កីឡាការិនី Angela Lee ឬ «Unstoppable» ត្រូវបានគេមើលឃើញថាជាកីឡាការិនីគុនចម្រុះលេចធ្លោលំដាប់ពិភពលោកសម្រាប់អ្នកគាំទ្រហើយជាពិសេស កីឡាការិនីវ័យក្មេងរូបនេះទទួលបានជោគជ័យជាបន្តបន្ទាប់ក្នុងពិភពក្បាច់គុនចម្រុះ។

ម្ចាស់ខ្សែក្រវាត់ពិភពលោក ONE Women’s Atomweight World Champion បានតស៊ូជម្នះរាល់ឧបសគ្គតាំងពីនៅក្មេងវ័យមុនទទួលបានកេរ្តិ៍ឈ្មោះត្រដែតលើឆាកអន្តរជាតិ។ យ៉ាងណាក្ដី កីឡាការិនីរូបនេះអះអាងថា មានស្ត្រីជាគំរូល្អនៅពីក្រោយភាពជោគជ័យដ៏សំខាន់នេះ គឺម្ដាយ Jewelz និង ជីដូនរបស់ខ្លួន។ ម្ដាយរបស់ Lee មានកម្រិតខ្សែក្រវាត់ខ្មៅខាងក្បាច់គុនដែលជួយណែនាំផ្លូវ និង ការចិញ្ចឹមបីបាច់ថែរក្សាយ៉ាងល្អតាំងពីតូចរៀងមក។ កីឡាការិនីសញ្ជាតិសិង្ហបុរីរូបនេះនឹងឡើងការពារខ្សែក្រវាត់របស់ខ្លួនទល់នឹង Xiong Jing Nan ឬ គេស្គាល់រហស្សនាមថា «The Panda» នៅសង្វៀន ONE: CENTURY PART I នាថ្ងៃទី ១៣ ខែ តុលា ខាងមុខនៅក្រុងតូក្យូប្រទេសជប៉ុន។

«ម៉ាក់របស់ខ្ញុំជាមនុស្សដ៏ខ្លាំងម្នាក់សម្រាប់គ្រួសារ។ គាត់ធ្វើអ្វីៗគ្រប់យ៉ាងដើម្បីគ្រួសារ។ ហើយជីដូនរបស់ខ្ញុំក៏ជាគំរូ ល្អម្នាក់សម្រាប់ជីវិតរបស់ខ្ញុំដែរ»។ កីឡាការិនីវ័យ ២៣ ឆ្នាំថ្លែងបែបនេះ។ កីឡាការិនីដដែលបញ្ជាក់ថា ៖«ជីដូនរបស់ខ្ញុំជួយចិញ្ចឹមខ្ញុំ គាត់ជួយមើលថែខ្ញុំ។ នោះជាក្ដីស្រលាញ់សម្រាប់គ្រួសារ។ គាត់តែងតែមើលថែចៅៗ។ តាំងពីខ្ញុំក្លាយជាជើងឯកពិភពលោក ជីដូន និងជីតា គឺជាអ្នកគាំទ្រលេខ១»។ Lee និង ប្អូនប្រុស Christian Lee ជាម្ចាស់ខ្សែក្រវាត់ ONE Lightweight World Champion បានចាប់ផ្ដើមហ្វឹកហាត់តាំងពីក្មេងដោយសារមានការណែនាំពីសំណាក់ឳពុកម្ដាយ។ Ken ដែលជាឳពុករបស់ Lee គឺជាគ្រូបង្វឹក ហើយលោកនាំផ្លូវឲ្យកូនរបស់ខ្លួនទទួលជោគជ័យដល់បច្ចុប្បន្ន។ Lee សង្កត់ធ្ងន់ថា៖«ខ្ញុំនៅតែទទួលការណែនាំ និង ដំបូន្មានរបស់គាត់ដល់បច្ចុប្បន្ននេះ»។

«Unstoppable» គូសបញ្ជាក់យ៉ាងដូច្នេះ៖« ខ្ញុំធ្វើជាគំរូល្អ និង ជាលំនាំល្អ ដែលខ្ញុំបានទទួលកន្លងមក។ វាជារឿងធម្មជាតិសម្រាប់ខ្ញុំ។ ខ្ញុំចូលចិត្តធ្វើវា។ ឥឡូវនេះប្អូនស្រីរបស់ខ្ញុំ Victoria មានចំណែកការលើកទឹកចិត្តពីខ្ញុំ។ ប្អូនខ្ញុំទើប ១៥ ឆ្នាំតែនាងពិតជាអស្ចារ្យណាស់ »។ Victoria ដែលជាប្អូនបង្កើតរបស់ Lee ទទួលការលើកទឹកចិត្តផ្នែកស្មារតីពីសំណាក់កីឡាការិនីលំដាប់ពិភពលោកនៅក្នុងគ្រួសារ និង អាចមានឈ្មោះសំឡេងទៅថ្ងៃមុខ។

ONE: CENTURY ជាការប្រកួតគុនចម្រុះលំដាប់ពិភពលោកមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ។ ក្នុងនោះមានការប្រកួតដណ្ដើមខ្សែក្រវាត់ ជាច្រើនដូចជាវគ្គផ្ដាច់ព្រ័ត្រ World Grand Prix Championship ក្នុង៣ប្រភេទទម្ងន់ផ្សេងគ្នា ហើយមានគូប្រកួតជើងឯកពិភពលោក ប៉ះជើងឯកពិភពលោក។ កុំភ្លេចតាមដាន កម្មវិធីកក្រើកមិនធ្លាប់មានគម្រប់១០០លើកនៃការរៀបចំការប្រកួតរបស់ស្ថាប័ន ONE Championship ត្រូវបានដាក់ឈ្មោះថា ONE: CENTURY។

ONE CENTURY នឹងរៀបចំឡើងនៅថ្ងៃទី ១៣ តុលា ខាងមុខនឹងផ្សាយបន្តផ្ទាល់ចាប់ពីម៉ោង ៩ យប់តទៅ (ម៉ោងកម្ពុជា) តាមរយៈ https://www.facebook.com/ONEChampionship/ , ONE Super App និង YouTube: https://www.youtube.com/user/OneFCMMA។

អត្ថបទ៖ ស៊ីធី

សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង