បរទេស៖ Raphinha បាន​ធ្វើ​ដំណើរ​ទៅកាន់​ក្លិប Barcelona ដើម្បី​បំពេញ​ការ​ផ្ទេរ​របស់​គេ​ពីក្លិប Leeds United​ ក្រោយពី​ក្លិប​របស់​អេ​ស្ប៉ាញ បានយល់​ព្រម​លើ​តម្លៃខ្លួន​រហូតដល់​ទៅ​៥៨​លាន​អឺ​រ៉ូ (ស្មើនឹង​៥៨,២លាន​ដុល្លារ​អាមេរិក) បូក​រួម​ទាំង​ប្រាក់​ឧបត្ថម្ភ​នានា​ចំនួន​៩​លាន​អឺ​រ៉ូផ្សេង​ទៀត​។

ខ្សែ​បម្រើ​ស្លាប​អន្តរ​ជាតិ​ប្រេស៊ីល​រូបនេះ បានប​ញ្ជាក់​ពី​បំណង​របស់​គេ​ក្នុងការ​ផ្ទេរ​ទៅកាន់​កីឡដ្ឋាន Camp Nou ហើយ​​រូប​គេ​ត្រូវ​ប្រឈម​នឹង​បញ្ហា​ឈឺក្បាល​ជាច្រើន ខណៈ​ដែល Barcelona​ បាន​ព្យា​យាម​​ជម្នះ​លើ​​វិបត្តិ​លើ​ហិរញ្ញ​វត្ថុ​របស់​ខ្លួន ដើម្បី​​ដាក់​​សំណើ​ដែល​អាច​ទទួល​យក​បាន​មួយ​។ ប៉ុន្តែ ពួក​គេបានបង្កើត​ឲ្យ​មាន​ដំណោះ​ស្រាយ​យ៉ាងល្អ ដើម្បីផ្តល់​ការ​រីក​រាយ​ដល់ Raphinha ប៉ុន្តែ បានផ្តល់​ការ​ខកចិត្ត​ដល់​ក្លិប​ជាច្រើន​ក្នុងក្រប​ខ័ណ្ឌ Premier League​។ ក្លិប Chelsea, Arsenal, Tottenham និង Newcastle សុទ្ធ​សឹង​​ចាប់​អារម្មណ៍លើ​ការ​ទិញ​យក Raphinha ស្រប​ពេល​ដែល​សំណើ​ក្នុង​តម្លៃ​ខ្លួន​​៥៥​លានផោន​របស់​ក្លិប Chelsea ក៏​ត្រូវ​បាន​ទទួល​យក​ដោយ​ក្លិប Leeds ផង​ដែរ ប៉ុន្តែ បេះ​ដូង​របស់​កីឡាករ​ប្រេស៊ីល​រូបនេះ ស្ថិតនៅ​ជាមួយនឹង ​Barcelona​។

ក្លិប Barcelona បាន​ឲ្យដឹង​ក្នុង​សេចក្តី​ថ្លែង​ការណ៍​​មួយ​ថា៖ «ក្លិប FC Barcelona និង Leeds United បាន​ឈាន​ដល់​ការ​ព្រមព្រៀង​គ្នា​មួយជា​គោល ដើម្បី​ផ្ទេរ Raphael Dias Belloli ឬហៅ​ថា Raphinha ដោយ​រង់​ចាំ​តែ​កីឡាករ​រូបនេះ ពិនិត្យ​សុខភាព​ប៉ុណ្ណោះ »​៕

 

ប្រភព​​ព័ត៌មាន៖ Channel News Asia