កីឡាករ Floyd Mayweather អាយុ៣៨ឆ្នាំ បាន​គ្រប់គ្រង​តំណែង​ជើងឯក​ពិភពលោក​ចំនួន៥ (5-division World champion) ដោយមាន​ប្រវត្តិ​ប្រកួត​ចំនួន៤៧លើក ឈ្នះ​ទាំង៤៧លើក និង​ផ្តួល​ដៃគូ​ឲ្យ​សន្លប់​ចំនួន២៦លើក។ ចំណែក Pacquiao អាយុ៣៦ឆ្នាំ គ្រប់​តំណែង​ជើងឯក​ពិភពលោក​រហូតដល់​ទៅ៨ (8-division world champion) ដោយ​ប្រកួត​បាន៦៤លើក ឈ្នះ៥៧លើក (ធ្វើ​ឲ្យ​ប្រកួត​សន្លប់៣៨លើក) ចាញ់៥លើក និង​ស្មើ២លើក។

ប្រកួតចុងក្រោយកីឡាករ Floyd Mayweather បាន​ក្លាយ​ជាម្ចាស់​ខ្សែក្រវាត់​នា​ជំនួប​នៃ​ព្រឹត្តិការណ៍ «The Fight of the Century» នៅ​សង្វៀន MGM Grand Garden Arena ក្នុង​ទីក្រុង​ឡាស​វេ​ហ្កា​ស សហរដ្ឋអាមេរិក​នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី៥ ខែឧសភា ឆ្នាំ២០១៥ កន្លងមកនេះ។ កីឡាកររូបនេះ ទទួល​បាន​ពិន្ទុ​ជាឯក​ច្ឆ័ន្ទពីចៅក្រម លើស Manny Pacquiao ១១៨-១១០, ១១៦-១១២, ១១៦-១១២។

កីឡាករ​ទាំងពីរ​សុទ្ធ​តែមាន​ប្រវត្តិ​បំបាក់​កីឡាករឆ្នើមៗចំនួន៥ (Famous Five) លើ​ពិភពលោក ដែល​ក្នុងនោះ​មាន Juan Manuel Marquez, Ricky Hatton, Oscar De La Hoya, Shane Mosley និង Miguel Cotto។

បើតាម CNN ការផ្គូផ្គង​កីឡាករ​ទាំងពីរ​នេះ បាន​ចំណាយពេល​អស់​រយៈពេល​ប្រមាណ៥ឆ្នាំ។ ចំណូល​ដែល​ទទួលបាន​ពី​ការរៀបចំ​ឲ្យ​មាន​ជំនួប​នៅ​ថ្ងៃអាទិត្យ​នេះ ត្រូវបាន​គេ​រំពឹងថា នឹង​ចាប់ពី៣០០លាន ទៅ៤០០លាន​ដុល្លារ​អាមេរិក។ សំបុត្រ​ដែល​ថោក​បំផុត​មានតម្លៃ១៥០០ដុល្លារ​អាមេរិក ហើយ​ឡើងដល់៨០០០ដុល្លារ ៤០០ ០០០ដុល្លារ និង៥០០ ០០០ដុល្លារ​អាមេរិក៕