ក្រុម​ជម្រើសជាតិអាយុ​ក្រោម​២៣​ឆ្នាំ​របស់ វៀតណាម ថៃ និង ម៉ាឡេស៊ី បាន​ក្លាយ​ជា​បេក្ខភាពតែ​៣​ក្រុម​គត់ នៅក្នុង​តំបន់អាស៊ាន ដែល​បានឡើង​ទៅ​កាន់​ការ​ប្រកួត​វគ្គ​១៦​ក្រុម ឬ​ជុំ​ផ្តាច់​ព្រ័ត្រ នៃ​ពាន​រង្វាន់ AFC U23 Asian Cup Uzbekistan 2022 ប៉ុន្តែ​ក្រុមU23 កម្ពុជា បាន​ត្រឹម​សោក​ស្តាយ  ខណៈ​ពួកគេ បាន​ធ្លាក់​ចេញ​ពី​ក្រុមលេខ​២​ល្អ​ទាំង​៤ ដែល​ត្រូវបាន​យក​ទៅ​ប្រកួត​​នៅវគ្គ​បន្ត​ដែរ​នោះ។

តាម​រយៈការប្រកួតជម្រុះ​តាមពូល​ នៃ​ពាន​រង្វាន់ AFC U23 Asian Cup Uzbekistan 2022 នេះ​ក្រុម​ជម្រើសជាតិវៀតណាម​អាយុ​ក្រោម​២៣​ឆ្នាំ និង​ម៉ាឡេស៊ី សុទ្ធតែ​ដណ្តើម​បាន​លេខ​១ នៅតាមពូល​រៀងៗ​ខ្លួន សម្រាប់ការ​ទទួលបានឱកាស ឡើង​ទៅ​កាន់​ការ​ប្រកួតជុំ​ផ្តាច់​ព្រ័ត្រ នៅប្រទេស Uzbekistan ​នា​ឆ្នាំ​២០២២។

ក្រុម​U23វៀតណាម បាន​ឈ្នះ​ទាំង​២​ប្រកួត លើ​ក្រុមមីយ៉ាន់ម៉ា និង​ក្រុម Chinese Taipei ក្នុង​លទ្ធផល ១-០ ដូចគ្នា ដើម្បី​ទទួលបាន​លេខ​១ ប្រចាំពូល​I ចំណែកក្រុម​ជម្រើស​ជាតិ​​ម៉ាឡេស៊ី បានបញ្ចប់ការ​ប្រកួត​ទាំង​៣​លើក ជាមួយការ​ឈ្នះ​២ និង​ស្មើ ជាមួយ​ក្រុម​ថៃ ដើម្បី​ទទួលបាន​លេខ​១ ប្រចាំពូល​J។

យ៉ាង​ណាក៏​ដោយ ក្រុម​U23ថៃ បាន​ជាប់​ចំណាត់​ថ្នាក់​លេខ​១ នៅ​ក្នុង​ចំណោម​ក្រុម​លេខ​២​ល្អ ទាំង​១០​ក្រុម ចំណែក​ក្រុម​ Saudi Araboia ក្រុម​ Turkministan និង ក្រុម Tajikistan ក៏​បាន​ជាប់​ជា​ក្រុម​លេខ​២​ល្អ​ទាំង​៤ ដែល​ត្រូវ​បន្ត​ដំណើរ​ទៅកាន់​ការ​ប្រកួត​វគ្គ​១៦​ក្រុម​ចុង​ក្រោយ ផងដែរ។

ប៉ុន្តែ​ក្រុម​ជម្រើសជាតិកម្ពុជាអាយុក្រោម​២៣​ឆ្នាំ ព្រម​ទាំង​ក្រុមមីយ៉ានើម៉ា និង​សិង្ហបុរី សុទ្ធ​តែ​​មិនបាន​ជាប់ នៅ​ក្នុង​ចំណោម​ក្រុមលេខ​២​ល្អ ដោយក្រុមទាំង​៣​នេះ រួមជាមួយ​ក្រុម​លេខ​២ មកពី​ពូល​ចំនួន​៣​ទៀត សុទ្ធតែ​បាន​ធ្លាក់ចេញ​ពីការ​ប្រកួត​នេះដូច​គ្នា។

គួរ​បញ្ជាក់ថា សម្រាប់ការ​ប្រកួត​ជម្រុះ​តាម​ពូល​នេះ ក្រុមU23កម្ពុជា ដែល​ឈរ​នៅពូល​ K បាន​យក​ឈ្នះ​ក្រុមហុងកុង ៤-២ តែ​បានចាញ់​ក្រុម​ម្ចាស់​ផ្ទះជប៉ុន ៤-០ ដោយ​ឈរ​នៅចំណាត់​ថ្នាក់​លេខ​២ មាន​៣ពិន្ទុ​ ហើយបានជាប់ត្រឹមលេខ​​៧ ក្នុង​ចំណោម​ក្រោមលេខ​២​ មកពី​បណ្តា​ពូល​ទាំង​១០ បើ​ទោះបីជា កម្ពុជា មាន​​៣ពិន្ទុ​ស្មើ​ជាមួយ​ក្រុម​ Saudi Araboia ក្រុម​ Turkministan និង ក្រុម Tajikistan ​ក៏​ដោយ ព្រោះ​កម្ពុជា មាន​គ្រាប់បាល់ចំណេញ​តិចជាង (-២) ក្រុមទាំង​៣​នេះ រួមទាំង​ក្រុម​មីយ៉ាន់ម៉ា៕