ខ្សែការពាររបស់ក្រុមព្រះខ័នរាជស្វាយរៀង សឿយ វិសាល ដែលជាប្រធានក្រុម Cambodia All Stars បានធ្វើការប្តេជ្ញាចិត្តខ្ពស់ថា នឹងខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីទទួលបានលទ្ធផលល្អជូនជាតិ ពេលក្រុមមួយនេះ ត្រូវប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុមខ្លាំង SCG Muangthong United នៅពហុកីឡដ្ឋានជាតិ នាល្ងាចថ្ងៃទី៩ ខែកុម្ភៈ ខាងមុខនេះ។

សឿយ វិសាល បាននិយាយថា៖ «ខ្ញុំបានចាត់ទុកការប្រកួតនេះ ដូចជាការប្រកួតដណ្តើមពានអ៊ីចឹងដែរ ហេតុនេះយើងនឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីទទួលបានលទ្ធផលល្អប្រសើរមួយជូនប្រទេសជាតិ និងអ្នកគាំទ្ររបស់កម្ពុជាយើង ហើយយើងនឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីកាត់បន្ថយការរកគ្រប់បាល់របស់ក្រុម SCG Muangthong United»។

ការលើកឡើងរបស់ សឿយ វិសាល ត្រូវបានធ្វើឡើង នៅក្នុងសន្និសីទកាសែត ស្តីពីការប្រកួតមិត្តភាពអន្តរជាតិនេះ នៅសណ្ឋាគារសូហ្វីតែល កាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះ ហើយការជំនួបលើកនេះ វាបានក្លាយជាការប្រកួតលើកទី៣របស់ក្រុមទាំង២ ខណៈការជួបគ្នាលើកទី១ កាលពីឆ្នាំ២០១៦ ក្រុម Cambodia All Stars បានយកឈ្នះក្រុម SCG Muangthong United ៤-៣ តែការជួបគ្នាលើកទី២ កាលឆ្នាំ២០១៧ ក្រុម SCG Muangthong United បានលត់ក្រុម Cambodia All Stars រហូតដល់ ៤-០។

ជាមួយគ្នានេះដែរកីឡាករដ៏ឆ្នើមរបស់ក្រុម SCG Muangthong United ឈ្មោះ Lee Ho បានសម្តែងការសប្បាយរីករាយ សម្រាប់ការវិលមកជួបក្រុម Cambodia All Stars ជាលើកទី៣នេះ។ Lee Ho បាននិយាយថា៖ «ខ្ញុំពិតជាមានអារម្មណ៍រំភើប ដែលក្រុមរបស់យើង មកវិលមកជួបក្រុម Cambodia All Stars ជាថ្មីម្តងទៀត»។

កីឡាករដដែលនេះបានបន្ថែមថា៖​ «ខ្ញុំសង្ឃឹមថា គ្រប់គ្នា ដែលបានចូលរួមនៅក្នុងការប្រកួតនេះ និងអាចរៀនសូត្រពីគ្នា ហើយយើងសង្ឃឹមថា ការប្រកួតនេះ នឹងល្អមើល ព្រោះក្រុម Cambodia All Stars មានកីឡាករកំពូលៗជាច្រើនមកពីលើកកំពូលកម្ពុជា ដែលនឹងត្រូវដាក់ឲ្យប្រកួតជាមួយក្រុមរបស់យើង»៕

អត្ថបទ៖ Cambosport