ក្លិបអធិរាជស Real Madrid បានត្រៀមចូលរួមនៅលើទីផ្សារទិញដូរកីឡាករនារដូវក្តៅខាងមុខនេះដើម្បីត្រៀមចុះហត្ថលេខានាំយកខ្សែការពារឆ្វេងរបស់ក្លិប Ajax កីឡាករ Nicolas Tagliafico ជាបេក្ខភាពដើម្បីជំនួសប្រសិន Marcelo ចាកចេញពីកីឡាដ្ឋាន Estadio Santiago Bernabeu។ គ្រូបង្វឹកម្ចាស់ជើងឯក Champion League លោក Santiago Solari បាន បង្ហាញចំណាប់អារម្មណ៏លើកីឡាករអាហ្សង់ទីនវ័យ ២៦ឆ្នាំ Nicolas Tagliafico គឺជាជម្រើសឈានមុខមួយ។

 

Taglafico បង្ហាញខ្លួន ២៩លើកសម្រាប់ក្រុម Ajax នៅរដូវកាលនេះក្នុងនាមជាជម្រើស ១១នាក់ដំបូង ក្រោយផ្ទេរពីក្រុម Independent នៅស្រុកកំណើត។ យោងគេហទំព័រកីឡា TYC Sports បានបន្ថែមថាៈ ក្រុម Real Madrid ចង់បាន Tagliafico ដើម្បីជំនួសកីឡាករចាស់វស្សា Marcelo នៅរដូវកាលក្រោយ ខណៈកីឡាករអន្តរជាតិប្រេស៊ីលរូបនេះ ចាប់ផ្តើមរដូវកាលថ្មីមិនបានល្អ និងមិនជាប់ក្នុងបញ្ជីជម្រើស ១១នាក់ដំបូងរបស់លោក Solari ហើយអ្វីដែលជាចំនុចសំខាន់គឺមានបញ្ហាដែលអ្នកគាំទ្រមួយចំនួនបានសម្តែងការមិនពេញចិត្តនៅឥរិយាបថរបស់គាត់ស្របពេល ពាក្យចចាមអារ៉ាមត្រូវបានលើកឡើងថាគាត់និងផ្លាស់ទៅចូលរួមជាមួយមិត្តល្អរបស់គាត់គឺ Cristiano Ronaldo នៅក្លឹប Juventus ឯណោះ។

ក្រុម Real Madrid នឹងត្រូវជួបប្រកួតជាមួយក្រុម Barcelona សម្រាប់ការប្រកួត Copa del Rey វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទី២ នៅយប់នេះផងដែរ ក្រោយការប្រកួតជើងទី១ ក្រុមទាំងពីរទទួលលទ្ធផល​ ១:១ និងការប្រកួត El-Clasico ក្រុមទាំងពីរក៏ត្រូវជួបប្រកួតគ្នាផងដែរនៅចុងសប្តាហ៍នេះ។ អ្វីដែលសំខាន់គឺ Real Madrid​និងធ្វើជាម្ចាស់ផ្ទះទាំងពីរលើក។

អត្ថបទដោយ៖ Cambosport
ប្រភព៖ foxsportsasia