ខ្សែប្រយុទ្ធ Antoine Greizmann ត្រូវបានគេដឹងថាចង់ឲ្យ Barcelona នាំយកខ្សែប្រយុទ្ធរបស់ក្លិបអ្នកមាននៅបារាំង Paris Saint-Germain កីឡាករ Neymar ត្រឡប់មកវិញនៅទីផ្សារដោះដូរកីឡាកររដូវក្ដៅ។

ខ្សែប្រយុទ្ធជម្រើសជាតិប្រេស៊ីលរូបនេះបានផ្លាស់ពីក្លិបមានមូលដ្ឋាននៅតំបន់កាតាឡាន់ទៅចូលរួមជាមួយ PSG កាលពីឆ្នាំ២០១៧ ក្នុងតម្លៃខ្លួន ១៩៨លានផោន ប៉ុន្តែគេក៏មានព័ត៌មានលេចឭយ៉ាងច្រើនមកថា Neymar មានភាគរយខ្ពស់អាចនឹងត្រឡប់មកលេងនៅកីឡដ្ឋាន Camp Nou វិញកាលពីទីផ្សារកន្លងទៅ។

យ៉ាងណាមិញ ការផ្ទេរ Neymar ត្រឡប់មកវិញមិនអាចកើតឡើងបាននោះទេ ដោយ Barcelona មិនហ៊ានចំណាយប្រាក់ ២០០លានផោនដែលជាតម្លៃ PSG ចង់បាន។

យោងតាមកាសែត The Mirror ខ្សែប្រយុទ្ធ Griezmann បានឯកភាពយ៉ាងពេញទំហឹងទៅលើការនាំយកខ្សែប្រយុទ្ធវ័យ២៧ឆ្នាំ Neymar មកលេងនៅ Barcelona វិញ។ ជាមួយគ្នានេះ Lionel Messi ក៏ត្រូវបានគេដឹងថាបានជំរុញឲ្យ Barcelona ចរចានាំយកដៃគូចាស់របស់គេ Neymar ត្រឡប់មកវិញជាថ្មីផងដែរ។

គួរបញ្ជាក់ឡើងវិញដែរថា Barcelona បានចំណាយប្រាក់ដល់ទៅ ១០៨លានផោនដើម្បីទិញយកជម្រើសជាតិបារាំង Greizmann កាលពីទីផ្សាររដូវក្ដៅកន្លងទៅ ដែលនេះជាហេតុផលមួយធ្វើឲ្យក្លិបអ្នកមានបុណ្យមិនមានថវិកាគ្រប់គ្រាន់ដើម្បីទិញយក Neymar នៅពេលនោះ ប៉ុន្តែគេជឿថា Barcelona នឹងដាក់សំណើជាថ្មីទៅកាន់ PSG ដើម្បីនាំយកអតីតម្ចាស់អាវលេខ១១របស់ខ្លួននៅក្នុងរដូវកាលនេះ៕