កំពូលខ្សែប្រយុទ្ធ Lionel Messi បានស៊ុតបាល់បញ្ចូលទីបាល់ប៉េណាំងទី ១គ្រាប់នៅនាទីទី៤៣ មុនបញ្ចប់តង់ទី១ ប៉ុន្តែខកខានសម្រាប់បាល់ពិន័យ ១១ម៉ែត្រផ្សេងទៀត ខណៈក្រុមម្ចាស់ផ្ទះ Barcelona បានផ្តួលក្រុមភ្ញៀវ Real Valladolid ក្នុងការប្រកួតក្របខណ្ឌ La liga កាលពីថ្ងៃសៅរ៏ ទី១៦ កុម្ភៈ ២០១៩ ក្នុងលទ្ធផល 1-0។ វាជាការបង្កើនគម្លាត ៧ពិន្ទុពីក្រុមលេខ២ At.Madrid ដែលផ្តួលក្រុម Rayo Vallecano ១:0 ខណៈក្រុមអធិរាជស Real Madrid ធ្លាក់មកចំណាត់ថ្នាក់លេខ៣ វិញ ក្រោយខកចិត្តរងបរាជ័យចាញ់ក្រុម Girona ក្នុងលទ្ធផល ២:១ កាលពីថ្ងៃអាទិត្យម្សិលមិញ។

Messi បានស៊ុតបាល់បញ្ចូលទីគ្រាប់ទី៣០ សម្រាប់រដូវកាល២០១៨-២០១៩ បន្ទាប់ពីកីឡាករក្រុម Valladolid បង្កកំហុសលើខ្សែការពារ Pique នៅតំបន់គ្រោះថ្នាក់ ក្រោយមកទៀតក្រុម Barcelona បានទទួលនៅបាល់ពិន័យ ១១ម៉ែត្រជាលើកទី២ នៅពេលដែលកីឡាករ Philippe Coutinho ត្រូវបានកីឡាករ Kiko Olivas ធ្វើអោយដួលក្នុងតំបន់គ្រោះថ្នាក់ដដែល ប៉ុន្តែទីបំផុតកីឡាករ Jordi Masip បានជួយសង្ក្រោះការស៊ុតបាល់ពិន័យ ១១ម៉ែត្រនេះ ពីកីឡាករ Messi បានសម្រេចដូចដែលរូបគេធ្លាប់បានសង្គ្រោះពីការស៊ុតរបស់ Luis Suarez ដូច្នេះដែរ។ ខណៈការប្រកួតនេះបញ្ចប់ទៅក្នុងលទ្ធផល ១-០។

ចំណែក Real Madrid បានខកខានឱកាសក្នុងការឡើងទៅឈរនៅលំដាប់ទី២ ក្នុងក្របខ័ណ្ឌ La Liga ខណៈដែល Girona បានវាយបកតាមពីក្រោយដើម្បីផ្តួលម្ចាស់ផ្ទះគួរអោយភ្ញាក់ផ្អើល។Casemiro បានជួយអោយក្រុមម្ចាស់ផ្ទះនាំមុខយ៉ាងល្អក្រោយការបញ្ជូនបាល់ពីជ្រុងខាងស្តាំរបស់ Toni Kroos ដើម្បីជួយឱ្យក្រុមម្ចាស់ផ្ទះនាំមុខមុននៅតង់ទី១។

ការទាត់បាល់ប៉េណាល់ទីរបស់ Cristhian Stuani នៅនាទីទី៦៥ បានធ្វើឱ្យក្រុម Girona តាមស្មើ១-១ បន្ទាប់ពីកីឡាករធ្វើអោយបាល់ប៉ះដៃ Sergio Ramos។កីឡាករ Portu របស់ Girona ដដែល បានរកគ្រាប់បាល់ដោយការតែតបញ្ចូលទីគ្រាប់ជ័យជំនះនៅនាទីទី៧៥ បន្ទាប់ពី Anthony Lozano ស៊ុតបាល់ពីចំងាយ ប៉ុន្តែត្រូវអ្នកចាំទី Courtois ជួយសង្គ្រោះមិនបានល្អ។

អ្វីគួរកត់សម្គាល់ក្នុងការប្រកួតនេះគឺខ្សែការពារកណ្តាល Sergio Ramos ត្រូវបានបណ្តេញចេញក្នុងម៉ោងបន្ថែមក្រោយទទួលកាតលឿងជាលើកទី២ ក្រោយបង្កកំហុសទាត់លើផ្ទៃមុខកីឡាករ Pedro Alcala របស់ Girona ដោយអចេតនា។ បញ្ចប់ការប្រកួត Real Madrid ១:២ Girona។

វាជាកាតក្រហមលើកទី១៩ នៃអាជីពរបស់កីឡាករ Ramos និងច្រើនបំផុតក្នុងក្របខ័ណ្ឌ La Liga ហើយគឺជាពេលវេលាដ៏ចម្រូងចម្រាសមួយទៀតសម្រាប់ប្រធានក្រុម Real ដែលនឹងត្រូវប្រឈមមុខនឹងការស៊ើបអង្កេតរបស់ UEFA លើករណីពោលពាក្យសម្តីរិះគន់លើការប្រកួតក្នុងបណ្តាញសង្គមក្រោយពេលទទួលជ័យជម្នះ ២-១ កាលពីថ្ងៃពុធលើក្រុម Ajax នៅក្នុងការប្រកួតជើងទីមួយនៃក្របខ័ណ្ឌ Champions League វគ្គ ១៦ក្រុមចុងក្រោយរបស់ពួកគេ។

អត្ថបទ៖ Cambosport
ប្រភព៖ BBC