Pongsiri Mitsatit ឬ ឈ្មោះក្រៅ «The Smiling Assassin» មានអារម្មណ៍អន្ទះអន្ទែងពេលឡើងសង្វៀននៅថ្ងៃសុក្រទី ៣១ ខែ មករា ខាងមុខនេះ ប៉ុន្តែ រូបគេជឿជាក់ថាអាចផ្ដួលដៃគូឲ្យសន្លប់បាន។ Pongsiri Mitsatit នឹងជួប វីរបុរស Lito Adiwang ឬ “Thunder Kid” មកពីក្លិប Team Lakay ក្នុងការប្រកួតគុនចម្រុះ ទម្ងន់ strawweight ក្នុងកម្មវិធី ONE: FIRE & FURY ដែលរៀបនៅសង្វៀន Mall Of Asia Arena នាក្រុងម៉ានីលប្រទេសហ្វីលីពីន។

ក្នុងការតាំងចិត្ត Pongsiri Mitsatit ត្រៀមខ្លួនដើម្បីផ្ដួលគូប្រកួតម្ចាស់ស្រុកឲ្យសន្លប់ឲ្យខាងតែបានជាពិសេសការប្រើកណ្ដាប់ដៃ។ កីឡាករវ័យ ២៣ឆ្នាំរបស់ថៃបានគូសបញ្ជាក់ថា៖«វាជារឿងលំបាកពេលប្រកួតទល់នឹងកីឡាករម្ចាស់ផ្ទះ ប៉ុន្តែខ្ញុំក៏ធ្លាប់ប្រកួតបែបនេះពីមុនមកដែរ។ វាអាចមានអារម្មណ៍តក់ស្លុតបន្តិច ប៉ុន្តែ ខ្ញុំអាចគ្រប់គ្រងបាន។ ខ្ញុំដឹងថានឹងមានមនុស្សជាច្រើនអបអរ Lito។ ប៉ុន្តែខ្ញុំត្រូវការឈ្នះ ហើយខ្ញុំមិនត្រូវមានសម្ពាធខ្លាំងពេកទេ។ ខ្ញុំផ្ដោតអារម្មណ៍លើជ័យជម្នះ»។

Adiwang មានកំណត់ត្រាប្រកួតគុនចម្រុះ ឈ្នះ១០ លើក និង ចាញ់ ២លើក ក្នុងនោះមានអត្រាជ័យជម្នះ៩០ ភាគរយ តាំងពីចូលប្រកួតនៅសង្វៀន Rich Franklin’s ONE Warrior Series កាលខែ តុលា ឆ្នាំ ២០១៨។ កីឡាករជំនាញ វូស៊ូ បានឈ្នះការប្រកួតពីរលើកដំបូងដោយផ្ដួលដៃគូឲ្យសន្លប់ម្ដង និង ឈ្នះ ពិន្ទុ Anthony “The Antidote” Do ជាឯកច្ឆន្ទម្ដង មុនពេលទទួលបានកិច្ចសន្យា ៦ប្រកួតនៅសង្វៀនអន្តរជាតិ ONE Championship។ តាមរយៈការប្រកួតដ៏ល្អនេះបានធ្វើឲ្យ “Thunder Kid” មានឈ្មោះបោះសំឡេងរហូតដល់បច្ចុប្បន្ន។

រឹតតែអស្ចារ្យ រូបគេប៉ះម្ចាស់ខ្សែក្រវាត់ Pancrase Flyweight World Champion កីឡាករជប៉ុន Senzo Ikeda ក្នុងកម្មវិធី ONE: CENTURY PART I និង បញ្ចប់កីឡាករជប៉ុនត្រឹមទឹកទី១ ប៉ុណ្ណោះ។ ជ័យជម្នះដ៏ធំបំផុតនេះនឹងធ្វើឲ្យកីឡាករហ្វីលីពីនវ័យ ២៦ ឆ្នាំ ធ្វើឲ្យកាន់តែទាក់ទាញពេលមានការប្រកួតម្ដងៗ។

