បរទេស៖ ក្លឹប Barcelona បាន​បង្ហាញ​មុខ​ខ្សែ​ការ​ពារ​កណ្តាល Jules Kounde ជាផ្លូវ​ការ​កាលពីថ្ងៃ​ចន្ទ ខណៈ​ដែល​កីឡាករ​អន្តរ​ជាតិ​បារាំង​រូបនេះ បាន​ប្រកាស​ថា រូប​គេ​ពិត​ជា​រីក​រាយ​ណាស់​ក្នុងការ​ចូលរួម​ជាមួយនឹង​ក្លិប​ពោរពេញ​ដោយ​មហិច្ឆ​តា​មួយនេះ​។

នៅក្នុង​សន្និ​សីទ​សារ​ព័ត៌​មាន​​ជាលើក​ដំបូង​របស់​គេ ក្នុង​នាម​ជាកីឡាករ​​របស់​​ក្លិប Barcelona កាល​ពី​ថ្ងៃ​ចន្ទ នៅ​ឯ​ទីលាន​ហ្វឹកហាត់​​​ ខ្សែ​ការ​ពារ​វ័យ​​២៣ឆ្នាំ​រូបនេះ បាននិយាយ​ថា៖ «ខ្ញុំ​ពិត​ជា​រីក​រាយ​ណាស់ និ​ង​មានមោទ​នភាព​។ ខ្ញុំ​កំពុង​តែ​​ចូលរួម​ជាមួយ​នឹង​ក្លិប​ដ៏​ធំ​មួយ និង​ពោរ​ពេញ​ដោយ​មហិច្ឆ​តា ហើយ​ខ្ញុំ​ក៏មាន​មហិច្ឆតា​ផង​ដែរ»​។ បើយោង​ទៅ​តាម​សារ​ព័ត៌មាន​របស់​អេ​ស្ប៉ាញ Barcelona បាន​​ផ្តល់​តម្លៃខ្លួន​៥០លាន​អឺ​រ៉ូ (ស្មើ​នឹង​៥១​លាន​ដុល្លារ​​អាមេរិក) ឲ្យ​ក្លិប Sevilla បូក​រួម​ទាំង​ប្រាក់​ឧបត្ថម្ភ​ចំនួន​១០លាន​អឺ​រ៉ូផ្សេង​ទៀត សម្រាប់ Kounde ដែល​បាន​ចុះ​កិច្ច​សន្យា​រយៈពេល​៥​ឆ្នាំ​។ រូប​គេ​ក៏​ត្រូវ​បាន​ទាក់ទង​ជាមួយ​នឹង​ការផ្ទេរ​ទៅ​កាន់​ក្លិប Chelsea របស់ក្រប​ខ័ណ្ឌ Premier League ផង​ដែរ​។

Kounde បាន​ឲ្យដឹងថា៖ «ពិត​ណាស់ ខ្ញុំ​បាន​ទទួល​សំណើ​មួយផ្សេង​ទៀត ប៉ុន្តែ ខ្ញុំ​បាន​សម្រេច​ចិត្ត​​រង់​ចាំ​ក្លិប Barcelona ដើម្បី​ឈាន​ដល់​ការ​ព្រម​ព្រៀង​គ្នាមួយជា​មួយនឹង​ក្លិប Sevilla​»​។ ខ្សែ​ការ​ពារ​រូបនេះ​បាន​បន្ថែម​ទៀត​ថា៖ «នៅ​ពេលដែល​ខ្ញុំ​បានមើល​ឃើញ​ថា វា​អាច​ទៅ​រួច ខ្ញុំ​បាន​ជ្រើស​រើសយក Barcelona ពី​ព្រោះ​ខ្ញុំ​បាន​ដឹង​យ៉ាង​ច្បាស់​ពីកន្លែង​ដែល​ខ្ញុំ​ចង់​ទៅ​»៕

 

ប្រភ​ព​ព័ត៌​មាន៖ Channel News Asia