សៀមរាបៈ ការបើករដូវកាលនៃព្រឹត្តិការណ៍ Tiger Street Football 2020 នៅក្នុងប្រទេសកម្ពុជា ប្រចាំមណ្ឌលទី២ ខេត្តសៀមរាប បានចាប់ផ្តើមដំណើរការហើយ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ ២០២០ នេះ ដែលមានក្រុមចូលរួមរហូតដល់១១៩ក្រុម មកពីខេត្តចំនួន៤គឺ សៀមរាបម្ចាស់ផ្ទះ ឧត្តរមានជ័យ ព្រះវិហារ និងកំពង់ធំ។

Tiger Street Football 2020 មណ្ឌលទី២នេះ ដំណើរការប្រកួតរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៧រហូតដល់ថ្ងៃ ទី១៩ ខែ មករា ទើបបញ្ចប់ការប្រកួតផ្លូវការ ហើយថ្ងៃបើកការប្រកួតដំបូងមាន៥១ប្រកួត ថ្ងៃទី២ មាន៣៦ប្រកួត និងថ្ងៃទី៣ដែលជាថ្ងៃបញ្ចប់មានមាន៣២ប្រកួត ហើយក្រុមដែលមានសំណាងឡើងមកដល់វគ្គ៨ក្រុមចុងក្រោយទោះមិនបានជាប់ជ័យលាភីក៍ជាប់ចំណាត់ក៍ត្រូវឡើងទៅប្រកួតវគ្គផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញ ខណៈ៨ក្រុមដែលធ្លាក់ត្រឹមវគ្គជម្រុះ១៦ចុង និងត្រូវចាប់ឆ្នោតជ្រើសរើសយក៤ក្រុមមកគ្រប់១២ក្រុមឡើងមកប្រកួតវគ្គផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញ។

លោក ទុយ វិច្ឆិកា ប្រធានក្រុមបច្ចេកទេស នៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា មានប្រសាសន៍ថា ក្នុងនាមប្រធានក្រុមបច្ចេកទេសនៃ សហព័ន្ធបាល់ទាត់កម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅចំពោះក្រុមហ៊ុនស្រាបៀរ Tiger (CBL) ដែលបានសហការជាមួយសហព័ន្ធបាល់ទាត់កម្ពុជាបង្កើតព្រឹត្តិការណ៍ប្រកួតបាល់ទាត់ផ្តល់ឱកាសក្រុមបាល់ទាត់នៅកម្ពុជាបានចូលរួមប្រកួតប្រជែងបញ្ចេញសមត្ថភាពទេពកោសល្យដែលបានហាត់រៀនកន្លងមក ហើយនេះ ក៍ជាឱកាសល្អមួយសម្រាប់កីឡាករទាំងអស់ដែលឆ្លៀតពេលពីការបំពេញការងារ និងការសិក្សាបានចូលរួមប្រកួតលេងកំសាន្តជាមួយបាល់ទាត់ និងទទួលបានប្រាក់រង្វាន់ពីក្រុមហ៊ុនស្រាបៀរ Tiger (CBL) ផងដែរ។ លោក ក៍បានផ្តាំផ្ញើរដល់កីឡាករទាំងអស់ត្រូវប្រកួតគោរពគោលការណ៍យុត្តិធម៍ ពោលលេងដោយការគោរពយោគយល់អាធ្យាស្រ័យគ្នាទៅវិញទៅមក។

គួរបញ្ជាក់ផងថា Tiger Street Football ដែលរៀបចំនៅកម្ពុជារៀងរាល់ឆ្នាំនេះ បានផ្តល់ជាឱកាសឲ្យមានការ ប្រកួតប្រជែងនៅលើទីលានកម្រិតស្តង់ដា ហើយទីលាននេះហើយនិងជួយឲ្យកីឡាករទាត់បាល់នៅកម្ពុជាបញ្ចេញអស់នៅសមត្ថភាពទេពកោសល្យ និង សេចក្តីតាំងចិត្តដ៍មោះមុតដើម្បីក្លាយជាជើងឯក ឡើងទៅជួបតារាបាល់ទាត់ពិភពលោក លោក Rio Ferdinand ដែលលោក និងអញ្ជើញមកទីលានដោយផ្ទាល់នៅថ្ងៃទី29 កុម្ភៈនិងថ្ងែទី1មិនាឆ្នាំ2020 រាជធានីភ្នំពេញ។ ក្រុមហ៊ុនស្រាបៀរ Tiger ជឿជាក់ថា វត្តមានតារាបាល់ទាត់ពិភពលោក លោក Rio Ferdinand មកដល់ទីលាននៅប្រទេសកម្ពុជា និងក្លាយជាចំណែកមួយជួយជម្រុញលើកទឹកចិត្តយុវជនកម្ពុជាមានទឹកចិត្តផុសផុលក្នុងវិស័យកីឡាបាល់ទាត់ និងលើកស្ទួយវិស័យកីឡាបាល់ទាត់នៅកម្ពុជាយើងផងដែរ។

ដោយឡែកក្រុមដែលទទួលបានប្រាក់រង្វាន់ជ័យលាភីលើកទឹកចិត្តគឺមានតែ១ដល់លេខ៤ប៉ុណ្ណោះ ដោយក្រុមលេខ១ប្រចាំមណ្ឌលទទួលបានថវិកា១៥០០ដុល្លារ ចំណាត់លេខ២ទទួលបានថវិកា១០០០ដុល្លារ ចំណាត់លេខ៣ទទួលបានថវិកា៥០០ដុល្លារ និងចំណាត់លេខ៤ទទួលបាន២០០ដុល្លារ។

សម្រាប់ព្រឹត្តិការណ៍ ប្រកួតបាល់ទាត់ Tiger Street Football 2020 រដូវកាលទី៨ មាន៨មណ្ឌល រួមមានមណ្ឌលខេត្តកំពង់ស្ពឺ មណ្ឌលខេត្តសៀមរាប មណ្ឌលខេត្តប៉ោយប៉ែត មណ្ឌលខេត្តបាត់ដំបង មណ្ឌលខេត្តកំពង់ចាម មណ្ឌលខេត្តព្រះសីហនុ មណ្ឌលខេត្តតាកែវ និងបញ្ចប់នៅរាជធានីភ្នំពេញ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍បាល់ទាត់ Tiger Street Football 2020 រដូវកាលទី៨នេះ មាន៨មណ្ឌល ដែលមានប្រាក់រង្វាន់សរុបចំនួន៥០០០០ដុល្លារ ហើយ ការប្រកួតផ្តាច់ព្រ័ត្រនិងធ្វើនៅរាជធានីភ្នំពេញ ចាប់ពី ថ្ងៃទី29 កុម្ភៈនិងថ្ងែទី1មិនាឆ្នាំ2020 ហើយ វគ្គផ្តាច់ព្រ័ត្រនេះក៍មានការចូលរួមពី Rio Ferdinand ផងដែរ៕

ស្តែងចេញនូវការតាំងចិត្តដ៏មោះមុតរបស់អ្នក ជាមួយស្រាបៀរថៃហ្គ័រ។
ពិសាដោយការទទួលខុសត្រូវ៕