កីឡាករល្អកម្រិតប្រទេសម្នាក់របស់ថៃបានត្រៀមខ្លួនរួចជាស្រេចក្រោយរង់ចំាជាយូរដើម្បីត្រលប់មកការប្រកួតក្នុងកម្មវិធី ONE: FIRE & FURY។ Rodlek P.K. Saenchaimuaythaigym ដែលនៅក្រៅសង្វៀនរហូតដល់ ៦ខែនោះចង់ផ្ដួលដៃគូឲ្យមានភាពរំជើបរំជួលដល់អ្នកគាំទ្រតាមរយៈការវិលមកសង្វៀនជាថ្មីនាចុងខែ មករា នេះ។

នៅថ្ងៃសុក្រទី ៣១ ខែ មករា ឆ្នាំ ២០២០ អ្នកលេងក្បាច់មួយថៃ Rodlek នឹងជួបកីឡាករសញ្ជាតិស្កុតឡែន Chris Shaw ក្នុងប្រភេទទម្ងន់ bantamweight នៃការប្រកួត ONE Super Series។

Rodlek មានរឿងសោកសៅមួយបន្ទាប់ពីបង្ហាញខ្លួនលើចុងក្រោយនៅសង្វៀនលលំដាប់ពិភពលោកមួយនេះនៅពេលម្ដាយរបស់គេបានលាកចាកលោក។ ប៉ុន្តែ ឥឡូវនេះរូបគេមានស្មារតីរឹងមាំឡើងវិញ និង ត្រៀមខ្លួនរួចរាល់ហើយដើម្បីតតាំងនឹងគូប្រជែងនៅលើសង្វៀន។

Rodlek ថ្លែងដូច្នេះ ៖«ខ្ញុំចង់ឲ្យការប្រកួតរបស់ខ្ញុំរំភើបញាប់ញ័រសម្រាប់អ្នកទស្សនា។ បើ Chris ប្រកួតមិនខ្លាចរអា វារឹតតែជក់ចិត្តដល់អ្នកគាំទ្រ។ ចំពោះខ្ញុំ ការធ្វើឲ្យការប្រកួតជក់ចិត្ត គឺជារឿងសំខាន់បំផុត»។

កីឡាករវ័យ២៩ឆ្នាំមកពីបាងកកតែងតែធ្វើឲ្យអ្នកគាំទ្រសប្បាយចិត្ត។ រូបគេជាកីឡាករកំពូលម្នាក់នៅសង្វៀនធំៗរបស់ប្រទេសថៃជាពិសេសអ្នកគាំទ្របានស្គាល់តាមរយៈការប្រើកណ្ដាប់ដៃមហាទម្ងន់ និងបានសាងឈ្មោះល្បីល្បាញលើសង្វៀនលំដាប់ពិភពលោកថ្មីៗនេះ។ កន្លងទៅទោះ Rodleck ជួបគូប្រកួតដែលខ្ពស់ជាង ក៏រូបគេអាចធ្វើបានល្អ និង ទទួលជ័យជម្នះដែរ។

បទពិសោធន៍ដ៏ល្អបានធ្វើឲ្យម្ចាស់ខ្សែក្រវាត់ Muay Thai World Champion ៣សម័យកាលអាចតតាំងនឹង Shaw យ៉ាងល្អមើលជាមិនខាន។ «Shaw មើលទៅខ្ពស់ដូចគូប្រកួតរបស់ខ្ញុំកាលលើកមុនដែរ។ កម្ពស់គឺវាបានផ្ដល់គុណសម្បត្តិល្អប៉ុន្តែ ខ្ញុំមានអារម្មណ៍ដូចការប្រកួតលើកមុនអីចឹង។ Andrew Miller បានរួមចំណែកឲ្យខ្ញុំត្រៀមខ្លួនល្អពេលជួប Shaw ព្រោះឥឡូវនេះខ្ញុំមានពិសោធន៍ច្រើនពេលជួបកីឡាករដែលខ្ពស់ជាងខ្ញុំ»។ Rodlek បានពន្យល់បែបនេះ។