បែបណាក៏ដោយ Mitsatit ដែលជាម្ចាស់ខ្សែក្រវាត់ Northern Muay Thai Champion ពីប្រទេសថៃអាចនឹងបញ្ចប់ការឈ្នះ៦លើកជាប់គ្នារបស់កីឡាករមកពីក្លិប Team Lakay។

«គេជាកីឡាករប្រកួតល្អគ្រប់ទឹក។ គាត់ខ្លាំងណាស់។ គាត់ខ្លាំងទាំងក្បាច់វ៉ៃជំហរដេក និង ជំហរឈរ។ ហើយគាត់ពិតជាក្លាហានហើយដើរចូលរហូត។ គេពិតជាចង់ឈ្នះណាស់»។ កីឡាករថៃបានរៀបរាប់បែបនេះ។

“The Smiling Assassin” គូសបញ្ជាក់ ៖«គោលដៅរបស់ខ្ញុំ គឺ ការប្រើបច្ចេកទេស។ ខ្ញុំនឹងប្រើបច្ចេកទេសកៀងទៅខ្សែរេញដើម្បីប្រើកណ្ដាប់ដៃ។ ខ្ញុំមិនចង់វ៉ៃជំហរដេកនោះទេ។ ខ្ញុំនឹងអាចឈ្នះបាន។ ខ្ញុំនឹងប្រើក្បាច់ដើម្បីមានប្រៀបលើគេ និង អាចផ្ដួលឲ្យសន្លប់»។

“The Smiling Assassin” មានកំណត់ត្រាក្នុងអាជីពគុនចម្រុះឈ្នះ ១០ ដង និង ចាញ់ ៤ដង។ ក្នុងនោះរូបគេឈ្នះ ៨ លើកដោយផ្ដួលដៃគូឲ្យសន្លប់ និង ម្ដងឈ្នះដោយអាជ្ញាកណ្ដាលបញ្ឈប់ដៃគូម្ដង។

កូនសិស្សមកពីក្លិប Tiger Muay Thai ដែលមានមូលដ្ឋាននៅភូកេត បានហាត់ត្រៀមយ៉ាងខ្លាំងក្លាក្រោមការបង្វឹករបស់គ្រូបង្វឹកគុនចម្រុះ George Hickman ពោលហ្វឹកហាត់ទាំងបច្ចេកទេស និង ផែនការលើសង្វៀន។

“The Smiling Assassin” បានរំលឹកថា ៖«George បានជួយខ្ញុំ និង រៀបចំផែនការលើសង្វៀនសម្រាប់ខ្ញុំ។ គាត់តែងតែជួយខ្ញុំឲ្យឈ្នះការប្រកួត។ គាត់តែងតែរំលឹកដល់ខ្ញុំ ជារឿយៗ។ ហើយខ្ញុំក៏មានទំនុកចិត្តដែរមុនពេលខ្ញុំប្រកួត។ ខ្ញុំប្រឹងឲ្យអស់សមត្ថភាព។ ប៉ុន្តែ ចាញ់ ឬ ឈ្នះ គឺជាកីឡា»។

ការប្រកួតនេះនឹងក្លាយជាកីឡាករលំបាកមួយសម្រាប់កីឡាករថៃដោយសារការប្រកួតក្នុងទឹកដីរបស់ Adiwang នៅសង្វៀន Mall Of Asia Arena នៃប្រទេសហ្វីលីពីន។ បើដូចការតាំងចិត្តមែន នោះ Mitsatit អាចទទួលជ័យជម្នះ នោះរូបគេនឹងក្លាយជាមនុស្សម្នាក់អាចវាយឲ្យ “Thunder Kid” អាចសន្លប់បាន។

កុំភ្លេចទស្សនា កម្មវិធីប្រកួតបន្ទាប់របស់ស្ថាប័ន ONE Championship សូមទស្សនា ONE: FIRE & FURY ពីក្រុមម៉ានីល នៅថ្ងៃទី ៣១ ខែមករាឆ្នាំ ២០២០ ចាប់ពីវេលាម៉ោង ៦:៣០ ល្ងាចតទៅដែលមានផ្សាយផ្ទាល់តាមរយៈ Facebook, Twitter, YouTube,និង ONE Super App៕

អត្ថបទ៖ ស៊ីធី