ក្នុងរយៈពេល១ឆ្នាំមកនេះ “Unstoppable” Angela Lee ដែលបានតតាំងនឹង “The Panda” Xiong Jing Nan ពីរដងមកនោះគ្រោងជួបគូប្រជែងថ្មីនាពេលខាងមុខ។ ការដឹងតម្រុយនេះបន្ទាប់ពី Denice “The Menace Fairtex” Zamboanga ទទួលជ័យជម្នះនៅក្នុងកម្មវិធី ONE: KING OF THE JUNGLE កាលចុងខែកុម្ភៈ។

ប្រធាននិងជានាយកប្រតិបត្តិ ONE Championship លោក Chatri Sityodtong បានប្រកាសភ្លាមៗ ថា Zamboanga ត្រូវដណ្ដើមខ្សែក្រវាត់ ONE Women’s Atomweight World Title ពី Angela Lee។ កីឡាការិនីវ័យ២៣ ឆ្នាំមកពីហ្វីលីពីនរូបនេះកើនកំណត់ត្រាល្អឥតខ្ចោះ គឺ ឈ្នះ ៧ លើកមិនដែលចាញ់សោះ រួមទាំងការឈ្នះ២លើកជាប់គ្នានៅសង្វៀន The Home Of Martial Arts។ ជាមួយគ្នានេះ Lee បានទទួលស្គាល់ថា Zamboanga ជាគូប្រជែងដ៏ស្រួចស្រាល់បំផុតម្នាក់។

«ខ្ញុំគិតថា Denice ជាតារាកំពុងរះដ៏មានទេពកោសល្យ។ គេជាកីឡាការិនីប្រកួតបានល្អបំផុតក្នុងក្បាច់គុនចម្រុះ ។ ខ្ញុំរំភើបណាស់ដែលអាចជួបរូបគេនៅសង្វៀន ONE។ Denice នៅក្មេង និងស្រេកឃ្លាននឹងជ័យជម្នះ។ ខ្ញុំគិតថាគេជាអ្នកជំនាញនៃក្បាច់គុនចម្រុះជំនាន់ក្រោយ។ ខ្ញុំបានឃើញការប្រកួតរបស់លើកមុនៗ ហើយគេមានបច្ចេកទេសល្អណាស់»។ Lee ថ្លែងបែបនេះ។

ការបង្ហាញខ្លួនដ៏ល្អរបស់ Zamboanga បានធ្វើឲ្យគេចាប់អារម្មណ៍សឹងគ្រប់គ្នា បន្ទាប់ពីឈ្នះពិន្ទុជាឯកច្ឆន្ទលើ កីឡាការិនីជើងខ្លាំងជប៉ុន Mei “V.V.” Yamaguchi ដែលជាកីឡាការិនីម្នាក់ធ្វើឲ្យ Lee មានការប្រកួតប្រជែងខ្លាំងក្នុងការដណ្ដើមខ្សែក្រវាត់ World Championship ចន្លោះពីឆ្នាំ ២០១៦ ដល់ ២០១៨។

“The Menace” បានផ្ដួលកីឡាការិនីជំនាញចំបាប់ជប៉ុនជាពិសេសក្បាច់ចូលចាប់ផ្ដួលគូប្រកួតឲ្យដេកលើក្ដាររេញ។ “Unstoppable” ក៏មិនធម្មតាដែរមុនពេលឈ្នះ និងការពារខ្សែក្រវាត់បានជាបន្តបន្ទាប់។ បែបណាក្ដី Lee ទទួលស្គាល់ថា Denice ជាគូប្រជែងដ៏លំបាកនាពេលខាងមុខ។

«ខ្ញុំគិតថា Denice និងគ្រូបង្វឹករបស់គេធ្វើការបានល្អណាស់ហើយមានផែនការល្អនៅលើសង្វៀនទៀតផង។ គេអាចអនុវត្តន៍ការប្រកួតបានល្អនៅលើសង្វៀន។ Denice ពិតជាគ្រោះថ្នាក់ណាស់ ហើយ ខ្ញុំមិនអាចមើលងាយគេរូបគេបានទេ»។

បែបណាក្ដីការប្រកួតដណ្ដើមខ្សែក្រវាត់នេះមិនទាន់ត្រូវបានបង្ហាញថាត្រូវប្រកួតនៅថ្ងៃណានោះឡើយ ប៉ុន្តែទំនងអាចកើតឡើងមុនពេលថ្ងៃទី ២៩ ខែ ឧសភា ខាងមុខ។ ការប្រកួតនោះទំនងត្រូវរៀបចំឡើង ប៉ុន្តែមិនមានទស្សនិកជនចូលទស្សនានោះឡើយដោយសារការចូលរួមទប់ស្កាត់មេរោគ COVID-19 ។

លើសពីនេះ “Unstoppable” មិនសូវព្រួយបារម្ភប៉ុន្មានឡើយដើម្បីការពារខ្សែក្រវាត់ World Title ប៉ុន្តែ អ្វីដែលសំខាន់ Lee ទទូចឲ្យកីឡាករកីឡាការិនី និង អ្នកគាំទ្រថែរក្សាខ្លួនឲ្យមានសុវត្ថិភាព។
ម្ចាស់ខ្សែក្រវាត់ទទូច ONE Women’s Atomweight World Title ទទូចបែបនេះ ៖«ខ្ញុំជឿជាក់ថា អ្នករាល់គ្នាថែសុខភាពឲ្យបានល្អ និងថែអនាម័យជាប្រចាំនាពេលនេះ។ ខ្ញុំសូមបន់ស្រន់ឲ្យអ្នកមានជំងឺ កូរ៉ូណា ឆាប់ជាសះស្បើយ»។

កុំភ្លេចទស្សនា កម្មវិធីប្រកួត បន្តបន្ទាប់របស់ស្ថាប័ន ONE Championshipរយៈ Facebook,Twitter, YouTube, និង ONE Super App៕

អត្ថបទ៖ ស៊ីធី