កីឡាករវ័យ២៩ឆ្នាំគូសបញ្ជាក់ទៀតថា៖« ខ្ញុំគិតថាកម្ពស់ធ្វើឲ្យខ្ញុំលំបាកបន្តិច ដើម្បីជម្នះយកជ័យ ប៉ុន្តែខ្ញុំមានបទពិសោធន៍ល្អជាងគេ។ ខ្ញុំបានរៀបចំគ្រប់បែបយ៉ាង ហើយក៏មិនមើលងាយគេដែរ»។

Shaw បង្ហាញខ្លួនដំបូងនៅសង្វៀន ONE ប៉ុន្តែកីឡាករស្កុតឡែនប៉ះចំដៃគូដែលមានកម្រិតខ្ពស់និងធ្លាប់ជួបកីឡាករប្រដាល់ជាច្រើននៅតំបន់អឺរ៉ុប និង កីឡាករម្ចាស់ខ្សែក្រវាត់នៅប្រទេសថៃជាច្រើនរូប។ យ៉ាងណាក្ដី Rodlek សម្ដែងការគោរពដល់កីឡាករសញ្ជាតិស្កុតឡែន មុនពេលជួបគ្នាដ៏កក្រើកលើសង្វៀន។ «គេជាកីឡាករដ៏ខ្លាំងម្នាក់។ គេខ្លាំងខាងទាត់និង ម៉ាត់ចំៗល្អ។ ខ្ញុំមានផែនការរួចហើយទោះរូបគេខ្ពស់ជាងខ្ញុំក៏ដោយ។ ខ្ញុំបានហ្វឹកហាត់ត្រៀមប៉ះអ្នកដែលខ្ពស់ជាងខ្ញុំ។ ខ្ញុំជឿជាក់ថាខ្ញុំអាចធ្វើបានល្អចំពោះកីឡាកររូបណាក៏ដោយដែលខ្ញុំប្រឈមមុខដាក់»។ Rodlek គូសបញ្ជាក់បែបនេះ។

ទោះមានបទពិសោធន៍រហូតដល់១៧២ប្រកួតស្របពេលគូប្រកួតមានកំណត់ត្រាត្រឹម ៤៧ លើក Rodlek នៅតែមិនមើលស្រាលគូបដិបក្ខបានទេ។ Rodlek នៅតែជំរុញការហ្វឹកហាត់ខ្លាំងក្លា និង ហ្វឹកហាត់សមរហូតដល់ ៥ទឹកដើម្បីឲ្យងាយស្រួលក្នុងការប្រកួត ៣ ទឹក។

Rodlekសង្កត់ធ្ងន់ថា ៖«ខ្ញុំនឹងចេញកណ្ដាប់ដៃច្រើន និង ផ្លាស់ប្ដូរក្បាច់ប្រកួតដែរ។ ខ្ញុំត្រៀមប្រយុទ្ធរួចរាល់ហើយ។ ខ្ញុំគិតថាគេនឹងចូលចាប់ខ្ញុំញឹកញាប់ដើម្បីអុកជង្គង់។ ប៉ុន្តែខ្ញុំនឹងប្រើកណ្ដាប់ដៃ និង ទាត់ទប់មិនឲ្យចូលកៀកទេ»។

កុំភ្លេចទស្សនា កម្មវិធីប្រកួតបន្ទាប់របស់ស្ថាប័ន ONE Championship សូមទស្សនា ONE: FIRE & FURY ពីក្រុមម៉ានីល នៅថ្ងៃទី ៣១ ខែមករាឆ្នាំ ២០២០ ចាប់ពីវេលាម៉ោង ៦:៣០ ល្ងាចតទៅដែលមានផ្សាយផ្ទាល់តាមរយៈ Facebook, Twitter, YouTube,និង ONE Super App៕

អត្ថបទ៖ ស៊ីធី