កីឡាករជើងខ្លាំងមួយថៃម្នាក់ប្រចាំប្រទេស Petchmorakot Petchyindee Academy បានក្លាយជាម្ចាស់ខ្សែក្រវាត់ថ្មី ONE Featherweight Muay Thai World Championship បន្ទាប់ពីយកឈ្នះ Pongsiri PK.Saenchaimuaythaigym ដោយពិន្ទុជាឯកច្ឆន្ទ។ ចំណែកកីឡាករកម្ពុជា ខុន ស៊ីចាន់ ប្រឹងរើពីរបីបានសម្រេចមិនឲ្យដៃគូ Eko Roni Saputra វ៉ៃបាន ប៉ុន្តែ បែរមកចាញ់ឃ្លេកពីក្រោយទៅវិញ។ ក្រៅពីនោះមានពីរគូទៀតគួរតាមដាននៅសង្វៀន ONE: WARROR’S CODE កាលថ្ងៃទី ៧ កុម្ភៈ កន្លងទៅនៅក្រុងហ្សាកាតា។

1# Petchmorakot Petchyindee Academy ក្លាយជាម្ចាស់ខ្សែក្រវាត់ថ្មី

បន្ទាប់ពីប្រកួត៥ទឹកយ៉ាងស្វិតស្វាញបំផុត Petchmorakot Petchyindee Academy ឈ្នះខ្សែក្រវាត់ថ្មី ONE Featherweight Muay Thai World Championship ដែលគេសម្ពោធដាក់ឲ្យដណ្ដើមក្នុងកម្មវិធី ONE:WARROR’S CODE។ គ្រាន់តែចាប់ផ្ដើមភ្លាមទាំង Petchmorakot និង Pongsiri PK.Saenchaimuaythaigym សុទ្ធបង្ហាញជំហររឹងមាំរៀងៗខ្លួន ស្របពេល Petchmorakot ដែលមានកម្ពស់ខ្ពស់ជាងផងនោះក៏មិនហ៊ានកញ្ជ្រោលដែរ។ នៅទឹកទី១នេះ អ្វីដែលគួរកត់សម្គាល់ គឺ Pongsiri បានដើរចូលម៉ាត់ផងទាត់ផងដើម្បីសាកកម្លាំងដល់ Petchmorakot។ យ៉ាងណាក្ដីនៅទឹកទី១ នេះមិនទាន់ស៊ីសងគ្នានោះឡើយ។ នៅទឹកទី២និង ទី៣ ដ្បិតអី Petchmorakot វ៉ៃចូលមុខហើយដកថយ ឬ ទាត់ដកថយ ប៉ុន្តែ ការម៉ាត់និងការប្រើជង្គង់អុកចំៗគោលដៅជាងអ្នកដើរចូល Pongsiri។ រហូតដល់ទឹកទី៤ Pongsiri ក៏នៅតែជាបាវសាក់របស់ Petchmorakot ដដែលទោះជាទោះខំដើរចូលដើម្បីផ្ដួលនៅទឹកនេះក្ដី។ Pongsiri ត្រូវគូប្រជែងម៉ាត់ និង ហោះបុកជង្គង់ជាច្រើនដងប៉ុន្តែមិនបង្កបញ្ហាធ្ងន់នោះទេ។ ក្នុងទឹកនេះ Pongsiri អុកជង្គង់ត្រូវប្រដាប់ការពាររបស់ Petchmorakot ប៉ុន្តែសម្រាកត្រឹម ១ នាទីអាចប្រកួតវិញបាន និង សម្រុកគ្នាដល់ចប់ទឹក។ Pongsiri ពិតជាក្លាហានមែន និងបន្តសម្រុកចូលនៅទឹកចុងក្រោយនេះ ដើម្បីយកឈ្នះពិន្ទុ។ បែបណាក្ដី Pongsiri ត្រូវស្វាគមន៍ដោយជង្គង់ និង កណ្ដាប់ដៃដដែល។ ចុងបញ្ចប់ Petchmorakot ជាអ្នកឈ្នះខ្សែក្រវាត់ ក្រោយឈ្នះពិន្ទុ ជាឯកច្ឆន្ទ លើ Pongsiri។

