ក្រុមភ្នំពេញក្រោន នឹងត្រូវធ្វើការប្រកួតមិត្តភាពជាមួយក្រុមខ្លាំង Buriram United របស់លីកកំពូលរបស់ថៃ នៅរសៀលម៉ោង៤ ថ្ងៃព្រហស្បតិ៍នេះ ដើម្បីសម្លឹករកមើលកីឡាករមានគុណភាពលេងបានល្អ សម្រាប់ដាក់ជាជម្រើស ១១នាក់ដំបូង ត្រៀមការប្រកួតលីកកំពូលកម្ពុជា ឆ្នាំ២០១៩។

អតីតកីឡាករមានបទពិសោធប្រកួតនៅថៃ កែវ សុខង៉ន ដែលបច្ចុប្បន្ន ជាអ្នកការទូទៅក្រុមភ្នំពេញក្រោន បានប្រាប់ថា៖​ «តាមយៈការប្រកួត កន្លងមក យើងបានស្ទាបស្ទង់ឃើញចំណុចខ្វះខាត និងចន្លោះប្រហោងរបស់ក្រុម បានច្រើនហើយដែរ ចំណែកការជួបក្រុម Buriram លើកនេះ វារឹងតែល្អសម្រាប់ក្រុមយើង ក្នុងការមើលឃើញពីគុណភាពលេងរបស់យើង»។

កែវ សុខង៉ន បានបន្ថែមថា៖ «យើងដឹងហើយថា Buriram ជាក្រុមមួយមានមូលដ្ឋានរឹងមាំ និងមានទម្រង់លេងល្អ អ៊ីចឹងការប្រកួតនេះ វានឹងជួយឲ្យក្រុមយើងរៀបចំបានកាន់តែល្អ គឺយើងនឹងព្យាយាមរកឲ្យឃើញពីកីឡាករជម្រើស១១នាក់ដំបូង និងបានដឹងពីគុណភាពកីឡាករម្នាក់ៗ ថាគាត់លេង នៅទីតាំងណា ទើបបានល្អ និងមានគុណភាព»។

គួររំឭកថា នៅមុនការមកជួបក្រុម Buriram នេះ ភ្នំពេញក្រោន បានប្រកួត២លើកហើយ សម្រាប់ការទៅបោះជំរុំហ្វឹកហាត់ នៅប្រទេសថៃនេះ ដោយពួកគេបានចាញ់ Ratchasima FC ៤-០ព ក្នុងវគ្គជម្រុះ៨ក្រុមចុងក្រោយ ប៉ុន្តែភ្នំពេញក្រោន បានឈ្នះក្រុម Army Regional 2 ក្នុងលទ្ធផល ៣-២ សម្រាប់ការប្រកួតមិត្តភាព កាលពីថ្ងៃចន្ទ៕

អត្ថបទ៖ Cambosport