Mohamed Salah បានបំពេញថ្ងៃដ៏គួរឲ្យចងចាំមួយសម្រាប់កីឡាបាល់ទាត់អេហ្ស៊ីប តាមរយៈការការពារពានកីឡាករប្រចាំឆ្នាំរបស់អាហ្វ្រិកយ៉ាងជោគជ័យ ក្នុងប្រទេសសេណេហ្គាល់ កាលពីថ្ងៃអង្គារ។

ខ្សែប្រយុទ្ធដ៏ឆ្នើមរបស់ក្លិប Liverpool វ័យ២៦ឆ្នាំរូបនេះ បានបញ្ចប់ដោយឈរលេខ១ ខណៈដែលមិត្តរួមក្រុមក្លិបរបស់គេ Sadio Mane របស់សេណេហ្គាល់ និងខ្សែប្រយុទ្ធអន្តរជាតិហ្គាបុង Pierre-Emerick Aubameyang របស់ក្លិប Arsenal គឺជាបេក្ខភាពផ្សេងទៀតលើតារាងបញ្ជីចុងក្រោយ។ ក្រោយពីទទួលបានពានរបស់គេក្នុងទីក្រុង Dakar កីឡាករ Salah បាននិយាយថា៖ «ខ្ញុំមានក្តីសុបិនក្នុងការឈ្នះពានរង្វាន់នេះ ចាប់តាំងពីខ្ញុំស្ថិតក្នុងនាមជាកុមារម្នាក់ ហើយបច្ចុប្បន្នខ្ញុំបានឈ្នះ២លើកជាប់ៗគ្នា»។

ខ្សែប្រយុទ្ធរូបនេះបានបន្ថែមទៀតថា៖ «ខ្ញុំចង់ថ្លែងអំណរគុណដល់ក្រុមគ្រួសាររបស់ខ្ញុំ មិត្តរួមក្រុមរបស់ខ្ញុំ និងអ្នកគាំទ្ររបស់ខ្ញុំ ហើយខ្ញុំសូមឧទ្ធិសពាននេះទៅកាន់ប្រទេសរបស់ខ្ញុំ គឺអេហ្ស៊ីប»។ វាបានក្លាយជាលទ្ធផលមួយដូចកាលពីឆ្នាំមុនដែរ ដែលនៅពេលនោះ Salah បានក្លាយជាកីឡាករអេហ្ស៊ីបទី២ ក្រោយពីម្ចាស់ជយលាភី Mahmoud al Khatib ឆ្នាំ១៩៨៣ ដើម្បីជាប់ជាកីឡាករដ៏ឆ្នើមបំផុតនៅទ្វីបអាហ្វ្រិក។ ជាមួយគ្នានេះ អេហ្ស៊ីប បានផ្តួលគូប្រជែងតែមួយរបស់ខ្លួនគឺអាហ្វ្រិកខាងត្បូង ក្នុងសំឡេងគាំទ្រ ១៦-១ កាលពីថ្ងៃអង្គារ ក្នុងការបោះឆ្នោតគណៈកម្មាធិការប្រតិបត្តិរបស់សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាហ្វ្រិក ក្នុងទីក្រុង Dakar ដើម្បីកាត់សេចក្តីថា ប្រទេសមួយណាក្នុងការជំនួសកាមេរូន ក្នុងនាមជាម្ចាស់ផ្ទះ Cup of Nations ឆ្នាំ២០១៩៕

ប្រភព៖ Channel News Asia