លោក Jurgen Klopp បានបញ្ជាក់ថា ក្រុម Liverpool នៅតែសម្លឹងរកការក្លាយជាម្ចាស់ជើងឯកក្របខ័ណ្ឌ Premier League បើទោះបីការបញ្ចប់ក្នុងលទ្ធផលស្មើ ០-០ ក្នុងការប្រកួតរវាងក្រុមស្ថិតនៅតំបន់ Merseyside នៅលើទឹកដីក្រុម Everton បានធ្វើឲ្យពួកគេដេញតាមពីក្រោយក្រុម Manchester City ១ពិន្ទុ នៅលើកំពូលតារាងក៏ដោយ។

ក្រោយពីការបញ្ចប់ក្នុងលទ្ធផលស្មើ ៤លើកក្នុងចំណោមការប្រកួតក្របខ័ណ្ឌលីក ៦លើកចុងក្រោយរបស់ពួកគេ ក្រុម Liverpool បានបញ្ចប់ចុងសប្តាហ៍របស់ខ្លួនដោយស្ថិតនៅពីក្រោយក្រុម Man City ជាលើកទី១ ក្នុងរយៈពេល ៣ខែ ក្រោយពីបានលេងការប្រកួតក្នុងចំនួនដូចគ្នាដូចទៅនឹងក្រុមម្ចាស់ការពារតំណែងជើងឯករបស់លោក Pep Guardiola។ ដោយឡែក ការមិនស្គាល់ឈ្នះរបស់ក្រុម Everton ក្នុងការប្រកួតរវាងក្រុមស្ថិតក្នុងតំបន់តែមួយ បានបន្តរហូតដល់ ១៩ប្រកួត បើគិតចាប់តាំងពីឆ្នាំ២០១០។ ប៉ុន្តែ ទោះបីជាយ៉ាងណា ការអបអរផ្សេងៗពីសំណាក់អ្នកគាំទ្រនៃក្រុមម្ចាស់ផ្ទះ ក្នុងពេលបញ្ចប់ការប្រកួតបានបង្ហាញថា ពួកគេជឿជាក់ថា ពួកគេបានកម្ទេចក្តីសង្ឃឹមរបស់ Liverpool ក្នុងការឈ្នះពានលីកជាលើកទី១ ក្នុងរយៈពេល ២៩ឆ្នាំ។

យ៉ាងណាក៏ដោយ លោក Klopp នៅតែមានការរឹងទទឹង និងបន្តបង្ហាញពីភស្តុតាងថា កីឡាកររបស់លោក នៅតែមានភាពរឹងមាំក្នុងការដោះស្រាយជាមួយនឹងសម្ពាធផ្សេងៗក្នុងការប្រជែងពានក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ។ លោក Klopp បានឲ្យដឹងថា៖

«ខ្ញុំមិនចាំបាច់ត្រូវតែផ្តល់ដំបូន្មានដល់កីឡាកររបស់ខ្ញុំឡើយ ព្រោះពួកគេដឹងរួចទៅហើយ។ ពួកគេមិនមែននៅក្មេងទៀតឡើយ»៕

អត្ថបទដោយ៖ Cambosport
ប្រភព៖ worldsoccertalk