Petchmorakot បានថ្លែងថា៖«សូមអរគុណដល់អ្នកគាំទ្រ។ ការប្រកួតនេះ វាពិតជាការប្រកួតដ៏តឹងតែង។ ខ្ញុំសូមគោរពដល់ដៃគូរបស់ខ្ញុំ គេជាកីឡាករកំពូលម្នាក់ និង ពិតតស៊ូស្វិតស្វាញខ្លាំងណាស់»។

2#- Reinier De Ridder រង់ចាំទៅដណ្ដើមខ្សែក្រវាត់ទល់នឹងវីរបុរសមីយ៉ាន់ម៉ា Aung La Nsang

អ្នកលេងគុនចម្រុះ Reinier De Ridder ឬ The Dutch Knight បានប្រកាសដើម្បីចង់ជួបម្ចាស់ខ្សែក្រវាត់ Aung La Nsang បន្ទាប់ពីរូបគេឈ្នះពិន្ទុជាឯកច្ឆន្ទលើកីឡាករប្រេស៊ីល Leandro Ataides ឬ គេហៅឈ្មោះក្រៅថា Wolf។

ការប្រកួតពុះកញ្ជ្រោលមែនទែន ទោះបែកឈាមរៀងៗខ្លួនក៏ស៊ូរហូតដល់ចប់ទឹកដែរ។ ពេលផ្ដើមទឹកទី១ វាគ្រាន់តែការវ៉ៃប្រយោលៗ អមដោយការទាត់ផង និង ចូលឱបទាំងជំហរថែមទៀត ប៉ុន្តែ មិនបង្កគ្រោះថ្នាក់នោះឡើយ។ ទឹកបន្ទាប់ គឺជាសង្វៀនក្ដៅគគុក រហូតដល់ Leandro បែកឈាម ហើយត្រូវឲ្យពេទ្យពិនិត្យទៀតផង។ យ៉ាងណាក្ដី Reinier បានវ៉ៃចាំគោលដៅច្រើននៅទឹកទី២នេះ។ នាទឹកចុងក្រោយ គឺ ជាទឹកក្ដៅត្រចៀកដូចគ្នា ពោលដើម្បីយកពិន្ទុ។ បន្ទាប់មក Reinier បានប្រើជង្គង់អុកចំប្អូនតូចរបស់ Wolf ហើយត្រូវសម្រាកព្យាបាលមួយសន្ទុះទើបអាចប្រកួតបានវិញ។ Wolf ខំស្ដារកណ្ដាប់ដៃឡើងវិញ ប៉ុន្តែ Reinier ឯណេះទេជាអ្នកគ្រប់គ្រងស្ថានការណ៍បានល្អ និង វ៉ៃចំគូសត្រូវរហូតខ្ទាតឈាមពេញខ្លួនឯង។ ទីបំផុត កីឡាករហូឡង់ Reinier ឈ្នះពិន្ទុជាឯកច្ឆន្ទ។

Reinier De Ridder បានថ្លែងក្រោយឈ្នះការប្រកួតថា ៖«សូមអរគុណដល់អ្នកគាំទ្រ ឥណ្ឌូណេស៊ី ខ្ញុំស្រលាញ់អ្នកទាំងអស់គ្នា។ Aung La Nsang តើអ្នកត្រៀមខ្លួនហើយឬ នៅ? សូមត្រៀមខ្លួនផង។ ខ្ញុំមកទីនេះដើម្បីដណ្ដើមខ្សែក្រវាត់ហើយ។ យើងនឹងជួបគ្នា»។

