វីរកីឡាការិនី កែ ឡេង នៅតែមានការជឿជាក់ថា គាត់នៅតែអាចបន្តឈ្នះបានមេដាយមាស លើវិញ្ញាសាវាយយកពិន្ទុ ជាលើកទី៥ បើសិនជាសុខភាពរបស់គាត់ល្អ ភ្នែកគាត់នៅតែភ្លឺច្បាស់នោះ ហើយការអះអាងបែបនេះ បន្ទាប់ពីអ្នកស្រី បានបន្តឈ្នះមេដាយមាស លើវិញ្ញាសានេះ ជាលើកទី៤ ក្នុងការប្រកួតកីឡាប៉េតង់ជើងឯកពិភពលោកយុវជន និងស្រ្តី លើកទី១៧ ឆ្នាំ២០១៩ នៅលើទឹកដីខ្លួនឯង កាលពីចុងសប្តាហ៍មុននេះ។

កីឡាការិនីជើងចាស់ ដែលមានងារជាឧត្តមសេនីយ៍ត្រី កែ ឡេង ហាក់មានការបារម្ភផងដែរ ទៅលើវ័យរបស់ខ្លួន ដែលអាចនឹងធ្វើឲ្យសុខភាពរបស់គាត់ មានការធ្លាក់ចុះទៅតាមអាយុកាល ខណៈភ្នែករបស់គាត់ ក៏អាចនឹងមើលមិនសូវច្បាស់ ដូចពេលនេះផងដែរ ទម្រាំដល់ការ ដល់ការប្រកួតកីឡាប៉េតង់ជើងឯកពិភពលោកយុវជន និងស្រ្តី លើកទី១៨ ឆ្នាំ២០២១ នោះ។

ម្ចាស់មេដាយមាស៤លើកជាប់ៗគ្នា កែ ឡេង បាននិយាយ នៅក្រោយការបំពាក់មេដាយមាស កាលពីល្ងាចថ្ងៃសៅរ៍ថា ៖«ចំពោះការកាពារមេដាយមាសនេះឲ្យបានជាលើកទី៤ ឬយ៉ាងណានោះ ខ្ញុំនៅមិនទាន់ហ៊ានថាយ៉ាងម៉េចទេ ព្រោះវ័យរបស់ខ្ញុំ កាន់តែទៅមុខហើយ តែខ្ញុំសុំនិយាយមួយម៉ាត់ថា រឿងសំខាន់បំផុត គឺសុខភាព និងភ្នែករបស់ខ្ញុំ! បើសុខភាពខ្ញុំល្អ ភ្នែកខ្ញុំនៅភ្លឺច្បាស់ ខ្ញុំអាចនឹងបន្តទទួលតំណែងនេះទៀត»។

សម្រាប់ការប្រកួតកីឡាប៉េតង់ជើងឯកពិភពលោកយុវជន និងស្រ្តី លើកទី១៧ ឆ្នាំ២០១៩ ដែលត្រូវបានធ្វើឡើង នៅលើទឹកដីកម្ពុជា ជាលើកដំបូង ដែលបានចាប់ផ្តើមពីថ្ងៃទី១៩ និងបានបញ្ចប់ កាលពីល្ងាចថ្ងៃទី២៣ ខែវិច្ឆិកា កន្លងមកនេះ កីឡាការិនី កែ ឡេង បានឈ្នះមេដាយមាសលើវិញ្ញាសាវាយយកពិន្ទុ ជាលើកទី៥ បន្ទាប់មកអ្នកស្រី បានយកឈ្នះកីឡាការិនីឡាវ Bivilak Thepphpkan ៣៦-២២ នៅវគ្គផ្តាច់នោះ គឺបន្ថែមទៅលើការឈ្នះមេដាយមាសនេះ កាលពីឆ្នាំ២០១៣ ឆ្នាំ២០១៥ និងឆ្នាំ២០១៧។

បន្ថែមលើនេះ វីរនារី កែ ឡេង បានរួមគ្នាជាមួយវីរកីឡាការិនី អ៊ុក ស្រីមុំ, អ៊ុន ស្រីយ៉ា និង កែវ សុវណ្ណា (បម្រុង) ដើម្បីឈ្នះមេដាយសំរឹទ្ធ១ទៀត លើវិញ្ញាសា ៣នាក់ទល់៣នាក់ បន្ទាប់ពីក្រុមមួយនេះ បានចាញ់ក្រុមឡាវ ១៣-៦ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ប៉ុន្តែក្រុមនារីកម្ពុជាទី២ និងក្រុមយុវជនកម្ពុជាទី២ បានធ្លាក់នៅវគ្គ៨ក្រុមចុងក្រោយ ដ៏គួរឲ្យសោកស្តាយដូចគ្នា ហើយកីឡាករ ឃួន លីហ័រ ក៏បានធ្លាក់ត្រឹម៨នាក់ចុងក្រោយផងដែរ ខណៈក្រុមយុវជនកម្ពុជាទី១ បានធ្លាក់ក្នុងវគ្គជម្រុះ។

ដោយឡែក ក្រុមនារីថៃ យកឈ្នះក្រុមឡាវ នៅវគ្គផ្តាច់ព្រ័ត្រ ដើម្បីក្លាយជាម្ចាស់ជើងឯក ការប្រកួត៣នាក់ទល់៣នាក់ផ្នែកស្រ្តី ឯក្រុមបារាំង បានលេខ៣ស្ទួនជាមួយកម្ពុជា ចំណែកក្រុមយុវជនបារាំង បានយកឈ្នះក្រុមឡាវ នៅវគ្គផ្តាច់ព្រ័ត្រដែរ ដើម្បីឈ្នះមេដាយមាស ការប្រកួត៣នាក់ទល់៣នាក់ផ្នែកយុវជន រីឯលេខ៣ស្ទួន បានទៅថៃ និងក្រុមអេស្ប៉ាញ ហើយវាយយកពិន្ទុផ្នែកយុជន លេខ១បានទៅកីឡាករថៃ លេខ២កីឡាករម៉ូណាកូ លេខ៣ស្ទួនបានទៅកីឡាករម៉ាដាហ្គាស្កា និងបារាំង។

ជុំវិញការធ្លាក់របស់ក្រុមសិស្សប្អូនទាំងនេះ វីរនារី កែ ឡេង បាននិយាយថា៖«ខ្ញុំមានការសោកស្តាយដែរ ដែលក្រុមនារីទី២ និងប្អូនៗយុវជនរបស់យើង មិនទទួលបានលទ្ធផលល្អ ដោយសារគ្នានៅមានបទពិសោធតិចពេក ប៉ុន្តែខ្ញុំជឿជាក់ថា ប្អូនៗជាយុវជន យុវនារីជំនាន់ក្រោយ ទៅថ្ងៃអនាគត ក៏អាចឈានទៅដល់ការវគ្គផ្តាច់ព្រ័ត្រដូចខ្ញុំដែរ»៕