កម្មវិធី ONE: WARRIOR’S CODE បានបង្កើតភាពភ្ញាក់ផ្អើលមិនតិចទេដល់អ្នកគាំទ្រពាសពេញពិភពលោកពេលរៀបចំក្រុងហ្សាកាតាប្រទេសឥណ្ឌូណេស៊ី កាលថ្ងៃទី ៧ ខែ កុម្ភៈ កន្លងទៅនេះ។ កម្មវិធីនេះបង្កើតបានវីរបុរសថ្មី និង កីឡាករថ្មីៗមានទេពកោសល្យជាច្រើនរបស់ ONE Championship ហើយអ្នកគាំទ្រច្បាស់ជាចង់ឃើញពួកគេប្រកួតទៅថ្ងៃអនាគតដ៏ខ្លីខាងមុខ។ ខាងក្រោមនេះជារឿងសំខាន់ៗចំនួន ៥ ដែលបានរៀនសូត្រថ្មីៗពីកម្មវិធីដ៏ល្អនេះ។

#1 Petchmorakot កាន់តែល្អប្រសើរក្រោយមានបទពិសោធន៍ប្រកួត Kickboxing

Petchmorakot Petchyindee Academy បានត្រលប់មកវិញជាមួយនឹងការប្រកួតដ៏ល្អបំផុតសម្រាប់ក្បាច់ជំនាញរបស់ខ្លួននិងបង្កើតប្រវត្តិសាស្ត្រថ្មីនៅក្រុងហ្សាកាតា ពេលឈ្នះខ្សែក្រវាត់ ONE Featherweight Muay Thai World Title ដែលគេសម្ពោធដាក់ឲ្យប្រើប្រាស់លើកដំបូង។ កីឡាករវ័យ ២៥ ឆ្នាំមកពីបាងកក បានប្រើជើងឆ្វេងដ៏មានប្រសិទ្ធភាព និង ជង្គង់ចំគោលដៅលើកីឡាករជើងខ្លាំង Pongsiri PK.Saenchaimuaythaigym។ ក្រៅពីនោះរូបគេអាចប្រើកណ្ដាប់បានល្អ និងបង្ហាញភាពខុសប្លែកអំពីក្បាច់ប្រយុទ្ធរបស់គេផងដែរ។ Petchmorakot បានទទួលបទពិសោធន៍ច្រើនពេលចាញ់ Giorgio “The Doctor” Petrosyan នៅក្នុងកម្មវិធីដណ្ដើមខ្សែក្រវាត់ ONE Featherweight Kickboxing World Grand Prix។ ប៉ុន្តែ Petchmorakot បានបង្ហាញសមត្ថភាពប្រកួតដ៏ទាក់ទាញឯប្រទេសឥណ្ឌូណេស៊ី។ គ្រានោះតារាថៃរូបនេះបានបង្ហាញក្បាច់គុន Kickboxing តតាំងនឹង “The Doctor” ដែលខុសប្លែកពីមួយថៃបន្តិច។ នេះធ្វើឲ្យចាញ់ប្រៀបកីឡាករមកពីអ៊ីតាលី “The Doctor” ដោយសារតែកណ្ដាប់ដៃ។

កីឡាករមកពីខេត្ត Ubon Ratchathani ពិតជាគ្រោះថ្នាក់ណាស់នៅពេលរូបគេប្រកួតមួយថៃជាពិសេសការប្រើអាវុធព្រមគ្នាដ៏គ្រោះថ្នាក់ និង អាចបញ្ចប់គូប្រកួតបានគ្រប់ពេលវេលា។

#2 Eko Roni Saputra ចូលប្រឡូកគុនចម្រុះ

មុនពេលប្រកួតនៅ ONE: WARRIOR’S CODE កីឡាករជំនាញចំបាប់ Eko Roni Saputra បានសម្របខ្លួនយ៉ាងល្អមកប្រកួតគុនចម្រុះ។ ទោះរូបគេជាកីឡាករជើងឯកច្រើនសម័យកាលផ្នែកចំបាប់ ប៉ុន្តែគេបានប្រើពេលត្រឹម ៤ នាទីប៉ុណ្ណោះ ដើម្បីបញ្ចប់គូប្រកួត។ នៅពេលរូបគេចូលចាប់ជើងផ្ដួល ខុន ស៊ីចាន់ កីឡាករឥណ្ឌូណេស៊ីរូបនេះបានប្រើក្បាច់ជឺជិតស៊ូ ដែលហាត់នៅ Evolve MMA នាប្រទេសសិង្ហបុរី បានយ៉ាងពិសេស។ រូបគេនៅតែអាចគ្រប់គ្រងការប្រកួត និងផ្លាស់ប្ដូរទីតាំងពីលើ ស៊ីចាន់ រហូត រួមទាំងការប្រើកែងពីលើដ៏គ្រោះថ្នាក់ទៀតផង។ លើសពីនេះទៅទៀត ពេលមានឱកាសចាប់ Eko Roni ក៏ អាចនៅពីលើគូជារឿយៗ។ តើកីឡាករវ័យ ២៨ ឆ្នាំរូបនេះអាចនឹងប្រើជំនាញវ៉ៃឈរបានល្អក្នុងការប្រកួតបន្ទាប់។

