បេសកកម្មក្នុងក្របខ័ណ្ឌ Champions League របស់ខ្សែប្រយុទ្ធ Cristiano Ronaldo ជាមួយនឹងក្រុម Juventus បានធ្លាក់ចូលក្នុងភាពខកចិត្តកាលពីថ្ងៃពុធ ខណៈដែលក្រុម Atletico Madrid បានកត់ត្រាជ័យជម្នះក្នុងលទ្ធផល ២-០ ពីការប្រកួតជើងទី ១នៃវគ្គ ១៦ក្រុមចុងក្រោយ នាកីឡដ្ឋាន Wanda Metropolitano។ Ronaldo បានវិលទៅកាន់រដ្ឋធានីអេស្ប៉ាញវិញ ក្រោយពីរូបគេបានទទួលភាពជោគជ័យមិនធ្លាប់មានពីមុនមកក្នុងយុទ្ធនាការនេះ ជាមួយនឹងក្រុម Real ប៉ុន្តែ គូប្រកួតរបស់ពួកគេគឺជាក្រុមដែលត្រូវអបអរ នៅពេលបញ្ចប់ការប្រកួត ខណៈដែលគ្រាប់បាល់ស៊ុតបញ្ចូលទីពីសំណាក់កីឡាករ Jose Gimenez និង Diego Godin បានជួយឲ្យក្រុម Atletico ស្ថិតលើផ្លូវឆ្ពោះទៅកាន់វគ្គបន្ត។

លោក Diego Simeone គ្រូបង្វឹករបស់ក្រុម Atletico បានឲ្យដឹងថា៖ «យើងមិនទាន់ឈានទៅវគ្គបន្តនៅឡើយទេ។ នៅមានការប្រកួត ១លើកទៀតដែលត្រូវលេង ហើយយើងដឹងថា យើងនឹងត្រូវតែជួបបញ្ហា»។

លោក Massimiliano Allegri គ្រូបង្វឹករបស់ក្រុម Juventus បានឲ្យដឹងថា៖ «ជាកុសល យើងមិនបានរបូតគ្រាប់បាល់ទី៣ ឡើយ ព្រោះការចាញ់ ២-០ គឺជាលទ្ធផលមួយដែលអាចស្រោចស្រង់បាន។ យើងមិនទាន់ធ្លាក់ចេញនៅឡើយទេ»។

ប៉ុន្តែ នេះគឺជាជ័យជម្នះនេះ ដែលក្រុមរបស់លោក Simeone ពិតជាស័ក្តិសមក្នុងការទទួលបាន។ ខ្សែប្រយុទ្ធ Antoine Griezmann បានស៊ុតបាល់ប៉ះទៅនឹងរបារទី ស្របពេលដែលប្រព័ន្ធវីដេអូជំនួយការអាជ្ញាកណ្តាល បានធ្វើអន្តរាគមន៍ ២លើក ដើម្បីផ្តល់ការមានប្រៀបដល់ក្រុម Juvenuts ក្រោយពីបានលុបចោលបាល់ប៉េណាល់ទី ១គ្រាប់សម្រាប់ការប្រព្រឹត្តកំហុសទៅលើខ្សែប្រយុទ្ធ Diego Costa ហើយបន្ទាប់មក លុបចោលគ្រាប់បាល់តែតបញ្ចូលទីរបស់ Alvaro Morata នៅមុនពេល Gimenez បានរកគ្រាប់បាល់បញ្ចូលទី៕

អត្ថបទ៖ Cambosport
ប្រភព៖ Channel News Asia