ក្រុមម្ចាស់ផ្ទះអ៊េមីរ៉ាតអារ៉ាប់រួម បានស្ថិតកាន់តែកៀកក្នុងការឈ្នះកៅអីទៅវគ្គ ១៦ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ Asian Cup កាលពីថ្ងៃព្រហស្បតិ៍ ខណៈដែលលោកគ្រូបង្វឹក Bernd Stange បានជួបការខកចិត្តសម្រាប់ការរងបរាជ័យរបស់ក្រុមជម្រើសជាតិស៊ីរី ក្រោមស្នាដៃក្រុមជម្រើសជាតិហ្ស៊កដានី តាមរយៈការក្លាយជាអ្នកចាត់ការទូទៅទី២ដែលរងការបណ្តេញចេញក្នុងរយៈពេលត្រឹមតែ៦ថ្ងៃនៃយុទ្ធនាការនេះ។

ក្រុមជម្រើសជាតិអ៊េមីរ៉ាតអារ៉ាប់រួម បានសង្គ្រោះការចាប់ផ្តើមមិនបានល្អ ដើម្បីផ្តួលក្រុមជម្រើសជាតិឥណ្ឌាក្នុងលទ្ធផល ២-០ ប៉ុន្តែ វាបានក្លាយជារាត្រីដ៏សោកសៅសម្រាប់លោក Stange វ័យ៧០ឆ្នាំ ដែលបានឃើញក្រុមជម្រើសជាតិស៊ីរី ចាញ់ក្នុងលទ្ធផល ២-០ និងបានរងនូវការបណ្តេញចេញភ្លាមៗបន្ទាប់ពីការប្រកួតនោះ។ មុននឹងបន្ថែមថា អតីតគ្រូបង្វឹកនៃក្រុមជម្រើសជាតិលោក Fajr Ibrahim នឹងចូលដឹកនាំសម្រាប់ការប្រកួតចុងក្រោយនៃពូល B ជាមួយនឹងក្រុមជម្រើសជាតិអូស្ត្រាលី សហព័ន្ធកីឡាបាល់ទាត់ស៊ីរី បានឲ្យដឹងនៅលើបណ្តាញសង្គម Facebook របស់ខ្លួនថា៖ «សហព័ន្ធកីឡាបាល់ទាត់អារ៉ាប់ស៊ីរី បានសម្រេចចិត្តបណ្តេញលោក Bernd Stange ចេញពីតំណែងគ្រូបង្វឹក»។

លោក Stange បានរងការបណ្តេញចេញ ក្រោយពីលោកគ្រូបង្វឹកនៃក្រុមជម្រើសជាតិថៃលោក Milovan Rajevac ត្រូវបានបណ្តេញចេញ ក្រោយពីក្រុមជម្រើសជាតិថៃចាញ់ក្រុមជម្រើសជាតិឥណ្ឌា ក្នុងលទ្ធផល ៤-១។ ពួកគេបានធ្វើការស្រោចស្រង់វិញតាមរយៈការផ្តួលក្រុមជម្រើសជាតិបារ៉ែន ក្នុងលទ្ធផល ១-០ កាលពីថ្ងៃព្រហស្បតិ៍។ ប៉ុន្តែ ទោះបីជាយ៉ាងណា ជ័យជម្នះរបស់ក្រុមជម្រើសជាតិហ៊្សកដានី បានធ្វើឲ្យពួកគេក្លាយជាក្រុមដំបូងគេក្នុងការឈ្នះកៅអីទៅវគ្គ១៦ក្រុមចុងក្រោយ ក្រោយពីបានផ្តួលក្រុមម្ចាស់ការពារជើងឯកអូស្ត្រាលី កាលពីថ្ងៃបើកឆាក៕

អត្ថបទ៖ Cambosport
ប្រភព៖ Channel News Asia