វាយ​កូន​បាល់៖ ​អ្នកការពារ​តំណែង​ជើងឯក​កីឡា​ការិនី​រ៉ូ​ម៉ា​នី Simona Halep​ បាន​បន្ត​ដំណើរ​ឡើង​ជុំ​ទី​3 ​ហើយ​នៃ​ព្រឹត្តិការណ៍ Grand Slam, French Open បន្ទាប់ពី​យកឈ្នះ​កីឡា​ការិនី​ប៉ូឡូញ Magda Linette 6-4, 5-7, 6-3​។

​​នេះ​ជា​ការ​ប្រកួត​ដ៏​តានតឹង​មួយ​សំរាប់ Halep​ ខណៈ​នាង​កំពុង​មាន​ជំងឺ​ចំណាយ​ពេល​ដល់​ទៅ 2ម៉ោង 11នាទី​ឡើង​ជុំ​ទី3 ​បន្ត​ជួប​ជាមួយ​អ្នកឈ្នះ​រវាង Aleksandra Krunic​ និង Lesia Tsurenko ​ដែល​ប្រកួត​គ្នា​មិនទាន់​បញ្ចប់​។​ ​ជាមួយគ្នា​នោះ​ដែរ French Open នឹង​មិន​មាន​កីឡា​ការិនី​ម្ចាស់ផ្ទះ​បារាំង​សូម្បី​ម្នាក់​ឡើង​ជុំ​ទី​3 ជា​លើក​ដំបូង​រាប់​ពី​ឆ្នាំ​1986 បន្ទាប់ពី Caroline Garcia ចាញ់​។

​​ងាក​មក​ជើងឯក Grand Slam 23កម្មវិធី Serena Williams ក៏បាន​បន្ត​ដំណើរ​ទៅមុខ​ដែរ ក្រោយ​កីឡា​ការិនី​អាមេរិក​រូប​នេះ​យក​ឈ្នះ​កីឡា​ការិនី​ជប៉ុន Kurumi Nara 6-3, 6-2​។​ ​កីឡា​ការិនី​វ័យ 37ឆ្នាំ​រូប​នេះ​បាន​ចំណាយ​ពេល​តែ 1ម៉ោង 7នាទី​ប៉ុណ្ណោះដើម្បី​យកឈ្នះ​ឡើង​ជុំ​បន្ត ​ជួប​ជាមួយ​កីឡា​ការិនី​មិត្ត​រួម​ជាតិ​អាមេរិក Sofia Kenin​។

​​ចំណែក​ការប្រកួត​ផ្នែក​បុរស​វិញ កីឡាករ​ស៊ែ​ប​លំដាប់​លេខ​1 ​ពិភពលោក Novak Djokovic​ ក៏​គ្មាន​បញ្ហា​ដែរ ក្រោយ​យកឈ្នះ​កីឡាករ​ស្វ៊ី​ស Henri Laaksonen 6-1, 6-4, 6-3​។ ​កីឡាករ​វ័យ 32ឆ្នាំ​រូប​នេះ​នឹង​បន្ត​ជួប​ជាមួយ​កីឡាករ​អ៊ីតាលី Salvatore Caruso ដែល​ទម្លាក់ Gilles Simon​។ ​គូ​ចុងក្រោយ​កីឡាករ​អា​ហ្ស​ង់​ទីន Juan Martin del Potro​ បន្ត​ឡើង​ជុំ​ទី​3 ​ហើយក្រោយ​យកឈ្នះ​កីឡាករ​ជប៉ុន Yoshihito Nishioka 5-7, 6-4, 6-2, 6-7(5-7), 6-2៕

​អត្ថបទ​៖​នាង សុភា​វុ​ធ​ ប្រភពពី: BTV