ការចាញ់ក្រុមជម្រើសជាតិថៃអាយុក្រោម ២២ឆ្នាំ ដោយការទាត់បាល់ប៉េណាល់ទី ៥-៣ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កាលពីថ្ងៃអាទិត្យ វានៅតែធ្វើឲ្យក្រុមម្ចាស់ផ្ទះកម្ពុជា មានការខកចិត្តមិនទាន់បាត់ ប៉ុន្តែការប្រកួតដណ្តើមយកលេខ៣ ជាមួយក្រុម U22 វៀតណាម នៅពហុកីឡដ្ឋានជាតិ នារសៀលម៉ោង ៣:៣០ ថ្ងៃនេះ វាក៏ជាការប្រកួតដ៏សំខាន់សម្រាប់កម្ពុជាផងដែរ។

ក្រុម U22 វៀតណាម បានធ្លាក់ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៃការប្រកួតពានរង្វាន់ AFF U22 Championship 2019 នេះ ដោយបានចាញ់ក្រុម U22 ឥណ្ឌូនេស៊ី ១-០ ប៉ុន្តែបើតាមប្រវត្តិ គឺក្រុមជម្រើសជាតិវៀតណាម មិនធ្លាប់ចាញ់ក្រុមកម្ពុជា នោះទេ ខណៈការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ AFF U16 Championship 2016 ក្រុម U16 កម្ពុជា បានចាញ់ក្រុម U16 វៀតណាម ១-០។

ជាមួយនឹងប្រវត្តិនេះ អាចនិយាយបានថា ការជួបគ្នារវាងក្រុម U22 កម្ពុជា និងក្រុម U22 វៀតណាម នៅថ្ងៃនេះ វាជាការប្រកួតដ៏សំខាន់ ដែលក្រុមម្ចាស់ផ្ទះកម្ពុជា ត្រូវការឈ្នះជាចាំបាច់ ដើម្បីបង្កើតប្រវត្តិសាស្រថ្មី ក្នុងការយកឈ្នះក្រុមវៀតណាម ហើយក៏ដើម្បីទទួលបានលេខ៣ ក្នុងពាន AFF ជាលើកដំបូងផងដែរ ព្រោះកន្លងមកកម្ពុជា ធ្លាប់បានត្រឹមលេខ៤។

តាមកំណត់ត្រាកន្លងមក ក្រុម U16 កម្ពុជា បានលេខ៤ ពាន AFF U16 Championship 2016 ក្រោយចាញ់ថៃ ៣-០ ហើយក្រុម U16 នារីកម្ពុជា ក៏បានលេខ៤នៃពានរង្វាន់ AFF U16 Girls’ Championship 2017 ផងដែរ ក្រោយចាញ់ថៃ ៦-០ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងបន្តចាញ់ក្រុមនារីមីយ៉ាន់ម៉ា ៣-១ ក្នុងការប្រកួតដណ្តើមយកលេខ៣ និងលេខ៤។
សម្រាប់ការប្រកួតដណ្តើមយកចំណាត់ថ្នាក់លេខ៣ និងលេខ៤ ជាមួយក្រុមU22វៀតណាម នេះ លោក Felix Dalmas គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បានក្រើនរំឭកដល់ក្រុមកម្ពុជា កុំបាក់ទឹកចិត្ត និងអស់សង្ឃឹមទៅនឹងការចាញ់ក្រុមថៃ ៥-៣ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ គឺត្រូវប្រឹងប្រែងបន្ថែមទៀត ដើម្បីប្រជាជនកម្ពុជាទាំងមូល។

យ៉ាងណាក៏ដោយ គេនៅមិនទាន់ដឹងថា ក្រុមU22កម្ពុជា អាចនឹងយកឈ្នះលើក្រុមវៀតណាម ឬយ៉ាងណានោះទេ? ប៉ុន្តែទម្រង់លេង និងឆន្ទៈប្រកួតអស់ពីបេះដូងរបស់ពួកគេ បាននឹងកំពុងស្ថិតនៅក្នុងការចងចាំរបស់អ្នកគាំទ្រកម្ពុជា។ ចំណែកក្រុមU22ថៃ និងក្រុមU22ឥណ្ឌូនេស៊ី ត្រូវប្រកួតផ្តាច់ព្រ័ត្រ ដណ្តើមយកពាន នៅពហុកីឡដ្ឋានជាតិ នាល្ងាចម៉ោង ៦:៣០ ថ្ងៃនេះដែរ៕

អត្ថបទដោយ៖ Cambosport