើម​អាជីព​ក្នុង​យុទ្ធ​គុន​ចម្រុះ​យ៉ាង​ល្អ តាមរយៈ​ការ​ដណ្តើម​បាន​ជ័យជម្នះ ៥ លើក​ជាប់ៗ​គ្នា។

ដោយឡែក កីឡាករ​វ័យក្មេង​រូបនេះ មាន​ស្នៀត​ប្រកួត​ដ៏​គួរ​ឲ្យ​ទាក់ទាញ និង​ទើបតែ​បាន​ផ្តួល​កីឡាករ​ជើង​ចាស់​របស់​ជប៉ុន Kazunori Yokota ក្នុងការ​ប្រកួត​លើក​ចុង​ក្រោយ​របស់​គេ ដើម្បី​ធ្វើ​ឲ្យ​កំណត់ត្រា​ឈ្នះ​របស់​គេ​កើន​ដល់ ៩ លើក និង​ចាញ់​ត្រឹម​តែ ១ លើក​គត់។

ក្រៅពី​ការប្រកួត​ដណ្តើម​ខ្សែក្រវាត់​ដ៏​ទាក់ទាញ​ទាំង ២ គូ​នេះ​នៅ​មាន​ការ​ប្រកួត​ដ៏​រំភើប​ជាច្រើន​គូ​ទៀត ដើម្បី​បំពេញ​រាត្រី​ដ៏​កក្រើក​នៅ​លើ​ទឹកដី​សិង្ហបុរី៕
Via: PhnomPenh Post