Liam Harrison ឬ គេស្គាល់ឈ្មោះក្រៅថា “Hitman” បានធ្វើឲ្យមានការភ្ញាក់ផ្អើលនៅក្នុងទម្ងន់ Bantamweight កាលថ្ងៃសុក្រទី ១០ មករា កន្លងទៅ ពេលប្រើកម្លាំងដៃមហាសាលដើម្បីបញ្ចប់ Mohammed Bin Mahmoud ឬ “Jordan Boy” នៅក្នុងកម្មវិធី ONE: A NEW TOMORROW។

បច្ចុប្បន្ននេះម្ចាស់ខ្សែក្រវាត់ Muay Thai World Champion ៨សម័យកាល បានជឿជាក់ថាជ័យជម្នះរបស់គេនៅសង្វៀន Impact Arena នាក្រុងបាងកកប្រទេសថៃអាចនឹងឈានទៅប្រកួតខ្សែក្រវាត់កម្រិតពិភពក្នុងអាជីពមួយទៀត។ Harrison ទទួល​ជ័យជម្នះទល់​នឹងជើងខ្លាំង​ៗជា​ច្រើនក្នុង​ការប្រកួត​មួយ​ថៃដែលធ្វើឲ្យរូបគេលេចធ្លោមួយរយៈ​ចុងក្រោយ​នេះ​។

អ្នកជំនាញមួយថៃរូបនេះទទួលបានកាដូលើកទឹកចិត្តដើម្បីបន្តជួបជើងខ្លាំងនិងម្ចាស់ខ្សែក្រវាត់ថែមទៀត។ តាមរយៈការប្រកួតដ៏អស្ចារ្យ រូបគេកាន់តែទទួលបានទំនុកចិត្តទ្វេដងនៅ ONE Championship និងឈានទៅរកការប្រជែងខ្សែក្រវាត់ ONE Bantamweight Muay Thai World Champion ទល់នឹងកីឡាករ Nong-O Gaiyanghadao ជាក់ជាមិនខាន។

ONE Championship: Harrison អ្នកធ្វើឲ្យកក្រើកនិងរង់ចាំការប្រកួតបន្តទៀត តើអ្វីៗស្ថិតទៅតាមផែនការឬនៅ?

Liam Harrison: វាជាផែនការមួយ ហើយវាបានប្រព្រឹត្តទៅយ៉ាងល្អ។ អ្វីដែលខ្ញុំធ្វើនៅលើសង្វៀន គឺ ខ្ញុំមិនទម្លាក់ការសម្រុករបស់ខ្ញុំទេ និង ត្រូវប្រើកម្លាំងសន្ធាប់គូប្រកួតជានិច្ច។ ពេលខ្លះខ្ញុំរង់ចាំគូប្រកួតចូលមកបន្តិច ថាតើគេចង់លេងបច្ចេកទេសអ្វី។ អ្នកត្រូវតែអត់ធ្មត់បន្តិច។ បើអ្នកម៉ាត់ឬ ដាល់មិនចំគោលដៅទេ នោះគឺមិនពិតជាមិនល្អនោះឡើយ។ ដូចខ្ញុំនិយាយពីមុនអីចឹង ការវ៉ៃចេញត្រូវតែខ្លាំង។ ខ្ញុំរង់ចាំពេលវេលាមកដល់ហើយម៉ាត់ឲ្យខ្លាំងៗដើម្បីផ្ដួលគូប្រជែងតែម្ដង។ នោះហើយជាការងារល្អឥតខ្ចោះ។

ONE: តើ Harrison គ្រប់គ្រងបែបណាមុនពេលផ្ដួល “Jordan Boy”?

LH: ខ្ញុំមិនបានគិតច្រើនអំពីផែនការទេ ព្រោះការប្រកួតខ្លីណាស់។ ខ្ញុំក៏មិនគិតថារូបគេបង្កការលំបាកខ្លាំងដល់ខ្ញុំនោះទេ។ ឆាប់ៗនោះខ្ញុំក៏ដើរចូល ហើយវាជាការចាប់ផ្ដើម និងការបញ្ចប់ដ៏ល្អ។

ONE: តើមានអារម្មណ៍បែបណាពេលឈ្នះការប្រកួតដំបូងនៅ ONE Super Series?

