ខ្សែប្រយុទ្ធ Alvaro Morata របស់ក្លិប Chelsea ហាក់ស្ថិតយ៉ាងប្រកៀកក្នុងការបំពេញការផ្ទេរមួយទៅកាន់ក្លិប Atletico Madrid ក្រោយពីតារាឆ្នើមរូបនេះបានឆ្លងកាត់ការត្រួតពិនិត្យសុខភាពជាមួយនឹងក្លិបរបស់អេស្ប៉ាញមួយនេះ កាលពីថ្ងៃអាទិត្យ។

Morata ត្រូវបានគេឃើញបានដើរចេញពីឃ្លីនីកសុខាភិបាលរបស់ក្លិប Atletico កាលពីព្រឹកថ្ងៃអាទិត្យ ខណៈដែលខ្សែប្រយុទ្ធវ័យ២៦ឆ្នាំរូបនេះ បានលើកមេដៃ និងប្រាប់អ្នកយកព័ត៌មានថា «រាល់អ្វីៗទាំងអស់ដំណើរការយ៉ាងល្អ»។ Atletico មិនបានចេញនូវសេចក្តីថ្លែងការណ៍ជាផ្លូវការមួយឡើយ ប៉ុន្តែ Morata បាននិយាយជាមួយនឹងអ្នកយកព័ត៌មាននៅឯអាកាសយានដ្ឋាន Barajas ក្នុងទីក្រុងម៉ាឌ្រីដ ក្រោយពីបានធ្វើដំណើរទៅដល់កាលពីព្រឹកថ្ងៃអាទិត្យ។

កីឡាកររូបនេះបានឲ្យដឹងថា៖ «ខ្ញុំពិតជារីករាយណាស់ ខ្ញុំបានរង់ចាំអស់រយៈពេលជាច្រើនថ្ងៃមកហើយ។ ខ្ញុំកំពុងតែសម្លឹងឆ្ពោះទៅកាន់រាល់អ្វីៗដែលខិតកាន់តែកៀក ហេតុនេះ ខ្ញុំអាចចាប់ផ្តើមហ្វឹកហាត់ជាមួយនឹងមិត្តរួមក្រុមរបស់ខ្ញុំ»។ Morata បានចំណាយពេល២ឆ្នាំក្នុងក្រុមយុវជនរបស់ Atletico ប៉ុន្តែ ក្រោយមកបានចូលរួមជាមួយនឹងក្លិបស្ថិតក្នុងទីក្រុងតែមួយ Real Madrid ក្នុងឆ្នាំ២០០៨ មុននឹងជួបពេលវេលាដ៏រីករាយចំនួន២លើកជាមួយនឹងក្លិបនេះ នៅចន្លោះពេលនៃការផ្ទេរទៅកាន់ក្លិប Juventus។ អ្នកគាំទ្រមួយចំនួនរបស់ Atletico មិនបានបំភ្លេចពីការផ្ទេររបស់ Morata ទៅកាន់ Real ឡើយ ខណៈដែលអ្នកគាំទ្រខ្លះ បានស្រែកច្រៀងប្រឆាំងនឹងការទៅដល់របស់គេ អំឡុងពេលក្រុមខ្លួនយកឈ្នះលើក្រុម Getafe កាលពីថ្ងៃសៅរ៍៕

អត្ថបទ៖ Cambosport
ប្រភព៖ Channel News Asia