3#- ខ្លាំងមែន Iuri Lapicus នៅតែបន្តភាពមិនដែលចាញ់រហូតដល់ ១៤ ដង

អ្នកលេងគុនចម្រុះសញ្ជាតិម៉ុលដូវ៉ា Iuri Lapicus ពិតជាខ្លាំងមែន ដែលបន្តកំណត់ត្រាឈ្នះរហូតដល់ ១៤ លើកជាប់គ្នាក្នុងការប្រឡូកលើសង្វៀនតាំងពីឆ្នាំ ២០១៤ រហូតដល់ពេលបច្ចុប្បន្ននេះ។ Iuri Lapicus បានបន្តបញ្ចប់អតីតម្ចាស់ខ្សែក្រវាត់ ONE Featherweight World Champion កីឡាករ Marat “Cobra” Gafurov នៅទឹកទី១ ក្នុងប្រទេសទម្ងន់ lightweight របស់ខ្លួន។ Gafurov ត្រូវបានគេគិតថាទំនងនឹងទទួលជ័យជម្នះក្នុងប្រភេទទម្ងន់ lightweight លើកដំបូង ប៉ុន្តែ Lapicus ពិតជាមានក្បាច់ពិសេសមែន។ Lapicus បានប្រែក្លាយពីការចូលចាប់ ដើម្បីគ្រប់គ្រងវិញភ្លាមៗដោយចាប់ពីក្រោយកីឡាកររុស្សី។ បន្ទាប់មក Lapicus ក៏ឃ្លេកពីក្រោយរហូតដល់ Gafurov ចុះចាញ់តែម្ដង។

4#-ខុន ស៊ីចាន់ ចាញ់ឃ្លេកពីក្រោយនៅទឹកទី១

គ្រាន់តែស្នូរជួងទឹកទី១ Eko Roni Saputraមិនបង្អង់យូរដូចរូបគេបានព្រាងទុកអីចឹង។ Eko Roni ចង់ផ្ដួល ខុន ស៊ីចាន់ ឲ្យលឿនតាមតែអាចធ្វើទៅបាន។ វាជាជំនាញរបស់ Eko Roni ទៅហើយដោយសាររូបគេមានជំនាញចាប់ និង ចំបាប់កន្លងមក។ Eko Roni ចូលចាប់ជើងផ្ដួល ស៊ីចាន់ បានយ៉ាងជោគជ័យមិនដល់១នាទីផង ហើយ បន្ទាប់មកយកប្រើដៃផងជើងផងគាបដើម្បីឃ្លេ និង វ៉ៃពីលើជាច្រើនដៃទៀត។ បែបណាក្ដី ខុន ស៊ីចាន់ លើកនេះល្អប្រសើរជាងលើកមុនៗ ដោយសាររូបគេអាចរើខ្លួនចុះឡើងដើម្បីផុតពីក្បាច់ឃ្លេសម្លាប់រហូតដល់ ពីរបី ដង។ បន្ទាប់មកទៀត បែរជាចូលឃ្លេក ពីក្រោយ ខណៈ ដងខ្លួនស្របគ្នា ដែលធ្វើឲ្យ កីឡាករមកពី Phnom Penh MMA មិនអាចបម្រាស់ខ្លួនឲ្យផុតបានឡើយ។ យ៉ាងណាក៏ដោយ ខុន ស៊ីចាន់ នៅត្រៀមខ្លួនសម្រាប់ការប្រកួត ៥ លើកទៀតនាឆ្នាំ ២០២០ នេះ។

កុំភ្លេចទស្សនា កម្មវិធីប្រកួតបន្ទាប់របស់ស្ថាប័ន ONE Championship សូមទស្សនាការប្រកួតក្នុងកម្មវិធី ONE:KING OF THE JUNGLE នៅសុក្រទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០២០ ចាប់ពីវេលាម៉ោង ៦:៣០ ល្ងាចតទៅនៅ ប្រទេសសិង្ហបុរី ដែលមានផ្សាយផ្ទាល់តាមរយៈ Facebook, Twitter, YouTube,និង ONE Super App៕

អត្ថបទ៖ ស៊ីធី