លោក Mauricio Pochettino អ្នកចាត់ការទូទៅរបស់ក្រុម Tottenham Hotspur បានបញ្ជាក់ថា កីឡាកររបស់លោកត្រូវតែរក្សាភាពខ្លាំង ប្រសិនបើពួកគេចង់ឈ្នះពានក្របខ័ណ្ឌ Premier League ក្រោយពីបានផ្តួលក្រុម Cardiff City កាលពីថ្ងៃអង្គារ។

គ្រាប់បាល់ស៊ុតបញ្ចូលទីពីសំណាក់ Harry Kane, Christian Eriksen និងតារាឆ្នើមអន្តរជាតិកូរ៉េខាងត្បូង Son Heung-min នៅតង់ទី១ បានជួយឲ្យក្រុម Sprus ផ្តួលក្រុមរបស់វេលស៍ ក្នុងលទ្ធផល ៣-០ ដើម្បីឡើងទៅឈរពីលើក្រុម Manchester City ក្នុងចំណាត់ថ្នាក់លេខ២ជាបណ្តោះអាសន្ន និងដេញតាមពីក្រោយក្រុម Liverpool ចំនួន ៦ពិន្ទុ។ Man City នឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុម Liverpool នៅថ្ងៃព្រហស្បតិ៍ ប៉ុន្តែ លោក Pochettino ចង់ផ្តោតលើអ្វីដែលក្រុមរបស់លោកអាចធ្វើបានច្រើនជាង ដើម្បីឈ្នះពានក្របខ័ណ្ឌលីកជាលើកទី១ ចាប់តាំងពីឆ្នាំ១៩៦១។

លោកបានប្រាប់ទូរទស្សន៍ Sky Sports ថា៖ «ខ្ញុំមិនចង់មើលតារាងចំណាត់ថ្នាក់ឡើយ។ ពិតណាស់ យើងកំពុងតែស្ថិតក្នុងទីតាំងដ៏ល្អ។ យើងត្រូវតែរក្សាភាពរឹងមាំ។ អ្នកត្រូវតែមានភាពរឹងមាំ ក្នុងរដូវកាលទាំងមូលនេះ»។ លោក Pochettino ដែលនៅតែជាបេក្ខភាពឈានមុខគេក្នុងការទទួលបានការងារជាអចិន្ត្រៃយ៍នៅឯក្លិប Manchester United នោះ បានបញ្ជាក់ ការបង្ហាញពីទម្រង់លេងជាទូទៅរបស់លោក បានធ្វើឲ្យលោករីករាយ ក្រោយពីការចាញ់ក្នុងលទ្ធផល ៣-១ លើទឹកដីខ្លួនឯងក្រោមស្នាដៃក្រុម Wolverhampton Wanderers កាលពីថ្ងៃសៅរ៍។ គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនវ័យ៤៦ឆ្នាំរូបនេះបានឲ្យដឹងថា៖ «ខ្ញុំពិតជារីករាយណាស់។ រឿងដែលមួយដែលខ្ញុំត្រូវតែនិយាយគឺថា យើងមិនមានការសម្រាកនៅចន្លោះការប្រកួតផ្សេងៗ ហេតុនេះ កីឡាករពិតជាធ្វើបានល្អ»៕

ប្រភព៖ Channel News Asia