LH: វាពិតជាអស្ចារ្យណាស់សម្រាប់ជ័យជម្នះលើកដំបូងរបស់ខ្ញុំជាពិសេសនៅក្រុងបាងកកតែម្ដង។ វាជាក្រុងដែលខ្ញុំបានចំណាយពេលច្រើនដើម្បីរស់នៅ។ ខ្ញុំប្រកួតជាច្រើននៅទីនោះ និង ទទួលបានកេរ្តិ៍ឈ្មោះល្អ។ ខ្ញុំមិនចង់ធ្វើឲ្យអ្នកទស្សនាខកចិត្ត ហើយខ្ញុំក៏មិនចង់ឈ្នះពិន្ទុដែរ ព្រោះចង់បញ្ចប់គូប្រកួតឲ្យសន្លប់តែម្ដង។ ស្មោះត្រង់ទៅ! ខ្ញុំចង់ធ្វើបែបនេះ ហើយវាល្អបំផុតសម្រាប់ខ្ញុំ។

ONE: ឥឡូវនេះទទួលជ័យជម្នះរួចហើយ តើមានផែនការបន្ទាប់ទៀតជាអ្វី?

LH: ខ្ញុំមកទីនេះដើម្បីឈ្នះខ្សែក្រវាត់ World Title ដែលរឿងខ្ញុំត្រូវធ្វើ។ ខ្ញុំមកទីនេះដើម្បីឈ្នះការប្រកួត និង ឈ្នះកីឡាករថៃ ដើម្បីជាចំណែកបន្ថែមខ្សែក្រវាត់ច្រើនទៀត។ ខ្ញុំឈ្នះខ្សែក្រវាត់កម្រិតពិភពលោក ៨ សម័យរួចមកហើយ ។ ប៉ុន្តែខ្ញុំត្រូវការច្រើនទៀត។ អ្វីដែលចង់បានបន្ថែម គឺ ខ្សែក្រវាត់ ONE ទម្ងន់ ៦៥ គីឡូក្រាម។

ONE: ក្នុងទម្ងន់របស់អ្នក តើអ្វីចង់បន្ថែមអំពីកីឡាករផ្សេងទៀត?

LH: ក្នុងទម្ងន់នេះខ្ញុំមានទំនុកចិត្ត ទាំងច្បាប់នៃការប្រកួត និងរឿងរ៉ាវពាក់ព័ន្ធនានា។ ខ្ញុំគិតថាមិនមានកីឡាករច្រើនទេដែលអាចយកឈ្នះខ្ញុំ។ បើខ្ញុំចេញកណ្ដាប់ដៃ ដូចខ្ញុំវាយ Mohammed ខ្ញុំជឿជាក់ថា ខ្ញុំនឹងអាចផ្ដួលដៃគូណាក៏ដោយឲ្យសន្លប់ក្នុងប្រភេទទម្ងន់របស់ខ្ញុំ។ ខ្ញុំប្រឹងធ្វើការខ្លាំងដើម្បីឡើងទៅប្រកួតខ្សែក្រវាត់។ ខ្ញុំមានទំនុកចិត្តខ្ពស់ បើខ្ញុំផ្ដួលដៃគូឲ្យសន្លប់ម្ដងទៀត ខ្ញុំនឹងដើរផ្លូវត្រូវទៅដណ្ដើមខ្សែក្រវាត់។

ONE: យល់យ៉ាងណាចំពោះម្ចាស់ខ្សែក្រវាត់ World Champion កីឡាករ Nong-O Gaiyanghadao?

LH: គេជាកីឡាករប្រដាល់ល្អបំផុតក្នុងរយៈពេល ២០ ឆ្នាំចុងក្រោយនេះ ប៉ុន្តែខ្ញុំពិតជាសប្បាយចិត្តបើសិនអាចជួបរូបគេ និង ប្រឈមមុខនៅលើសង្វៀន។

ONE: កីឡាកររូបណាដែលចង់ជួបក្នុងការប្រកួតបន្ទាប់?

LH: ខ្ញុំអត់ខ្វល់ទេ។ ខ្ញុំវ៉ៃកីឡាកររូបណាដែលនៅពីមុខរបស់ខ្ញុំឲ្យតែគេរៀបចំឲ្យ។

កុំភ្លេចទស្សនា កម្មវិធីប្រកួតបន្ទាប់របស់ស្ថាប័ន ONE Championship សូមទស្សនា ONE: FIRE & FURY ពីក្រុមម៉ានីល នៅថ្ងៃទី ៣១ ខែមករាឆ្នាំ ២០២០ ចាប់ពីវេលាម៉ោង ៦:៣០ ល្ងាចតទៅដែលមានផ្សាយផ្ទាល់តាមរយៈ Facebook, Twitter, YouTube,និង ONE Super App៕

អត្ថបទ៖ ស៊ីធី