ការប្រកួត​ជម្រុះ​ខ្សែក្រវាត់​ខារ៉ាបាវ​ទម្ងន់​ ៦០ ​គីឡូក្រាម​ក្រោម​ការចាប់អារម្មណ៍ និង​តាមដាន​ពី​មហាជន​នោះ​ត្រូវ​បាន​ប្រកួត​បញ្ចប់​កាលពី​ល្ងាច​ថ្ងៃ​សៅរ៍​នៅលើ​សង្វៀន SEATV ហើយ​ភាព​មន្ទិល​មិន​ច្បាស់លាស់​រវាង​កីឡាករ​កម្ពុជា វ៉ាន់ វឿន មកពី​ក្លិប​ឃ្លាំងមឿង និង​ លាភ រដ្ឋា មកពី​ខេត្ត​បន្ទាយមានជ័យ​ដោយ​មាន​ ១២ ​ពិន្ទុ​ស្មើ​គ្នា​នោះ គឺ​ត្រូវ​បាន​គណៈកម្មការ​វិនិច្ឆ័យ​សម្រេច​ឲ្យ លាភ រដ្ឋា បាន​ឡើង​ទៅ​ប៉ះ​កីឡាករ​ថៃ Dek Ken ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​។

ការផ្តួល​ថៃ Yorth Vandy ឲ្យ​សន្លប់​នៅ​ទឹក​ទី​ ៥ របស់ លាភ រដ្ឋា កាលពី​ថ្ងៃ​សៅរ៍​នោះ​បាន​ធ្វើឲ្យ វ៉ាន់ វឿន ត្រូវ​ធ្លាក់​ចេញ​ទាំង​ឈឺ​ចុកចាប់​ស្រប​ពេល​ដែល​មហាជន និង​អ្នក​តាមដាន​ការប្រកួត​មួយ​ចំនួន​ធំ​នៅ​ស្រពេច​ស្រពិល​ព្រោះ​ទិន្នន័យ​ប្រកួត​របស់​អ្នក​ប្រដាល់​ទាំង​ ២ គឺ​មាន​ពិន្ទុ​ស្មើ​គ្នា ហើយ វ៉ាន់ វឿន ផ្តួល​គូប្រកួត​ចំនួន​ ៤ ​លើក​លឿន​ជាង និង​មាន​នាទី​ខ្លី​ជាង តែ​បែរ​ជា​ធ្លាក់​គួរ​ឲ្យ​ឆ្ងល់​។

នៅ​ក្រោយ​ការប្រកួត​ចប់​ភ្លាម​លោក រាជ សុផែន អគ្គលេខាធិការរង​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​ក្នុង​នាម​ជា​ប្រធាន​ស្នងការ​ប្រកួត​បាន​ឡើង​ពន្យល់ ដោយ​មាន​ផ្សាយ​ផ្ទាល់​ផង​ថា វ៉ាន់ វឿន ឈ្នះ​ដោយ​ផ្ទួល​ដៃគូ​ឲ្យ​សន្លប់​ចំនួន​ ៤ ​លើក​គឺ​ឈ្នះ​ក្នុង​ទឹក​ទី​ ១ ​ចំនួន​ ២ ​លើក ឈ្នះ​ទឹក​ទី​ ៣ ​ចំនួន​ ២ ​លើក និង​មាន​ ១២ ​ពិន្ទុ ប៉ុន្តែ​គណៈកម្មការ​គិត​ត្រឹម​តែ​សន្លប់​ ៣ ​ប្រកួត​ប៉ុណ្ណោះ​ដោយសារ​មួយ​ប្រកួត​ទៀត​គិត​ក្នុង​ប្រកួត​មិត្តភាព​ឈ្នះ​ដោយ​ស្វ័យប្រវត្តិ ទោះបី​ប្រកួត​ជាក់ស្តែង​ផ្តួល​ដៃគូ​ឲ្យ​សន្លប់​ទឹក​ ៣ ​ក៏ដោយ​។

លោក រាជ សុផែន បន្ត​ថា​៖ «​កីឡាករ លាភ រដ្ឋា ផ្តួល​ដៃគូ​ឲ្យ​សន្លប់​ទឹក​ទី​ ១ ​ចំនួន​ ២ ​លើក​ផ្តួល​ឲ្យ​សន្លប់​ទឹក​ ៣ ​ចំនួន​ ១ ​លើក និង​ផ្តួល​ថៃ​នៅ​ទឹក​ទី​ ៥ ​ថ្ងៃ​នេះ​អ៊ីចឹង​គេ​បាន​ឡើង​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ ដោយសារ​គណៈកម្មការ​បាន​គិត​ឲ្យ​សន្លប់​ទាំង​ ៤ មាន​ ១២ ​ពិន្ទុ​ដូច​គ្នា ព្រោះ​ការប្រកួត​ ៤ ​លើក​ដោយ​គ្មាន​អវត្តមាន ឬ​ជំនួស​គ្នា​ជា​ប្រកួត​មិត្តភាព​នោះ​ឡើយ​»​។