Rodtang Jitmuangnon ឬ គេស្គាល់ឈ្មោះក្រៅថា «The Iron Man» និង Jonathan “The General” Haggerty ជាគូប្រកួតស្វិតស្វាញក្រោយជួបគ្នាដណ្ដើមខ្សែក្រវាត់រៀងៗខ្លួននាដើមឆ្នាំនេះ ប៉ុន្តែ Rodtang ធ្វើបានយ៉ាងល្អបំផុត។ Rodtang កំពុងសម្លឹងមើលខ្សែក្រវាត់កម្រិតពិភពលោកផ្សេងទៀតក្នុងអាជីពក្រោយការពារខ្សែក្រវាត់របស់ខ្លួនបានសម្រេចពីរដងជាប់គ្នា។

កាលក្នុងកម្មវិធី ONE: A NEW TOMORROW នាថ្ងៃសុក្រទី ១០ មករា Rodtang បានបញ្ចប់គូប្រកួតឲ្យសន្លប់នៅទឹកទី៣ ដើម្បីការពារខ្សែក្រវាត់ ONE Flyweight Muay Thai World Champion របស់ខ្លួន។ ស៊ុបពើស្ដាររបស់ថៃរូបនេះបានកៀង Haggerty ឲ្យទៅកៀកសង្វៀនរហូតដល់ ៤ ដងមុនម៉ាត់ឲ្យសន្លប់។ ការប្រកួតលើកទី១ បានបន្សល់ទុកនូវភាពចាញ់ឈ្នះមិនអស់ចិត្តសម្រាប់ Haggerty។

Rodtang បានថ្លែងថា៖«ខ្ញុំគ្រាន់តែដើរចូលដើម្បីឈ្នះ និងដើម្បីអ្នកគាំទ្រនៅប្រទេសថៃ ហើយក៏ដើម្បីការពារខ្សែក្រវាត់របស់ខ្ញុំនៅក្នុងទឹកដីកំណើតដែរ។ ខ្ញុំចង់ធ្វើបែបនេះ។ វាលំបាកបន្តិចហើយសម្រាប់គូប្រកួតរបស់ខ្ញុំ។ តាមពិតខ្ញុំចង់បញ្ចប់រូបគេនៅទឹកទី១ផង»។

កីឡាករថៃបានផ្ដួលកីឡាករមកពីចក្រភពអង់គ្លេសដោយក្បាច់ម៉ាត់កណ្ដាប់ដៃចំក្បាលពោះ និងមុខ ប៉ុន្តែ Haggerty បានបង្ហាញឲ្យគូប្រកួតដឹងថារូបគេជាគូប្រជែងលំបាកបំផុតមួយ។ កីឡាករមកពីចក្រភពអង់គ្លេសបានព្យាយាមគេចផុតនិងវ៉ៃសងបានល្អនៅពីរទឹកដំបូង ពេល Rodtang បានដាក់សម្ពាធកាន់តែច្រើន។

«ខ្ញុំដឹងថាមានពិន្ទុនាំមុខ ប៉ុន្តែខ្ញុំចង់ផ្ដួលឲ្យសន្លប់តែម្ដង។ ខ្ញុំមិនបានគិតច្រើនទេ។ នៅទឹកទី២ ខ្ញុំធ្វើឲ្យគេលំបាកបន្តិច ប៉ុន្តែទឹកទី៣ ខ្ញុំសន្ធាប់យកតែម្ដងនិងដាក់គោលដៅវាយយកសន្លប់នៅទឹកនេះ។ ទីបំផុតខ្ញុំអាចធ្វើបាន»។ ម្ចាស់ខ្សែក្រវាត់របស់ថៃរំលឹកបែបនេះ។

នោះជាការប្រកួតដ៏ភ្ញាក់ផ្អើលសម្រាប់កីឡាករវ័យ ២២ ឆ្នាំ ដែលបង្ហាញការប្រកួតខុសប្លែកពីមុនពេលការពារខ្សែក្រវាត់ ស្របពេលដែល ឪពុក និង គ្រួសាររបស់ខ្លួនបានមកទស្សនាផ្ទាល់ដែរ។

ជើងខ្លាំងរបស់ថៃគូសបញ្ជាក់៖ «មុនពេលប្រកួត ខ្ញុំធ្វើចលនាបម្លាស់ទីយ៉ាងច្រើនទោះនៅក្នុងបន្ទប់ទឹក។ នេះជាជ័យជម្នះដ៏ធំបំផុតមួយ ហើយ សំខាន់សម្រាប់ខ្ញុំពេលក្រុមគ្រួសារមកទស្សនាផ្ទាល់។ វាជាឱកាសកម្រដែលក្រុមគ្រួសាររបស់ខ្ញុំមកឃើញខ្ញុំប្រកួតដោយផ្ទាល់ភ្នែកបែបនេះ»។

