ជើងខ្លាំងប្រដាល់ក្នុងទ្រុង Conor McGregor បានយល់ព្រមឡើងប្រកួតទល់នឹងសត្រូវចាស់ កីឡាករអាមេរិក Nate Diaz បន្ទាប់ពីពួកគេធ្លាប់បានជួបគ្នា ២លើករួចមកហើយ ដោយទទួលបានជ័យ ជម្នះម្នាក់ម្តងដូចគ្នា។

តាមរយៈសារព័ត៌មាន Dailymail របស់អង់គ្លេសបានចេញផ្សាយថា កីឡាករសញ្ជាតិអៀរឡង់ McGregor បានព្រមព្រៀងប្រកួតទល់នឹង Diaz វិញ បន្ទាប់ពីការចរចាជាមួយកីឡាករ Donald Cerrone ត្រូវបានបរាជ័យ និងដើម្បីស្តារមុខ មាត់ឡើងវិញផងដែរ ក្រោយពេលបុរសវ័យ ៣០ឆ្នាំរូបនេះបានប្រកួតចាញ់កីឡាកររុស្ស៊ី Khabib Nurmagomedov កាលពីខែតុលា ឆ្នាំ២០១៨ ដែលជា១ប្រកួតចុងក្រោយរបស់គេ។

McGregor បានបរាជ័យក្រោមកណ្តាប់ដៃរបស់គូប្រជែងវ័យ៣៣ឆ្នាំ Diaz ម្តងដែរ មុនពេលសងសឹកបានសម្រេច វិញត្រឹមទឹកទី៥ កាលខែសីហា ឆ្នាំ២០១៦ ដែលត្រូវបានធ្វើឡើងនៅសង្វៀន Octagon ដូចគ្នា។

Conor McGregor ដែលធ្លាប់ប៉ះ និងប្រកួតចាញ់ជើងខ្លាំង Floyd Mayweather ក្នុងទឹកទី១០ នៃការប្រកួត លក្ខណៈ ប្រដាល់សកលកាលឆ្នាំ២០១៨ ធ្លាប់ឡើងសង្វៀនប្រកួតបានចំនួន ២៥ដង ក្នុងនោះឈ្នះ ២១ដង ចាញ់៤ដង មិនដែលស្មើ និងធ្លាប់ផ្តួលដៃគូឲ្យសន្លប់បាន ២១ដង ខណៈកីឡាករ Nate Diaz ធ្លាប់ប្រកួតបាន ៣០ដង ក្នុងនោះឈ្នះ១៩ដង ចាញ់១១ដង និងធ្លាប់ផ្តួលដៃគូឲ្យសន្លប់នៅសង្វៀនបាន ៤ដងប៉ុណ្ណោះ៕

ទស្សនាវិដេអូរវាងកីឡាករទាំងពីរខ្លីៗ: