ភ្នំពេញ៖ លោក អ៊ុក សិទ្ធិជាតិ ជាអគ្គនាយកនៃអគ្គនាយកដ្ឋាន កីឡាបានមានប្រសាសន៍ប្រាប់ សារអេឡិចត្រូនិចថា កីឡាករ-កីឡាការិនីគ្រប់ប្រភេទទាំងងអស់ក្នុងមួយម្នាក់អនុញ្ញាតឲ្យលេងតែមួយប្រភេទកីឡា ហើយបើប្រភេទកីឡា តែមួយអាចលេងបាន២ឬ៣វិញ្ញាសាតាមលក្ខខណ្ឌបច្ចេកទេសកំណត់។

លោកបានបន្តថា សហព័ន្ធកីឡាជាតិត្រូវអនុវត្តឲ្យបាននូវគោលការ “កីឡាករម្នាក់ជំនាញពិសេសមួយ” ក្នុងនោះសហ ព័ន្ធកីឡាជាតិ គ្រូបង្វឹក កីឡាករ-កីឡាការិនីត្រូវរៀបចំតម្រង់ទិសជំនាញដោយកីឡាករ ឬកីឡាការិនីម្នាក់ត្រូវ ជ្រើសរើស ប្រភេទកីឡាតែ១មុខ វិញ្ញាសាតែមួយគត់ ។ កីឡាករ-កីឡាការិនីម្នាក់ៗត្រូវកំណត់ដុះខាត់ សម្រួច ឯកទេសជំនាញ នៃទេពកោសល្យបច្ចេកទេសណា១ ឬក្នុងតួនាទីបច្ចេកទេសប្រចាំក្រុមឲ្យបានគត់មុត។ ការសម្រួចឯកទេសបែបនេះ គឺដើម្បីក្ដីសង្ឃឹមនៃការដណ្ដើមមេដាយ ក្នុងការប្រកួតស៊ីហ្គេមឆ្នាំ២០២៣។

លោក ថោង ខុន ប្រធានគណៈកម្មាធិកាជាតិ អូឡាំពិកកម្ពុជា NOCC បានមានប្រសាសន៍កន្លងមកថា ដើម្បីអភិវឌ្ឍកីឡា កម្រឹតខ្ពស់ឲ្យមានប្រសិទ្ធភាពលើលក្ខណៈបច្ចេកទេស គឺត្រូវឈរលើទ្រឹស្ដីវិទ្យា សាស្ដ្រកីឡា ដែលទាមទារឲ្យតែមាន សកម្មភាពជាប្រចាំក្នុងការហាត់ហ្វឹកហ្វឺន និងចូលរួមប្រកួតឲ្យបាន ច្រើន ។ ក្នុងការហាត់ហ្វឹកហ្វឺន គឺត្រូវមានមូលដ្ឋាន ហ្វឹកហាត់លើគុណ ភាពកម្លាំងកាយ បច្ចេកទេស ស្មារតី ដោយមានសាល ឧបករណ៍សម្ភារៈ បង្កើនគុណភាពកម្លាំង កាយគ្រប់គ្រាន់ គ្រូបង្វឹកមានគុណភាព មានបទ ពិសោធន៍ ខ្ពស់ មានគ្រូជំនាញចិត្តសាស្ដ្រ ធ្វើលំហាត់ចិត្តសាស្ដ្រ បានត្រឹម ត្រូវ មានពេទ្យព្យាបាលទាន់ពេលវេលា មិនធ្វើឲ្យ កីឡាករ បាត់បង់ការហ្វឹកហាត់យូរ អាហារូបត្ថម្ភគ្រប់គ្រាន់ ការស្នាក់ នៅសមរម្យ និងមានវិន័យម៉ត់ចត់ល្អ។

លោកថោង ខុន បានលើកឡើងថា កន្លងមកមានកីឡាករ-កីឡាការិនីខ្លះហ្វឹកហាត់ និងចូលរួមប្រកួត ២ឬ៣ប្រភេទកីឡា ផ្សេងៗគ្នា ។ ម្យ៉ាងទៀតកីឡាករ-កីឡាការិនីខ្លះចាប់យកវិញ្ញាសាច្រើន ច្របូកច្របល់គ្នាពេលខ្លះត្រូវផ្លាស់ ប្ដូរវិញ្ញាសាហ្វឹក ហាត់ ជាច្រើនដង ឬប្ដូរមុខងារក្នុងក្រុមច្រើនដងដែល ធ្វើបែបនេះ មិនអាចរក្សាបាននូវនិរន្ដភាពជំនាញ និងពន្លឿនគុណ ផល កីឡាបាននោះឡើយ ។

គួរបញ្ជាក់ថា មហាសន្និបាតនេះធ្វើឡើងពេញមួយថ្ងៃ ដោយមានបទអន្ដរាគមន៍ពិសេស របស់ លោក សាស្ដ្រាចារ្យឆេក កុកជី អ្នកជំនាញការស៊ីហ្គេម របាយការបូកសរុបការងារ និង របាយការហិរញ្ញវត្ថុ ឆ្នាំ២០១៨របស់ NOCC បទបង្ហាញរបស់ សហព័ន្ធកីឡាជាតិ១ចំនួន កិច្ចពិភាក្សាបញ្ហាប្រឈមរបស់សហព័ន្ធកីឡាជាតិ និងបទបង្ហាញទិសដៅផែនការ ស៊ីហ្គេមឆ្នាំ ២០១៩ លើកទី៣០ នៅប្រទេស ហ្វីលីពីន ៕