ម្ចាស់ខ្សែក្រវាត់ដដែលសង្កត់ធ្ងន់ដូច្នេះ៖«ប៉ារបស់ខ្ញុំមកមើលខ្ញុំដោយផ្ទាល់រួមទាំងសមាជិកក្រុមគ្រួសារជាច្រើននាក់។ មានមនុស្សជាច្រើនមកគាំទ្រខ្ញុំ ហើយអ្នកគាំទ្រម៉ាឡេស៊ីខ្លះក៏មកទស្សនាខ្ញុំដែរ។ ប៉ារបស់ខ្ញុំមិននិយាយអ្វីច្រើនក្រោយចប់ការប្រកួត ប៉ុន្តែគាត់មានមោទនភាពសម្រាប់ខ្ញុំ។ ខ្ញុំសប្បាយចិត្ត ដែលធ្វើឲ្យរូបគាត់សប្បាយចិត្តនិងមោទនភាពដូចគ្នា»។
រឿងល្អមួយទៀត វាជាលើកដំបូងសម្រាប់ Rodtang ដែលឡើងសង្វៀនដំណាលនឹងសង្សាររបស់ខ្លួន Stamp Fairtex ហើយវាជាបទពិសោធន៍វិជ្ជមានមួយ។

សង្សាររបស់ Stamp បានចែករំលែករឿងសប្បាយថា ៖«ឡើងប្រកួតលើសង្វៀនដូចគ្នាក្នុងថ្ងៃតែមួយគឺជាភាពរីករាយ។ វាពិតជាសំខាន់ណាស់ដែលមនុស្សជាច្រើនបានឃើញអំពីទំនាក់ទំនងរបស់ពួកយើង ប៉ុន្តែ ពួកយើងនៅតែផ្ដោតលើអាជីពរបស់យើង»។

ក្រោយចាកចេញពីសង្វៀន Impact Arena យ៉ាងរីករាយជាមួយសង្សារ អ្នកលេងក្បាច់គុនមួយថៃ Rodtang មានពេលតិចណាស់ដើម្បីអបអរជ័យជម្នះនេះព្រោះត្រូវចាប់ផ្ដើមហ្វឹកហាត់ដើម្បីការប្រកួតថ្មីៗទៀត។ រូបគេអាចនឹងប្រកួត Kickboxing ពោលគ្រោងដាក់គោលដៅស្វែងរកខ្សែក្រវាត់ឲ្យដូចសង្សាររបស់ខ្លួន។ បច្ចុប្បន្ននេះ Stamp កាន់ខ្សែក្រវាត់ ONE World Champion ចំនួនពីរខ្សែក្នុងពីរប្រភេទកីឡាផ្សេងគ្នា។

Rodtang មានបទពិសោធន៍ប្រកួត kickboxing ខ្លះដែរ ហើយរូបគេក៏សន្យាផ្ដួលគូបដិបក្ខក្នុងការប្រកួតដណ្ដើមខ្សែក្រវាត់ ONE Flyweight Kickboxing World Title នាពេលខាងមុខ។ Rodtang លាតត្រដាងថា ៖«ខ្ញុំចង់ប្រកួតទល់នឹង Ilias Ennahachi ដើម្បីដណ្ដើមខ្សែក្រវាត់ kickboxing។ ខ្ញុំជឿជាក់លើសមត្ថភាពរបស់ខ្ញុំ។ ខ្ញុំចង់ឲ្យសុបិនរបស់ខ្ញុំក្លាយជាម្ចាស់ខ្សែក្រវាត់ World Champion ខាងផ្នែក kickboxing ផងដែរ»។

កុំភ្លេចទស្សនា កម្មវិធីប្រកួតបន្ទាប់របស់ស្ថាប័ន ONE Championship សូមទស្សនា ONE: FIRE & FURY ពីក្រុមម៉ានីល នៅថ្ងៃទី ៣១ ខែមករាឆ្នាំ ២០២០ ចាប់ពីវេលាម៉ោង ៦:៣០ ល្ងាចតទៅដែលមានផ្សាយផ្ទាល់តាមរយៈ Facebook, Twitter, YouTube,និង ONE Super App៕

អត្ថបទ៖ ស៊ីធី