គ្រាប់បាល់ស៊ុតបញ្ចូលទីយ៉ាងល្អនៅជិតបញ្ចប់ការប្រកួតរបស់កីឡាករ Tom Rogic បានកាត់សេចក្តីក្នុងការប្រកួតដ៏រំភើបនៃយុទ្ធនាការ Asian Cup កាលពីថ្ងៃអង្គារ ខណៈដែលក្រុមម្ចាស់ការពារតំណែងជើងឯកអូស្ត្រាលី បានផ្តួលក្រុមជម្រើសជាតិស៊ីរី ក្នុងលទ្ធផល ៣-២ ដើម្បីឈានទៅវគ្គ១៦ក្រុមចុងក្រោយ និងទម្លាក់ក្រុមដែលដាច់ដោយសង្គ្រាមមួយនេះ។

លទ្ធផលនេះមានន័យថា ក្រុមម្ចាស់ជើងឯកអូស្ត្រាលី បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២ ក្នុងពូល B បន្ទាប់ពីក្រុមជម្រើសជាតិហ្ស៊កដានី ដែលការបញ្ចប់ក្នុងលទ្ធផលស្មើ ០-០ របស់ពួកគេជាមួយនឹងក្រុមជម្រើសជាតិប៉ាឡេស្ទីន បានធ្វើឲ្យប៉ាឡេស្ទីន មានក្តីសង្ឃឹមក្នុងការឈានទៅវគ្គបន្ត ក្នុងនាមជាក្រុមមួយក្នុងចំណោមក្រុមឈរលេខ៣មានពិន្ទុខ្ពស់ជាងគេបំផុត។ ក្រុមជម្រើសជាតិស៊ីរី ដែលត្រូវបានគាំទ្រដោយអ្នកគាំទ្ររបស់ខ្លួនរាប់ពាន់នាក់ក្នុងទីក្រុង Al Ain នោះ បានធ្វើការវាយបកដេញតាមពីក្រោយ២លើក នៅមុនពេល Rogic បានរកគ្រាប់បាល់ឈ្នះនៅនាទីទី៣នៃនាទីបន្ថែម។

ក្រុមជម្រើសជាតិអូស្ត្រាលី ដែលមានកីឡាករបម្រុងត្រឹមតែ៦នាក់នោះ ត្រូវការត្រឹមតែស្មើប៉ុណ្ណោះដើម្បីឈានទៅវគ្គបន្ត ខណៈដែលពួកគេបានចាប់ផ្តើមប្រកួតក្នុងម៉ោងដំណាលគ្នា ដូចការជួបគ្នារវាងក្រុមហ្ស៊កដានី និងប៉ាឡេស្ទីន ដែរ។ លោក Graham Arnold គ្រូបង្វឹកនៃក្រុមជម្រើសជាតិអូស្ត្រាលី បានឲ្យដឹងថា៖ «វាគឺជាការប្រកួតដ៏ស្វិតស្វាញ។ នៅរាត្រីមួយផ្សេងទៀត យើងបានស៊ុតបាល់បញ្ចូលទីជាច្រើន ប៉ុន្តែ វាបានក្លាយជាដំណើរនៃការរៀនសូត្រដ៏ល្អសម្រាប់កីឡាករវ័យក្មេងរបស់យើង។ វាគឺជាការបង្ហាញពីទម្រង់លេងដ៏ល្អ ក្រោមការបង្ហាញពីការប្តេជ្ញាចិត្ត និងការលើកទឹកចិត្ត»៕

អត្ថបទ៖ Cambosport
ប្រភព៖ Channel News Asia