អត្តពលិក​របស់ ONE Championship វី ស្រីខួច ​​កំពុង​រង់​ចាំ​ឱកាស​ដើម្បី​ត្រលប់​ចូល​​ទ្រុង​ប្រកួត​វិញ ប៉ុន្តែ​មិន​ដែល​​ឈប់​ហ្វឹកហាត់​ឡើយ​។ ស្រីខួច ដែល​ជា​មិត្តភ័ក្តិ​ជិត​ស្និទ្ធ​ម្នាក់​របស់​តារា​កំពុង​រះ​របស់ ONE Championship នៅ ស្រីពៅ បច្ចុប្បន្ន​កំពុង​ស្ថិត​ក្នុង​ជំរំ​​ហ្វឹកហាត់​ពេញ​ម៉ោង​ដើម្បី​តំណាង​កម្ពុជា​ក្នុង​ការ​ប្រកួត​​​​អន្តរជាតិ​មួយ​​នៅ​ប្រទេស​ថៃ​។

ស្រីខួច ប្រាប់​ថា​៖ «ឥឡូវ​នេះ​ខ្ញុំ​កំពុង​ផ្ដោត​លើ​ការ​ប្រកួត​​នៅ​ប្រទេស​ថៃ​ក្នុង​ខែ​មេសា​ខាង​មុខ​។ ខ្ញុំ, ស្រីពៅ និង​កីឡាករ​ពីរបីនាក់​ផ្សេង​ទៀត​នឹង​ទៅ​បោះ​ជំរំ​ហ្វឹកហាត់​និង​ប្រកួត​នៅទីនោះ​»​។

មុន​ត្រលប់​ទៅ ONE Championship និងមុន​ការ​ប្រកួត​ប្រដាល់​របស់​នាង​មក​ដល់ ខាង​ក្រោមនេះ​ជា​រឿង​គួរ​ឱ្យ​ចាប់អារម្មណ៍​៣​យ៉ាង​ដែល​​អ្នក​គួរ​ដឹង​អំពី ស្រីខួច​។

#១ តារា​ល្បី​ដែល​នាង​​ crush លើ​​​និង​បទ​ចម្រៀង​សំណព្វ​ចិត្ត​

ថ្វី​បើ​​ជីវិត​របស់​ស្រីពៅ​ភាគ​ច្រើន​​ក្រវែល​ជុំ​វិញ​ក្បាច់​គុន ប៉ុន្តែ​នាង​ក៏​ជា​អ្នក​ស្រលាញ់​​តន្ត្រី​ដ៏​ខ្លាំងក្លា​ម្នាក់​​និង​​ចូល​ចិត្ត​បទ​ចម្រៀង​ខ្មែរ​។ នៅ​ពេល​​ត្រូវ​បាន​សួរ​ថា​​​​តារាណា​​ដែល​នាង​បាក់​ចិត្ត​លើ​? ស្រីខួច​ ញញឹម​ផង​សើច​ផង ហើយ​ឆ្លើយ​ថា​៖ «ខ្ញុំ​គិត​ថា​ ​ព្រាប​ សុវត្ថិ និង​កូន​ៗ​របស់​គាត់​ ពិសេស​គឺ​បង សុវត្ថិ គឺ​គាត់​សង្ហា​ខ្លាំង​ណាស់​។ ទោះ​បី​ឥឡូវ​គាត់​រាង​ចាស់​បន្តិច​ តែ​គាត់​នៅ​តែ​សង្ហា»​។

ពេលនិយាយ​ពី​ idol ក្នុង​ដួង​ចិត្ត នាង​ជ្រើសរើស​តារា​ចម្រៀង​ស្រី​ម្នាក់​។

ស្រីខួច​ បញ្ជាក់​ថា​៖ «idol ​របស់​ខ្ញុំ​គឺ​តារា​ចម្រៀង មាស សុខសោភា។ ខ្ញុំ​ស្រលាញ់​គាត់​ព្រោះ​គាត់រួសរាយ​ផង​​និង​ចូល​ចិត្ត​លេង​សើច​ផង​។ ខ្ញុំ​ចូល​ចិត្ត​ស្ដាប់​បទ​ថ្មី​ៗ​របស់​គាត់ តែ​​ខ្ញុំ​ក៏​ចូល​ចិត្ត​បទ​ពីដើម​ៗ​ច្រើន​ដែរ​»។

#២ អ្នក​ប្រយុទ្ធ​ដែល​នាង​ចូល​ចិត្ត​ជាង​គេ​

ស្រីខួច​ សម្រួច​ជំនាញ​គុន​ចម្រុះ​របស់​នាង​នៅ​ក្លិប Cambodian Top Team និង​ហាត់​ប្រដាល់​ជា​ប្រចាំ​នៅស្តាត​អូឡាំពិក។ មុន​នោះ ស្រីខួច​ ធ្លាប់​ហាត់​នៅ​ក្លិប​សិល្បៈ ហើយ​នាង​នៅ​តែ​ចាត់​ទុក​ម្ចាស់​ក្លិប​នេះ​​ក្នុង​ចំណោម​កីឡាករ​អាជីព​ដែល​នាង​ចូល​ចិត្ត​ជាង​គេ​។

ពេល​ត្រូវ​បាន​សួរ​អំពី​វីរបុរស​ក្នុង​កីឡា​ប្រយុទ្ធ​នេះ ស្រីខួច​ តប​ថា​៖ «គឺ ចាន់ រតនា​។ ខ្ញុំ​ធ្លាប់​ហាត់​និង​មើ​ល​ការ​ប្រកួត​របស់​គាត់​។ ខ្ញុំ​សរសើរ​ឆន្ទៈ​ចង់​ឈ្នះ​របស់​គាត់​។ គាត់​មិន​ខ្លាច​ហត់​ទេ គាត់​គិត​តែ​ខំ​ប្រឹង​។ លើស​ពីនេះ គាត់​​ពូកែ​ចាប់​កាច់​​។ គាត់​មាន​ឆន្ទៈ​ខ្លាំង​ណាស់​។ ខ្ញុំ​សរសើរ​គាត់​មែនទែន​»។

#៣ នាង​ចូល​ចិត្ត​ច្រៀង​

ក្រៅពី​ស្ដាប់​ចម្រៀង ស្រីខួច​ ក៏​ចូល​ចិត្ត​ច្រៀង​ដែរ​ ដូច​ នៅ ស្រីពៅ ដែរ​។

ស្រីខួច ទម្លាយ​ថា​៖ «ក្រៅពី​វ៉ៃ ខ្ញុំ​ចូល​ចិត្ត​ច្រៀង​បទ​ចម្រៀង​ពី​ដើម​ៗ​។ ស្រីពៅ និង​ខ្ញុំ គឺ​ដូច​គ្នា​។ ពួក​យើង​ចូល​ចិត្ត​ច្រៀង​។ នៅ​ពេល​ច្រៀង ខ្ញុំ​មានអារម្មណ៍​ថា​​បាន​ធូរ​អារម្មណ៍​។ តែ​ខាង​ធ្វើ​ម្ហូប​វិញ ចប់​ហើយ​ខ្ញុំ​។ ខ្ញុំ​មិនចេះ​ធ្វើ​ម្ហូប​ទេ»៕

អត្ថបទ​៖ Matias Andres