គ្រូបង្វឹកក្រុម Cambodia All Stars បានចាត់ទុកការយកឈ្នះក្រុមខ្លាំងមកពីលីកកំពូលថៃ Muangthong United ២-១ សម្រាប់ការប្រកួតមិត្តភាពអន្តរជាតិ កាលពីយប់ថ្ងៃសៅរ៍ ថា ជ័យជម្នះ ដែលអាចទាក់ទាញចំណាប់អារម្មណ៍របស់អ្នកស្នេហាវិស័យកីឡាបាល់ទាត់កម្ពុជា ឲ្យងាកមកគាំទ្រការប្រកួតលីកកំពូលកម្ពុជា រដូវកាលឆ្នាំ២០១៩ ដែលនឹងចាប់ផ្តើម នៅថ្ងៃទី១៦ ខែមីនា ខាងមុខនេះ។

លោក ភា សុភ័ក្ត្រា បានប្រាប់ថា លោកបានទទួលសម្ពាធខ្លាំង ចំពោះការចូលមកដឹកនាំក្រុម Cambodia All Stars ព្រោះបើសិនជា លោកដឹកនាំក្រុមនេះចាញ់ Muangthong គឺអ្នកគាំទ្រ នឹងកាន់តែលែងសូវចាប់អារម្មណ៍ទៅដល់ការប្រកួតលីកកំពូលកម្ពុជា នារដូវកាលឆ្នាំ២០១៩នេះ។

គ្រូបង្វឹកទើបលាឈប់ពីក្រុមក្រសួងការពារជាតិរូបនេះ លោកនិយាយថា៖ «ខ្ញុំនឹងមានសម្ពាធខ្លាំង បើសិនជាការប្រកួតនេះ អ្នកគាំទ្រទទួលបានការខកចិត្តខ្លាំងទៅនឹងលទ្ធផល ដែលពិតណាស់ថា វាអាចនឹងជះឥទ្ធិពលទៅដល់លីកកំពូលយើង អ៊ីចឹងខ្ញុំបានជំរុញផ្លូវចិត្តកីឡាករយ៉ាងខ្លាំងតែម្តង សម្រាប់ការប្រឹងប្រែងយកឈ្នះលើ Muangthong លើកនេះ ពីព្រោះវាជាឱកាសមួយ ក្នុងការទាក់ទាញទៅដល់អ្នកគាំទ្ររបស់យើង»។

លោក សុភ័ក្ត្រា បានអះអាងថា កីឡាកររបស់ក្រុម Cambodia All Stars ទាំងអស់ បានប្រឹងប្រែងខ្លាំងបំផុត គឺបានខំប្រឹងលេងតាំងពីចាប់ផ្តើម រហូតដល់ចប់ការប្រកួតតែម្តង ទើបយើងអាចយកឈ្នះលើ Muangthong លើកនេះ បើទោះបីជា Muangthong បានលេងការពារអស់ពីចិត្តរហូតដល់១០០ភាគរយក៏ដោយ។

គ្រូបង្វឹកវ័យក្មេងរូបនេះ បានបញ្ជាក់ថា៖ «កីឡាករទាំងអស់ សុទ្ធតែបានជ្រើសរើសចេញពីលីកកំពូលកម្ពុជា ហើយគ្មានកីឡាករណាម្នាក់ បានទម្លាក់ការប្រឹងប្រែងរបស់ពួកគាត់នោះទេ គឺការប្រឹងប្រែងរបស់គាត់ខ្ពស់ណាស់ អ៊ីចឹងលទ្ធផលឈ្នះលើកនេះ ខ្ញុំគិតថា នឹងធ្វើឲ្យអ្នកគាំទ្រប្តូរចិត្តគំនិត ហើយមានការចាប់អារម្មណ៍ ក្នុងការវិលមកគាំទ្រដល់ការប្រកួតលីកកំពូលរបស់យើងវិញ»។

តាមរយៈការប្រកួត នៅពហុកីឡដ្ឋានជាតិ កាលពីយប់ថ្ងៃសៅរ៍នោះ ក្រុម Cambodia All Stars បានបង្ហាញការលេងយ៉ាងល្អ នៅក្នុងតង់ទី១ ហើយភាពសប្បាយរីករាយ ក៏បានកើតមានឡើង នៅពេល គួច សុកុម្ភៈ បានលើកបាល់រំលង់ខ្សែការពារក្រុម Muangthong ដើម្បីឲ្យខ្សែប្រយុទ្ធ Privat លោតតែតបាល់នោះបញ្ចូលទីយ៉ាងល្អ នៅក្នុងនាទីទី២២នោះ។

បន្ថែមទៅលើភាពរីករាយនេះ Privat ដដែល កាន់តែដាក់សម្ពាធទៅលើតំបន់ការពារក្រុម Muangthong ខណៈរូបគេបានបង្ហាញពីបច្ចេកទេសអូសបាល់រំលងខ្សែការពាររបស់ Muangthong ២ទៅ៣នាក់នោះ រួចគេបានបញ្ជូនបាល់នោះទៅឲ្យ ឈិន ឈឿន ស៊ុតជើងឆ្វេងបញ្ជូលទីយ៉ាងល្អ នៅនាទីទី៣៧ គឺមុនពេលខ្សែប្រយុទ្ធប្រេស៊ីល Heberty ទាត់បាល់ហ្វ្រីឃីកបញ្ជូលទីយ៉ាងស្អាតឲ្យ Muangthong បាន១គ្រាប់ នៅនាទីទី៧៥។ ជ័យជម្នះ ២-១ នេះបានជួយឲ្យក្រុម Cambodia All Stars លើកពានមិត្តភាពអន្តរជាតិនេះ យ៉ាងសប្បាយរីករាយ៕

កែសម្រួលដោយ៖ Cambosport