លោក Dimitar Berbatov អតីតមិត្តរួមក្រុម Tottenham របស់ Gareth Bale បានផ្តល់ជាយោបល់និងយល់ឃើញថា Bale គួរចាកចេញពីក្លឹប Real Madrid ហើយត្រលប់ទៅលេង Premier League វិញ។ រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ Bale បានញាំញីដោយសាររបួសនិងមិនសូវបានចូលលេងទៀងទាត់នាកីឡាដ្ឋាន Santiago Bernabeu ប៉ុន្តែកាលពីសប្តាហ៏មុនកីឡាករក្រុមជម្រើសជាតិវេលរូបនេះបានប្តូរចូលក្នុងនាមជា កីឡាករបម្រុងដើម្បីរកគ្រាប់បាល់ឈ្នះលើក្រុម Levante កាលពីថ្ងៃអាទិត្យដោយការទាត់បាល់ពិន័យ ១១ម៉ែត្រនៅនាទីទី៧៨។

Berbatov ដែលបានចំណាយពេលលេងជាមួយ Bale នៅកំលុងរដូវកាល ២០០៧-២០០៨ នាកីឡាដ្ឋាន White Hart Lane (អតីតកីឡាដ្ឋានក្រុម Tottenham មុនពេលផ្ទេរមក Wembley) ជឿជាក់ថាកីឡាករវ័យ ២៩ឆ្នាំរូបនេះគួរតែចង់វិលត្រឡប់មកកាន់បាល់ទាត់អង់គ្លេសវិញ ដោយបន្ថែមថាគាត់មិនត្រូវបានក្រុមនិងអ្នកគាំទ្រអោយតម្លៃដូចពេលមុនទៀតទេ។

អតីតខ្សែប្រយុទ្ធសញ្ជាតិប៊ុលហ្គារីរបស់ក្រុម Man.United លោក Berbatov បានប្រាប់ Betfair ថា:

“មានពាក្យចចាមអារ៉ាមត្រូវបានលើកឡើងនោះគឺជាការវិលត្រលប់ទៅក្របខ័ណ្ឌ Premier League វិញ ប៉ុន្តែខ្ញុំយល់ឃើញថាការសម្រេចចិត្តចាកចេញរបស់ Bale ពិតជាអស្ចារ្យណាស់សម្រាប់អ្នករាល់គ្នានៅទីនេះ។ គាត់ហាក់ដូចជាត្រូវទទួលខុសត្រូវចំពោះអ្វីគ្រប់យ៉ាងដោយអយុត្តិធម៌។ ប្រសិនជាយើងមិនត្រូវបានអោយតម្លៃ យើងគួរតែធ្វើការផ្លាស់ប្តូរក្រុមហើយ។ ខ្ញុំមិនប្រាកដថាក្រុម Tottenham អាចមានលុយជាង ១០០លានផោននាំយកអតីតកីឡាកររបស់ខ្លួនត្រលប់ទៅវិញទេ ប៉ុន្តែការពិតគាត់ជាកីឡាករមានទេពកោសល្យលំដាប់ពិភពលោកដែលអាចលេងចាប់ដៃគូជាមួយខ្សែប្រយុទ្ធបានល្អបំផុត។”

 

អត្ថបទដោយ៖ Cambosport
ប្រភព៖ foxsportsasia