លោក Jurgen Klopp បានបញ្ជាក់ថា ក្រុម Liverpool នៅតែស្ថិតក្នុងទីតាំងដ៏រឹងមាំក្នុងការប្រជែងយកកៅអីក្នុងក្របខ័ណ្ឌ Champions League វគ្គ ៨ក្រុមចុងក្រោយ បើទោះបីបានបញ្ចប់ក្នុងលទ្ធផលស្មើ ០-០ ជាមួយនឹងក្រុម Bayern Munich កាលពីថ្ងៃអង្គារ ក៏ដោយ។

ក្រុមរបស់លោក Klopp បានជួបការខកខិត្តដោយសារតែការបង្ហាញពីទម្រង់លេងដ៏រឹងមាំពីសំណាក់ក្រុម Bayern ក្នុងការប្រកួតវគ្គ ១៦ក្រុមចុងក្រោយ ជើងទី១ នាកីឡដ្ឋាន Anfield។ បច្ចុប្បន្នក្រុម Liverpool ត្រូវប្រឈមមុខនឹងការងារដ៏លំបាកមួយក្នុងជើងទី២ នាកីឡដ្ឋាន Allianz Arena នៅថ្ងៃទី១៣ ខែមីនា។ ក្រុម Bayern ដែលជាម្ចាស់ជើងឯកក្រខ័ណ្ឌ Bundesliga បានរងបរាជ័យត្រឹមតែ ២លើកគត់ក្នុងចំណោមការប្រកួតក្របខ័ណ្ឌ Champions League លើទឹកដីខ្លួនឯង ២៦លើកចុងក្រោយ ដោយឈ្នះ ២២លើកក្នុងចំណោមនោះ។ ប៉ុន្តែ លោក Klopp ដែលជាគ្រូបង្វឹក ជឿជាក់ថា ក្រុមរបស់លោក មិនមានអ្វីត្រូវខ្លាចពេលប្រកួតនៅលើទឹកដីអាល្លឺម៉ង់ ឡើយ។

លោក Klopp បានឲ្យដឹងថា៖ «ពិតណាស់ លទ្ធផលនេះគឺជាលទ្ធផលវិជ្ជមាន។ លទ្ធផលស្មើដែលយើងអាចទទួលបាន។ ពិតណាស់ យើងអាចលេងបានលេងប្រសើរជាងនេះ យើងគួរតែលេងបានល្អប្រសើរ»។ គ្រូបង្វឹករូបនេះបានបន្ថែមទៀតថា៖ «ការប្រកួតនេះមិនទាន់ចប់នៅឡើយទេ។ យើងត្រូវតែបង្កើតមូលដ្ឋាននៅរាត្រីនេះ ដែលយើងអាចប្រើប្រាស់ក្នុងជើងទី២»។

ក្នុងការប្រកួត១គូទៀតនៅរាត្រីដដែលនោះ ក្រុម Barcelona សង្ឃឹមថា នឹងប្រើប្រាស់ការមានប្រៀបលើទឹកដីខ្លួនឯង ក្នុងការប្រកួតជើងទី២ ក្រោយពី Lionel Messi និងមិត្តរួមក្រុមរបស់គេ បានបញ្ចប់ក្នុងលទ្ធផលស្មើ ០-០ ជាមួយនឹងក្រុម Lyon ក្នុងការប្រកួតជើងទី១ នៃវគ្គ១៦ក្រុមចុងក្រោយ៕

អត្ថបទ៖ ​Cambosport
ប្រភព៖ Channel News Asia