លោក Jurgen Klopp អ្នក​ចាត់​ការ​ទូទៅ​របស់​ក្រុម Liverpool បាន​កោត​សរសើរ​ចំពោះ​​ការរក​បាន​គ្រាប់​បាល់​ដ៏​អស្ចារ្យ​មួយ​ផ្សេង​ទៀត​ពី​សំណាក់ Roberto Firmino ខណៈ​ដែល​​គ្រាប់​បាល់​ឈ្នះ​នៅ​ជិត​បញ្ចប់​ការ​ប្រកួត​របស់​តារា​ឆ្នើម​អន្តរ​ជាតិ​​ប្រេស៊ីល​រូបនេះ បាន​​ជួយ​ឲ្យ​ក្រុម​ខ្លួន​រក្សា​ការ​នាំមុខ​១៦​ពិន្ទុ​ដាច់​លើ​​កំពូល​តារាង​នៃក្រប​ខ័ណ្ឌ Premier League តាម​រយៈ​ការ​​ដណ្តើម​បាន​ជ័យ​ជម្នះ ២-១ លើ​ទឹកដីក្រុម Wolves​ កាល​ពីថ្ងៃ​ព្រហស្បតិ៍​។

ការ​ដណ្តើម​បាន​ជ័យ​ជម្នះ​១៤លើក​ជាប់​ៗ​​គ្នា​របស់​ក្រុម​ម្ចាស់​ជើង​​ឯក​ទ្វីប​អឺ​រ៉ុប​មួយ​នេះ ហាក់​ដូច​ជា​​ត្រូវ​បញ្ចប់​ទៅ​ហើយ ខណៈ​ដែល​កីឡាករ Raul Jimenez បាន​រក​គ្រាប់​បាល់​តាម​ស្មើ​​គ្រាប់​បាល់​បើក​ឆាក​របស់ Jordan Henderson​។ Liverpool ក៏​ត្រូវ​តែ​ដឹង​គុណ​ដល់​អ្នក​ចាំ​ទី Alisson Becker ផង​ដែរ សម្រាប់​ការ​​បំពេញ​តួនាទី​យ៉ាងល្អ​ក្នុង​ការ​ប្រកួត​នៅ​តង់​ទី​២​។

ប៉ុន្តែ ទោះ​បី​ជា​យ៉ាង​ណា វា​​ដូច​ទៅនឹង​ការដ​ណ្តើម​បាន​ជ័យ​ជម្នះ​ដ៏​សំខាន់​នៅពេល​ប្រកួត​ជាមួយ​នឹង​ក្រុម Leicester, Aston Villa និង Crystal Palace កាល​ពី​ដើម​រដូវ​កាល​នេះ​អ៊ី​ចឹង ខណៈ​ដែល​ Liverpool បាន​វាយ​បក​នៅ​​ជិត​បញ្ចប់​ការ​ប្រកួត​ដើម្បី​ដណ្តើម​បាន​៣​ពិន្ទុ​ដ៏​សំខាន់​មួយ​ផ្សេង​ទៀត​ ក្រោយ​ពី Firmino បាន​​រក​​គ្រាប់​បាល់​បំ​ប៉ោង​សំណាញ់​ទី​នៅ​រយៈ​ពេល​៦​នាទី​ចុង​ក្រោយ​។

លោក Klopp បាន​ឲ្យ​ដឹង​ថា៖ «អ្នក​ត្រូវ​តែ​ស្វែង​រក​ផ្លូវ​ដើម្បី​​ទទួល​បាន​ជ័យ​ជម្នះ និង​មាន​កីឡាករ​ដែល​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​​ល្អ​ឥ​ត​ខ្ចោះ ហើយ​​​កីឡាករ​នោះគឺ Bobby ម្តង​ទៀត​។ ពិត​ជា​កម្រិត​ពិភព​លោក​។ ខ្ញុំ​នឹង​និយាយ​ថា វា​ជា​គ្រាប់​បាល់​ដ៏​អស្ចារ្យមួយ​»​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia