Lionel Messi បានស៊ុតបាល់បញ្ចូលទីគ្រាប់បាល់ទី៤០០ ក្នុងក្របខ័ណ្ឌ La Liga កាលពីថ្ងៃអាទិត្យ ដែលគ្រាប់សរុបដែលគ្រូបង្វឹករបស់គេគឺលោក Ernesto Valverde បានចាត់ទុកថា «ជាចំនួនដ៏ច្រើន» ខណៈដែលក្រុម Barcelona បានផ្តួលក្រុម Eibar ដើម្បីដណ្តើមយកការនាំមុខ៥ពិន្ទុដាច់នៅលើកំពូលតារាង។

Messi បានស៊ុតបាល់ចូលជ្រុងម្ខាងនៃទី ក្រោយពីទទួលបានបាល់ពីការបញ្ជូនរបស់ខ្សែប្រយុទ្ធ Luis Suarez ដែលបានបន្ថែមគ្រាប់បាល់ ២គ្រាប់ទៀតទៅលើគ្រាប់បាល់សរុបរបស់គេ នៅចន្លោះគ្រាប់បាល់របស់តារាឆ្នើមអាហ្សង់ទីន ដែលបានបង្កើតកំណត់ត្រាមួយទៀតនៅកីឡដ្ឋាន Camp Nou។ ក្រោយពីក្រុមរបស់ខ្លួនដណ្តើមបានជ័យជម្នះ ៣-០ លោក Valverde បានឲ្យដឹងថា៖ «វាជាចំនួនដ៏ច្រើន។ វាពិតជាងាយស្រួលក្នុងការនិយាយ ប៉ុន្តែ អ្នកត្រូវតែរកគ្រាប់បាល់ម្តង១គ្រាប់។ វាជាការងារមានរយៈពេលវែង។ ចំនួនរបស់គេពិតជាអស្ចារ្យ និងមិនគួរឲ្យជឿ។ រូបគេមកពីពិភពផ្សេង»។

ជ័យជម្នះនេះ បានធ្វើឲ្យក្រុមរបស់លោក Valverde រក្សាការនាំមុខរបស់ខ្លួនលើក្រុម Atletico Madrid ដែលបានកាត់បន្ថយពិន្ទុដេញតាមពីក្រោយក្នុងរយៈពេលដ៏ខ្លី ក្រោយពីបានផ្តួលក្រុម Levante ក្នុងការប្រកួត១គូមុននេះ នៅថ្ងៃដដែលនោះ។ លោក Valverde បានបន្ថែមទៀតថា៖ «វានៅសល់ពេលជាច្រើនទៀត។ វាជាការនាំមុខដ៏រឹងមាំ ប៉ុន្តែ គ្មានអ្វីបញ្ចប់នៅឡើយទេ»។ Real Madrid ក៏បានទទួលជ័យជម្នះផងដែរ តាមរយៈការផ្តួលក្រុម Real Betis ដើម្បីធានាថា ក្រុមខ្លាំងទាំង៣របស់អេស្ប៉ាញ សុទ្ធសឹងដណ្តើមបានជ័យជម្នះនៅជុំតែមួយ ជាលើកទី៤នៅរដូវកាលនេះ។ Real នៅតែដេញតាមពីក្រោយក្រុម Barcelona ចំនួន១០ពិន្ទុ៕

អត្ថបទ៖ Cambosport
ប្រភព៖ worldsoccertalk