ក្រុមភ្នំពេញក្រោន បានបង្កើតឲ្យមាននូវរឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយ តាមរយៈការយកឈ្នះក្រុមខ្លាំងនៃលីកកំពូលរបស់ថៃ Buriram United ក្នុងលទ្ធផល ៤-១ នៅក្នុងការប្រកួតមិត្តភាព ដែលត្រូវបានធ្វើឡើងនៅខេត្ត Buriram ប្រទេសថៃ កាលពីល្ងាចថ្ងៃព្រសហ្បតិ៍ ម្សិលមិញ។

បើទោះបីជា នេះគ្រាន់តែជាការប្រកួតដកស្រងបច្ចេកទេសរបស់ក្រុមទាំង២ ដើម្បីរៀបចំក្រុមឲ្យបានកាន់តែប្រសើរ ត្រៀមលីកកំពូលកំពូល រដូវកាលឆ្នាំ២០១៩នេះ ប៉ុន្តែការយកឈ្នះក្រុម Buriram រហូតដល់ ៤-១ វាបានក្លាយជាលទ្ធផលដ៏ល្អបំផុត ចំពោះភ្នំពេញក្រោន ដែលធ្វើឲ្យអ្នកគាំទ្រមានការអបអរសាទរខ្លាំង ព្រោះក្លិបនៅកម្ពុជា មិនធ្លាប់មានប្រវត្តិយកឈ្នះក្រុមដែលមានមូលដ្ឋានរឹងមាំ និងមានទម្រង់លេងល្អដូចជា Buriram នេះពីមុនមកទេ។

នៅក្នុងការប្រកួតនេះ ក្រុម Buriram បានដាក់យុវជនភាគច្រើនឲ្យចូលរួមប្រកួត ហើយតាមរយៈការប្រកួតរយៈពេល៩០នាទី ដោយ១តង់មាន៤៥នាទីនោះ ភ្នំពេញក្រោន រកបាន៣គ្រាប់នៅតង់ទី២ បន្ថែមទៅលើការស្មើគ្នា ១-១ នៅតង់ទី១ ដើម្បីយកឈ្នះ Buriram ៤-១ ក្នុងនោះខ្សែប្រយុទ្ធពាក់លេខ៩ Darlan Martins រកបាន២គ្រាប់តែម្នាក់ឯង ហើយ Jhonata Sant’anna និងកីឡាករ យឿ មូស្លីម រកបានម្នាក់១គ្រាប់។

នេះជាជ័យជម្នះលើកទី២ បន្ថែមទៅលើការឈ្នះ Army Regional 2 ក្នុងលទ្ធផល ៣-២ នៅក្នុងការប្រកួតមិត្តភាពរបស់ក្រុមភ្នំពេញក្រោន សម្រាប់ការបោះជំរុំហ្វឹកហាត់នៅលើទឹកដីថៃនេះ គឺបន្ទាប់ពីពួកគេបានចាញ់ក្រុម Ratchasima FC ៤-០ នៅក្នុងការប្រកួតពាន Leo Pre-Season Cup 2019។

បើតាមអតីតកីឡាករមានបទពិសោធប្រកួតនៅថៃ កែវ សុខង៉ន ដែលបច្ចុប្បន្ន ជាអ្នកការទូទៅក្រុមភ្នំពេញក្រោន បានឲ្យដឹងថា បន្ទាប់ពីការប្រកួតជាមួយក្រុម Buriram នេះ ក្រុមភ្នំពេញក្រោន នឹងត្រូវធ្វើដំណើរមកកាន់ទីក្រុងបាងកកវិញ ដើម្បីធ្វើការប្រកួតមិត្តភាពជាបន្តទៀត ហើយក្រុមដែលភ្នំពេញក្រោន នឹងត្រូវជួបជាបន្តទៀតអាចជាក្រុមខ្លាំង Muangthong United៕

អត្ថបទ៖ Cambosport