គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ២២ឆ្នាំ លោក Felix Dalmas បានបង្ហាញពីមោទនភាព ទៅលើការខិតខំប្រឹងប្រែងកូនក្រុមរបស់លោកថា បានប្រឹងប្រែងអស់ពីសមត្ថភាព ជាមួយនឹងការលេងដ៏រីកចម្រើន បើទោះបីជាក្រុមម្ចាស់ផ្ទះកម្ពុជា មិនអាចយកឈ្នះក្រុម U22 ថៃ ដើម្បីឡើងទៅវគ្គផ្តាច់ព្រ័ត្រ ក្នុងការប្រកួតពានរង្វាន់ AFF U22 LG Cup 2019 ក៏ដោយ។

លោក Felix Dalmas បាននិយាយក្រោយការប្រកួតថា៖ «ខ្ញុំពិតជាមានមោទនភាពសម្រាប់កូនក្រុមរបស់ខ្ញុំ ពួកយើងបានប្រឹងប្រែងអស់ពីសមត្ថភាពនៅថ្ងៃនេះ ហើយសូមប្រឹងប្រែងបន្ថែមទៀត ដើម្បីប្រជាជនកម្ពុជាទាំងមូល»។

សម្រាប់ការប្រកួតនៅពហុកីឡដ្ឋានជាតិ កាលពីយប់ថ្ងៃអាទិត្យ ម្សិលមិញនោះ ក្រុម U22 កម្ពុជា បានបង្ហាញទម្រង់លេងយ៉ាងល្អ ក្នុងការប្រកួតប្រជែងជាមួយក្រុមជម្រើសជាតិថៃ។ ក្រុមទាំង២ បានធ្វើការវាយបកគ្នាទៅវិញទៅមក ដ៏គួរឲ្យចាប់អារម្មណ៍បំផុត និងមានបង្កើតឱកាសនៅមុខទីដូចគ្នា។

យ៉ាងណាក៏ដោយ ទាំងក្រុមកម្ពុជា និងថៃ សុទ្ធតែរកមិនបានគ្រាប់បាល់ បើទោះបីជាការប្រកួតនាទីបន្ថែម ១៥នាទី ២ដង បានបញ្ចប់ទៅហើយក្តី។ ប៉ុន្តែការខកចិត្តបានកើតឡើងចំពោះក្រុមកម្ពុជា នៅក្នុងការទាត់បាល់ប៉េណាល់ទីកាត់សេចក្តី ដោយកម្ពុជាបានចាញ់ថៃ ៥-៣ ខណៈកីឡាករ ស៊ិន កក្កដា បានទាត់គ្រាប់បាល់ទី២ ទៅប៉ះរបាទីខាងលើ ដ៏គួរឲ្យសោកស្តាយបំផុតនោះ។

យ៉ាងណាក៏ដោយ ជាមួយការចាញ់ក្រុមថៃ ៥-៣ ដោយការទាត់បាល់ប៉េណាល់ទីនេះ លោក Felix Dalmas បានថ្លែងថា៖ «សូមបងប្អូនទាំងអស់ កុំផ្តោតទៅលើលទ្ធផលតែម្យ៉ាង អ្វីដែលសំខាន់ គួរតែផ្តោតទៅលើការរីកចម្រើន និងការអភិវឌ្ឍរបស់ក្រុមយើងទាំងមូល»។

សម្រាប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កាលពីថ្ងៃអាទិត្យនោះដែរ ក្រុម U22 ឥណ្ឌូនេស៊ី បានយកឈ្នះក្រុម U22 វៀតណាម ក្នុងលទ្ធផល ១-០ ហើយគ្រាប់បាល់ជ័យជម្នះនេះរកបានដោយខ្សែប្រយុទ្ធ Luthfi នៅនាទីទី៧០។ យើងតាមលទ្ធផលនេះ ឥណ្ឌូនេស៊ី ត្រូវជួបថៃ នៅវគ្គផ្តាច់ព្រ័ត្រ ថ្ងៃអង្គារស្អែកនេះ ឯក្រុមម្ចាស់ផ្ទះកម្ពុជា ត្រូវប្រកួតដណ្តើមយកលេខ៣ និងលេខ៤ជាមួយក្រុមវៀតណាម៕

អត្ថបទ៖ Cambosport