គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា លោក Felix Dalmas បានមើលឃើញថា ក្រុមជម្រើសជាតិទីម័រខាងកើត អាចនឹងមានទម្រង់លេងប្លែក ដែលជាចំណុចពិបាកមួយ ក្នុងការរំពឹងទុក នៅពេលក្រុមទាំង២ ត្រូវវិលមកជួបគ្នា ក្នុងការប្រកួតជម្រុះលើកទី២ ប្រចាំពូលA ជាមួយក្រុមជម្រើសជាតិទីម័រខាងកើត ក្នុងយុទ្ធនាការស៊ីហ្គេម លើកទី៣០ នៅពហុកីឡដ្ឋាន Rizal Memorial ប្រទេសហ្វីលីពីន នាយប់ម៉ោង៧ថ្ងៃពុធនេះ។

បើទោះបីជា អ្នកទស្សនាភាគច្រើនគិតថា ទីម័រខាងកើត ជាក្រុមដែលមានកម្រិតលេងទាបជាងគេ នៅក្នុងពូលAនេះ បើប្រៀបទៅនឹងក្រុមម៉ាឡេស៊ី មីយ៉ាន់ម៉ា និងម្ចាស់ផ្ទះហ្វីលីពីន ជាដើម ប៉ុន្តែលោក Felix មិនបានគិតបែបនោះទេ ព្រោះលោកមើលឃើញថា អាចនឹងមានស្ទាយលេងប្លែក ដែលយើងពិបាកនឹងនឹកស្មានដល់។

គ្រូបង្វឹកក្រុមកម្ពុជា លោក Felix បាននិយាយថា៖ «យើងធ្លាប់មានបទពិសោធជួបក្រុមទីម័រខាងកើត ហើយក្រុមទីម័រ បើនិយាយពីសញ្ជាតវិញ គឺមានការចម្រុះជាមួយឡាទីន និងប៉ូទុយហ្គាល់ ជាដើម អ៊ីចឹងវាមានចំណុចដែលយើងមានការលំបាក ក្នុងការរំពឹងទុក ដោយសារការប្រើប្រាស់ស្ទាយលេង ឬក៏ទម្រង់លេងរបស់ក្រុមនេះ ក៏អាចនឹងបត់បែនទៅតាមហ្នឹងដែរ»។

គួររំឭកថា នៅក្នុងការប្រកួតកម្រិតUនេះ ក្រុមកម្ពុជា បានចាញ់ក្រុមទីម័រ ទាំង២លើក សម្រាប់ជំនួប២លើកចុងក្រោយ គឺក្រុមU23កម្ពុជា បានចាញ់ក្រុមU23ទីម័រ ១-០ កាលស៊ីហ្គេម ឆ្នាំ២០១៧ ហើយការជួបគ្នាជាថ្មី ក្នុងវគ្គផ្តាច់ព្រ័ត្រ ការប្រកួតពានរង្វាន់ស្តេចប្រ៊ុយណេ កាលពីឆ្នាំ២០១៨ ក្រុមU21កម្ពុជា បានចាញ់ក្រុមU21ទីម័រ ១-០ ដូចគ្នា។ ចំណែកការជំនួបរវាងក្រុមធំជម្រើសជាតិវិញ គឺកម្ពុជា បានឈ្នះទីម័រ ១ ស្មើ២ និងចាញ់រហូតដល់៥ដង នៅក្នុងការជួបគ្នា៧លើកចុងក្រោយ។

ទាក់ទងនឹងការប្រកួតស៊ីហ្គេម នៅប្រទេសហ្វីលីពីននេះ លោក Norio Tsukitate គ្រូបង្វឹកក្រុមទីម័រខាងកើត បាននិយាយក្នុងសន្និសីទកាសែតថា៖«យើងនឹងព្យាយាមឲ្យអស់ពីសមត្ថភាព ដើម្បីទទួលបានលទ្ធផលល្អ ក្នុងការប្រកួតនេះ ដោយសង្ឃឹមថា យើងអាចធ្វើបានជាមួយនឹងការសាមគ្គីជាក្រុមបានល្អ»។

នៅពេលនេះ ក្រុមកម្ពុជា មាន១ពិន្ទុស្មើជាមួយក្រុមម៉ាឡេស៊ី មីយ៉ាន់ម៉ា និងក្រុមម្ចាស់ផ្ទះហ្វីលីពីន បន្ទាប់កម្ពុជា បានត្រឹមស្មើ ១-១ ជាមួយហ្វីលីពីន នោះ ប៉ុន្តែសម្រាប់ទីម័រខាងកើត នឹងត្រូវប្រកួតបើកឆាកជាមួយក្រុមកម្ពុជា នៅយប់ម៉ោង៧នេះ ចំណែកក្រុមម្ចាស់ផ្ទះហ្វីលីពីន ក៏ត្រូវប្រជែងជាមួយក្រុមមីយ៉ាន់ម៉ា ដែលបានស្មើ ១-១ ជាមួយម៉ាឡេស៊ី នៅរសៀលម៉ោង៣ ថ្ងៃពុធនេះផងដែរ៕

សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង