បរទេស៖ ខ្សែ​ប្រយុទ្ធ Robert Lewandowski បាន​​បញ្ជាក់​ថា លោក Xavi គ្រូបង្វឹក​របស់​ក្រុម Barcelona គឺ​ជា​កត្តា​ដែល​នាំ​ឲ្យ​រូបគេ​សម្រេច​ចិត្ត​ចូលរួម​ជា​មួយនឹង​ក្លិប​របស់​អេ​ស្ប៉ាញ​មួយនេះ ពី​ក្លិប Bayern Munich តាមរយៈ​ការ​រៀប​រាប់ថា ផ្នត់​គំនិត​ និង​នីតិវិធី​របស់​​អតីត​ខ្សែ​បម្រើ​រូបនេះ គឺ​ជា​មូលដ្ឋាន​មួយ សម្រាប់​អនា​គត​ដ៏អស្ចារ្យនៅកីឡដ្ឋាន Camp Nou​។

Lewandowski បាន​បំពេញ​ការ​ផ្ទេរ​របស់​គេ​ទៅកាន់​ក្លិប Barcelona ក្នុង​តម្លៃខ្លួន​ជា​គោល​ចំនួន​៥០លាន​អឺ​រ៉ូ (ស្មើ​នឹង​៥០,៧លាន​ដុល្លារ​អាមេរិក) ក្រោយពី​នៅ​ជាប់​កិច្ច​សន្យា​រយៈពេល​១​ឆ្នាំ​ ជាមួយនឹង​ក្លិប Bayern​។

ក្នុង​ពេល​និយាយ​នៅ​បណ្តាញ​សារ​ព័ត៌​មាន​ផ្លូវ​ការ​របស់​ក្លិប Barcelona ក្រោយពី​បាន​ចូលរួម​ជាមួយ​នឹង​ក្រុម​ថ្មី​របស់​គេ​ក្នុង​ដំណើរ​ការ​ប្រកួត​មុន​បើក​រដូវកាល​នៅ​លើទឹកដីអាមេរិក ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​ប៉ូឡូញ​វ័យ​៣៣​ឆ្នាំ​រូបនេះ បាន​និយាយ​ថា៖ «ខ្ញុំ​បាន​និយាយ​​គ្នា​​ជា​មួយនឹង​លោក Xavi ហើយ​ពី​ដំបូង​ឡើយ ខ្ញុំ​ចង់​ដឹង​ពី​គំនិត​របស់​គាត់ និង​ផែន​ការ​របស់​គាត់​។ វាគឺ​ជា​រឿង​ដ៏​ងាយស្រួល​សម្រាប់​ខ្ញុំ​ក្នុងការ​សម្រេច​ចិត្ត​ផ្ទេរ​ទៅកាន់​ក្លិប Barcelona ដោយ​សារ​តែ​ខ្ញុំ​គឺ​ជា​អ្នក​ដែល​ចង់​លេង ចង់​ឈ្នះ ហើយ​ខ្ញុំ​គិត​ថា ជាមួយនឹង​លោក Xavi វា​អាច​ទៅ​​រួច​»​៕

 

ប្រភព​ព័ត៌​មាន៖ The Guardian