លោក Didier Deschamps ដែលជាគ្រូបង្វឹកក្រុមជម្រើសជាតិបារាំងបច្ចុប្បន្ន បានប្រាប់ទៅដល់កីឡាករ Olivier Giroud អោយចាកចេញពីក្លិបតោខៀវ Chelsea អំឡុងពេលទីផ្សារដោះដូរកីឡាករខាងមុខនេះ ដោយសារតែ រូបគេមិនសូវមានឱកាសចូលប្រកួត ខណៈពេលដែលខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះត្រូវបានក្លិប Inter Milan កំពុងតាមចែចូវ។

ខ្សែប្រយុទ្ធវ័យ៣៣ឆ្នាំរូបនេះ ហាក់មិនស្ថិតក្នុងគម្រោងរបស់លោក Lampard នោះទេ ដោយមានឱកាសបង្ហាញខ្លួនបានតែ៦ប្រកួតប៉ុណ្ណោះក្នុងរដូវកាលថ្មីនេះ។ យ៉ាងណាមិញ កុងត្រារបស់រូបគេ ជាមួយនឹងក្លិប Chelsea នឹងផុតកំណត់នៅខែមិថុនា ឆ្នាំក្រោយនេះ។`

កីឡាករ Olivier Giroud បានត្រឹមជាខ្សែប្រយុទ្ធលំដាប់ទី២ប៉ុណ្ណោះ សម្រាប់លោក Lampard ដោយភាគច្រើនគ្រូបង្វឹកសញ្ជាតិអង់គ្លេសរូបនេះ ជ្រើសរើសខ្សែប្រយុទ្ធវ័យក្មេងកីឡាករ Tammy Abraham ជាជម្រើសដំបូង។

យោងតាមកាសែត Gazzetta dello Sport បានអោយដឹងថា លោក Didier Deschamps កំពុងបារម្ភពីកង្វះពេលវេលានៃការចូលប្រកួតរបស់កីឡាករ Giroud ដែលអាចធ្វើអោយរូបគេបាត់បង់ឱកាសលេងក្នុងជម្រើសជាតិ ដោយលោកបាននិយាយថា៖ ប្រសិនបើគាត់ចង់បានកៅអីក្នុងជម្រើសជាតិដើម្បីប្រកួតយូរ៉ូ២០២០នោះ គាត់ត្រូវតែស្វែងរកពេលវេលាលេងអោយបានច្រើន។

គួររម្លឹកផងដែរថា កីឡាករ Olivier Giroud បានចាកចេញពីក្លិបកាំភ្លើងធំ Arsenal មកចូលរួមជាមួយនឹងក្លិបតោខៀវ Chelsea កាលពីឆ្នាំ២០១៨ ជាមួយនឹងតម្លៃ១៧លានអឺរ៉ូ (ឬប្រហែល១៨លានដុល្លារអាមេរិក) ដោយស៊ុតបញ្ចូលទីបាន១៩គ្រាប់ និងបញ្ជូនបាល់អោយមិត្តរួមក្រុមទម្លុះសំណាញ់ទីបានចំនួន១៣ដង​ក្នុងការបង្ហាញខ្លួនចំនួន៦៩ប្រកួត៕`