បើទោះបីជាលទ្ធផលចាញ់ក្រុមជម្រើសជាតិមីយ៉ាន់ម៉ា ២-១ សម្រាប់ការប្រកួតជម្រុះប្រចាំពូលA ក្នុងយុទ្ធនាការស៊ីហ្គេម នៅប្រទេសហ្វីលីពីន កាលពីយប់មិញ វាបានក្លាយជាលទ្ធផលដ៏គួរឲ្យខកចិត្តរបស់ក្រុមជម្រើសជាតិកម្ពុជា ប៉ុន្តែលោក Felix Dalmas ដែលជាគ្រូបង្វឹក នៅតែមានសង្ឃឹមខ្ពស់ថា ពួកគេអាចនឹងរកឱកាសបានឡើងទៅវគ្គបន្ត ដើម្បីអាចជួបក្រុមមីយ៉ាន់ម៉ា ម្តងទៀត នៅវគ្គផ្តាច់ព្រ័ត្រ។

លោក Felix Dalmas បាននិយាយក្នុងសន្និសីទកាសែត ក្រោយការប្រកួតថា៖«ខ្ញុំដឹងថា លទ្ធផលនេះ មិនមែនជាអ្វីដែលក្រុមយើង និងអ្នកគាំទ្រចង់បាន ប៉ុន្តែសូមបន្តលើកទឹកចិត្តដល់កីឡាករ ព្រោះពួកគេពិតជាបានខំប្រឹងប្រែងយ៉ាងខ្លាំងសម្រាប់ការប្រកួតនេះ ក៏ដូចជាការប្រកួតផ្សេងៗដែរ»។

គ្រូបង្វឹកជនជាតិអាហ្សង់ទីនរូបនេះ បានបន្ថែមថា៖«យើងសូមចូលរួមអបអរដល់ក្រុមមីយ៉ាន់ម៉ា ដែលទទួលបានជ័យជម្នះ។ ពួកគេមានគ្រូបង្វឹកល្អ និងកីឡាករល្អ ប៉ុន្តែយើងនៅសល់មួយប្រកួតទៀត ដូច្នេះសង្ឃឹមថា យើងនឹងជួបគ្នាម្តងទៀត នៅវគ្គផ្តាច់ព្រ័ត្រ»។

សម្រាប់ការប្រកួតលើទីលានមានដក់ទឹកភ្លៀងតិចៗ នៅឯពហុកីឡដ្ឋាន Binan Football ប្រទេសហ្វីលីពីន កាលពីយប់ថ្ងៃចន្ទនោះ ខ្សែប្រយុទ្ធ ស៊ិន សុផាណាត់ បានរកបានគ្រាប់បាល់នាំឲ្យកម្ពុជា បានមុន នៅនាទីទី២១ ប៉ុន្តែកីឡាករ Lwin Moe Aung បានស៊ុតបញ្ចូលទី ជួយឲ្យមីយ៉ាន់ម៉ា តាមស្មើ ១-១ នៅនាទីទី២៧ ហើយកីឡាករ Aung Kaung Mann ជាអ្នករកឃើញគ្រាប់បាល់ជ័យជម្នះដ៏រំភើបបំផុតឲ្យមីយ៉ាន់ម៉ា នៅនាទីទី៨៦។

ជាមួយការដណ្តើមបាន៣ពិន្ទុនេះ បានជួយឲ្យក្រុមមីយ៉ាន់ម៉ា បានបញ្ចប់ការប្រកួតទាំង៤លើក ជាមួយការឈ្នះ៣ ស្មើ១ប្រកួត មាន១០ពិន្ទុ និងបានឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងនាមជាក្រុមលេខ១ ប្រចាំពូលAនេះ។

លោក Velizar Popov គ្រូបង្វឹកក្រុមមីយ៉ាន់ម៉ា មានការរំភើបយ៉ាងខ្លាំង ចំពោះការយកឈ្នះក្រុមកម្ពុជា។ លោកបាននិយាយថា៖«ខ្ញុំមានមោទនភាពចំពោះកីឡាករខ្ញុំ និងការប្រឹងប្រែងរបស់ពួកគេ ព្រោះការប្រកួតនេះ មានភាពតានតឹងណាស់។ កម្ពុជា គឺជាក្រុមល្អមួយ ដោយពួកគេលេងបាល់បានល្អ និងមានគ្រូល្អ ហើយខ្ញុំពិតជាចូលចិត្តគ្រូបង្វឹក និងទម្រង់លេងរបស់កម្ពុជា»។

ផ្ទុយពីនេះ ការចាញ់នៅចុងម៉ោងនេះ ធ្វើឲ្យក្រុមកម្ពុជា មានសម្ពាធកាន់តែខ្លាំង ចំពោះការស្វែងរកឱកាសឡើងទៅវគ្គបន្ត ជាលើកដំបូង ព្រោះពេលនេះ កម្ពុជា ម៉ាឡេស៊ី និងក្រុមម្ចាស់ផ្ទះហ្វីលីពីន មាន៤ពិន្ទុស្មើគ្នា ខណៈជំនួបចុងក្រោយ ដែលត្រូវធ្វើនៅរសៀលម៉ោង៣ ថ្ងៃពុធស្អែកនេះ កម្ពុជា ត្រូវប្រឈមជាមួយម៉ាឡេស៊ី ខណៈហ្វីលីពីន ត្រូវប៉ះក្រុម មិនធ្លាប់ស្គាល់ការឈ្នះ ទីម័រខាងកើត៕

សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង