មុនពេលឡើងប្រកួតនៅក្នុងកម្មវិធី ONE: FIRE & FURY កីឡាករទាំង ៥ នាក់ខាងក្រោមបានប្រើជំនាញកណ្ដាប់ដៃ ទាត់ និង ជង្គង់ និង កែងជាដើមដើម្បីផ្ដួលគូប្រកួតឲ្យសន្លប់។ នេះជាការប្រកួតជក់ចិត្ត ទាំងក្បាច់មួយថៃ និង គុនចម្រុះ មុនពេលពួកគេឈានជើងចូលសង្វៀនសាជាថ្មី នាថ្ងៃទី ៣១ ខែ មករា នៅក្រុងម៉ានីលប្រទេសហ្វីលីពីន ហើយពូកគេបានឆក់យកការគាំទ្រមិនតិចនោះឡើយ។ វាជាការផ្ដួលដៃគូឲ្យសន្លប់ ៥ នាក់មិនអាចបំភ្លេចបាន។

#1 ការផ្ដួលដៃគូឲ្យសន្លប់របស់ Pacio ប្រចាំឆ្នាំ

Joshua Pacio ឬ ឈ្មោះហៅក្រៅ “The Passion” បានរងបរាជ័យ ទល់នឹង Yosuke “The Ninja” Saruta កាលខែ មករា កន្លងទៅ ប៉ុន្តែរូបគេមិនធ្វើឲ្យភ្លាត់ទៀតឡើយក្នុងការប្រកួតយកខ្សែក្រវាត់ ONE Strawweight World Title ក្នុងរយៈពេល ៤ ខែក្រោយមក។ នៅក្នុងកម្មវិធី ONE: ROOTS OF HONOR អ្នកលេងគុនចម្រុះ Pacio បានបញ្ចប់ Saruta ត្រឹមទឹកទី៤។ គ្រានោះ “The Passion” ប្រើជើងទាត់ដូចរន្ទះចំក្បាលហើយបន្ទាប់មកទៀត ក៏អុកជង្គង់ធ្វើឲ្យSaruta សន្លប់តែម្ដង។ នោះគឺជាការផ្ដួលគូប្រកួតឲ្យសន្លប់ប្រចាំឆ្នាំ ២០១៩ ដើម្បីដណ្ដើមខ្សែក្រវាត់ត្រលប់មកវិញ។

Pacio នឹងឡើងមកការពារខ្សែក្រវាត់ទល់នឹងអតីតម្ចាស់ខ្សែក្រវាត់កម្រិតពិភពលោកកីឡាករ Alex “Little Rock” Silva ក្នុងការប្រកួតគូឯកពីកម្មវិធី ONE: FIRE & FURY។

#2 ពេលវេលាដ៏ល្អបំផុតសម្រាប់ Folayang

ត្រលប់ទៅកាន់ឆ្នាំ ២០១៦ក្នុងកម្មវិធី ONE: DEFENDING HONOR កីឡាករសញ្ជាតិហ្វីលីពីន Eduard “Landslide” Folayang យកឈ្នះកីឡាករជប៉ុន Shinya “Tobikan Judan” Aoki និង គ្រងខ្សែក្រវាត់ ONE Lightweight World Championship។ Folayang បានប្រើពេលត្រឹម ពីរទឹកយ៉ាងល្អ មុនដល់ដំណាក់កាលប្រើជង្គង់ហោះនៅទឹកទី៣ ធ្វើឲ្យកីឡាករជប៉ុនដួលលើក្ដាររេញ។ Aoki ព្យាយាមដាក់សម្ពាធ ប៉ុន្តែនៅតែមិនអាចទៅរួច។ Folayang ក៏បានបោះកណ្ដាប់ដៃ មុនពេលបន្តអុកជង្គង់ទៀតលើ Aoki ។ ទីបំផុតត្រូវអាជ្ញាកណ្ដាលបញ្ឈប់ការប្រកួតនៅសល់ត្រឹម ៤១ វិនាទីទៀតចប់ទឹកទី៣។ Folayang ត្រលប់មកវិញក្នុងដំណើរឆ្ពោះទៅរកខ្សែក្រវាត់ជាថ្មី ហើយរូបគេត្រូវប្រកួតនៅថ្ងៃទី ៣១ មករា នេះក្នុងនាមជាគូឯករង។

#3 ជើងឆ្វេងរបស់ Petchdam ធ្វើឲ្យដៃគូសន្លប់ឈរ

ក្នុងការប្រកួត ONE Super Series អ្នកលេងមួយថៃ Petchdam Petchyindee Academy ឬ ឈ្មោះហៅក្រៅ “The Baby Shark” បានបញ្ចប់ Josh “Timebomb” Tonna នៅក្នុងកម្មវិធី ONE: PURSUIT OF POWER។ Tonna ធ្វើឲ្យកីឡាករថៃលំបាកនៅទឹកដំបូង ប៉ុន្តែ រូបគេបង្កើតកំហុសអាក្រក់នៅទឹកទី២ ដែលមិនគួរកើតមាន។ តារារបស់ថៃមានឱកាសសម្រុកមិនឲ្យ Tonna តដៃរួចនោះឡើយ។ “The Baby Shark” វ៉ៃសន្ធាប់លើដងខ្លួន និង បុកជង្គង់ចំគំថ្គាមរបស់ Tonna និង ធ្វើឲ្យគូប្រជែងខ្ទាតទៅកាន់ខ្សែរេញតែម្ដង។

#4 ការបំបែកកំណត់ត្រារបស់ Momotaro

Kohei “Momotaro” Kodera ទទួលជ័យជម្នះដ៏ធំក្នុងអាជីពរបស់ខ្លួន ពេលរូបគេវាយដៃគូឲ្យសន្លប់លឿនបំផុតនៅ ONE Super Series ក្នុងកម្មវិធី ONE: IMMORTAL TRIUMPH កាលខែ កញ្ញា កន្លងទៅ។ Momotaro បានចាប់បង្វិល Singtongnoi Por Telakun ដើម្បីចេញកណ្ដាប់ដៃ ជង្គង់ និង កែងតាមចិត្ត ។ ហើយបន្ទាប់មក Momotaro ក៏ប្រើដៃឆ្វេងវ៉ៃសន្ទាប់ផងដែរ។ ទីបំផុត “Momotaro” ទទួលជ័យជម្នះដោយផ្ដួលគូប្រកួតឲ្យសន្លប់ត្រឹម ៤១ វិនាទីប៉ុណ្ណោះ។

Momotaro នឹងជួបជើងខ្លាំង Petchdam ក្នុងការប្រកួតជក់ចិត្តលើប្រភេទទម្ងន់ flyweight នៅក្រុងម៉ានីល។

#5 ការផ្ដួលដៃគូរបស់ Kwon មិនដល់ ១នាទី

កីឡាករគុនចម្រុះតិចតួចធ្វើបានល្អបំផុតនៅសង្វៀនលំដាប់ពិភពលោកក្នុងរយៈពេលពីរបីឆ្នាំចុងក្រោយនេះ។ ក្នុងនោះ Kwon Won Il ឬ “Pretty Boy” ធ្វើបានយ៉ាងល្អនៅក្នុងកម្មវិធី ONE: ETERNAL GLORY។ បុរសសង្ហាជនជាតិកូរ៉េប្រើពេលត្រឹមជិតពីរនាទីប៉ុណ្ណោះ ដើម្បីផ្ដួល Anthony “The Archangel” Engelen ឲ្យសន្លប់ ទោះកីឡាករឥណ្ឌូណេស៊ី ខំអុកចង្ការបស់គេក៏ដោយ។
បុរសមកពីសេអ៊ូល ផ្ដួលដៃគូទៅក្តារេញ និង វ៉ៃពីលើរហូតដល់អាជ្ញាកណ្ដាលបញ្ឈប់ត្រឹម ៦៧ វិនាទីប៉ុណ្ណោះនៅទឹកទី១។ Kwon នឹងប៉ះម្ចាស់ជើងឯក Shooto Bantamweight World Champion កីឡាករ Shoko Sato នៅថ្ងៃទី ៣១ មករា។

កុំភ្លេចទស្សនា កម្មវិធីប្រកួតបន្ទាប់របស់ស្ថាប័ន ONE Championship សូមទស្សនា ONE: FIRE & FURY ពីក្រុមម៉ានីល នៅថ្ងៃទី ៣១ ខែមករាឆ្នាំ ២០២០ ចាប់ពីវេលាម៉ោង ៦:៣០ ល្ងាចតទៅដែលមានផ្សាយផ្ទាល់តាមរយៈ Facebook, Twitter, YouTube,និង ONE Super App៕

អត្ថបទ៖ ស៊ីធី