កីឡាករប្រដាល់គុនខ្មែរលំដាប់ជួរមុខនៅកម្ពុជា សេន ប៊ុនថេន ថាខ្លួនបានលាលែងពីការឡើងសង្វៀនប្រដាល់ ប៉ុន្តែនៅបន្តអាជីពជាគ្រូបង្ហាត់នៅក្លិបប្រដាល់ឯកជន។

អតីតកីឡាករប្រដាល់គុនខ្មែរលំដាប់ជួរមុននៅកម្ពុជា កីឡាករ សេន ប៊ុនថេន បានប្រាប់ទូរទស្សន៍អាស៊ីអាគ្នេយ៍ថា ខ្លួនបានលាលែងពីអាជីពអ្នកប្រដាល់ និងឈប់ឡើងសង្វៀនតាមបណ្តាទូរទស្សន៍ប្រមាណជាជាងមួយឆ្នាំហើយ ក្រោយពីដឹងថា កម្លាំងកាយចាប់ផ្តើមថយមិនអាចតទាំងយកជ័យជំនះតទៅទៀតបាន ដ្បិតខ្លួនចង់បន្សល់នូវកេរ្តិ៍ឈ្មោះដែលសាងភាពល្បីល្បាញកន្លងមក។

អតីតកីឡាករគុនខ្មែរឆ្នើមរូបនេះ បានពន្យល់ទៀតថា ទោះបីខ្លួនបានចូលនិវត្តឈប់ឡើងសង្វៀនប្រកួតក្តី ប៉ុន្តែខ្លួនក៍មិនទាន់ដើរទៅឆ្ងាយពីអាជីពមួយនេះដែរ ដោយបានប្តូរធ្វើជាគ្រូបង្វឹកកីឡាប្រដាល់គុនខ្មែរនៅក្លិបឯកជន ដើម្បីបន្តគាំទ្រវិស័យប្រដាល់គុនខ្មែរ។

លោក អះអាងទៀតថា ប្រសិនបើថ្ងៃមុខជីវភាពធូធា និងបង្កើតក្លិបគុនខ្មែរផ្ទាល់ខ្លួន ដើម្បីបង្ហាត់គុនខ្មែរដល់ក្មេងៗជំនាន់ក្រោយ។​ អតីតអ្នកប្រដាល់គុនខ្មែរដែលគ្រងខ្សែក្រវ៉ាត់ជាតិនិងអន្តរជាតិចំនួន៥ បានអោយដឹងទៀតថា ទោះបីរូបគេលាលែងពីការឡើងសង្វៀនប្រដាល់ក្តី តែជីវភាពរបស់គេពុំមានជួបប្រទះនិងបញ្ហាហិរញ្ញវត្ថុនោះទេ ដោយគេអាចស្វែងរកប្រាក់ចំណូលប្រចាំខែយកមកទ្រទ្រង់គ្រួសារប្រហាក់ប្រហែលទៅនិងកាលពីនូវឡើងសង្វៀនប្រកួតដែរ។

លោក បញ្ជាក់ថា ប្រាក់ចូលទាំងអស់នោះ ទទួលបានពីការបង្ហាត់នៅតាមក្លិបឯកជន និងការលក់សំលៀកបំពាក់តាមអនឡាញជាមួយភរិយា។

សូមបញ្ជាក់ថា កីឡាករ សេន ប៊ុនថេន មានស្រុកកំណើត នៅស្រុកចំការលើ ខេត្ត កំពង់ចាម ជាកូនទី១ មានបងប្អូន៧នាក់បានចូលប្រឡុកក្នុងវិស័យគុនខ្មែរនៅឆ្នាំ២០០៣ ហើយបានលាឈប់ពីការឡើងសង្វៀននៅដើមឆ្នាំ២០១៨ បច្ចុប្បន្នរូបគេជាមន្រ្តីនគបាលមួយរូប ដែលស្ថិតនៅក្រោមចំណុះអង្គភាពកីឡាក្រសួងមហាផ្ទៃ៕

ប្រភពពីផេក: The SEATV Sports HD