#3 លទ្ធផលដ៏អស្ចារ្យមិនទាន់មកដល់សម្រាប់ Matsushima នោះទេ

មិនមានកីឡាករច្រើនប៉ុន្មានទេដែលអាចធ្វើបានល្អដូច Koyomi “Moushigo” Matsushima និងបានប្រកួតខ្សែក្រវាត់កម្រិតពិភពលោក World Title នាពេលកន្លងមក។ ទោះកីឡាករវ័យ ២៧ ឆ្នាំរូបនេះ ចាញ់ម្ចាស់ខ្សែក្រវាត់ Martin “The Situ-Asian” Nguyen កាលឆ្នាំមុន ប៉ុន្តែគេបានប្រឹងប្រែងត្រលប់មករកលទ្ធផលល្អវិញ និងបង្កើតចំណាប់អារម្មណ៍ខ្លាំងដល់អ្នកគាំទ្រ។ Matsushima ជាកីឡាករជំនាញខាងផ្ដួលដៃគូឲ្យសន្លប់ បានបង្កើតភាពគ្រោះថ្នាក់ដល់ “The Fighting God” Kim Jae Woong ហើយកីឡាករជប៉ុនរូបនេះធ្វើបានល្អណាស់ក្នុងការប្រើក្បាច់គុនចម្រុះ។ “Moushigo” បានសងក្បាច់ Kim វិញដោយការចូលចាប់ផ្ដួល និងការប្រើកណ្ដាប់ដៃ ហើយបន្ទាប់មកបានផ្ដួលដៃគូឲ្យសន្លប់នៅទឹកទី៣។ ការប្រកួតដ៏អស្ចារ្យបែបនេះ ត្រូវបានគេមើលឃើញថា “Moushigo” ជាកីឡាករកំពូលម្នាក់ក្នុងទម្ងន់ featherweight។

#4 Naito ជាដុំពេជ្រម្នាក់ក្នុងការប្រកួត ONE Super Series

កីឡាករជប៉ុន Taiki “Silent Sniper” Naito ធ្វើបានល្អខ្លាំងណាស់ក្នុងពីរលើកដំបូងនៅសង្វៀនអន្តរជាតិ ONE កាលឆ្នាំមុន ប៉ុន្តែរឹតតែល្អទៀត ពេលឈ្នះ “The Baby Face Killer” Savvas Michael Petchyindee Academy។ កីឡាករសញ្ជាតិស៊ីប គឺជាម្ចាស់ខ្សែក្រវាត់ Muay Thai World Champion ពីរសម័យកាល បន្ទាប់ពីចំណាយពេលហ្វឹកហាត់នៅប្រទេសថៃ ប៉ុន្តែ រូបគេបែរចាញ់បុរសខ្លាំងជប៉ុន មកពី Aichi ទៅវិញ។

Naito ពិតជាល្អមិននឹកស្មានដល់សម្រាប់ការប្រើក្បាច់មួយថៃ។ គេមានបទពិសោធន៍ក្នុងការប្រកួត kickboxing និង ការប្រដាល់សកលដែលធ្វើឲ្យរូបគេកាន់តែល្អហើយផ្ដល់ភាពគ្រោះថ្នាក់ដល់ Michael គ្រប់កាលៈទេសៈ។ កីឡាករជប៉ុនបានវ៉ៃឲ្យកីឡាករមកពីស៊ីបដួលពីរដងដើម្បីឈ្នះពិន្ទុជាឯកច្ឆន្ទ ហើយអាចក្លាយជាកីឡាករល្អបំផុតម្នាក់ក្នុងទម្ងន់ flyweights លំដាប់ពិភពលោក។ តើកីឡាករជប៉ុនរូបនេះទំនងអាចជួបម្ចាស់ខ្សែក្រវាត់ Rodtang “The Iron Man” Jitmuangnon ឬ យ៉ាងណា?

#5 Tonna ពិតជាគ្រោះថ្នាក់ណាស់ក្នុងទម្ងន់ Strawweight មិនធ្លាប់មាន

Josh “Timebomb” Tonna បានបង្ហាញជំនាញរបស់ខ្លួនដើម្បីបញ្ចប់ Joseph “Hurricane” Lasiri និង Yoshihisa “Mad Dog” Morimoto កន្លងទៅ។ ជ័យជម្នះនេះធ្វើឲ្យរូបគេហក់ឡើងខ្ពស់មិនធ្លាប់មាន។ ក្នុងការប្រកួតទម្ងន់ strawweight កីឡាករមកពីអូស្ត្រាលីរូបនេះពិតជាគួរឲ្យស្ញប់ស្ញែងខ្លាំងណាស់។
Tonna បានធ្វើឲ្យកីឡាករមួយថៃ Andy “Punisher” Howson ពីអង់គ្លេសមិនអាចតស៊ូបាន។ Tonnaបានប្រើក្បាច់លឿនៗនៅពេលការប្រកួតចាប់ផ្ដើមទឹកទី១ និង គ្រប់គ្រងល្អនាទឹកទី២។ គេដើរចូលដើម្បីបោះជង្គង់ ហើយបន្ទាប់មក បានបញ្ចប់ដៃគូដោយប្រើជង្គង់អុកចំក្បាច់ជាច្រើន។ វាពិតជារំភើបណាស់ពេលម្ចាស់ខ្សែក្រវាត់ ISKA K-1 World Champion ទទួលជ័យជម្នះត្រចះត្រចង់ទល់នឹងកីឡាករខ្លាំងៗក្នុងលោក។ តើកីឡាករអូស្ត្រាលី រូបនេះនឹងប៉ះជើងខ្លាំងណាទៀតទៅ។

កុំភ្លេចទស្សនា កម្មវិធីប្រកួតបន្ទាប់របស់ស្ថាប័ន ONE Championship សូមទស្សនាការប្រកួតក្នុងកម្មវិធី ONE:KING OF THE JUNGLE នៅសុក្រទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០២០ ចាប់ពីវេលាម៉ោង ៦:៣០ ល្ងាចតទៅនៅ ប្រទេសសិង្ហបុរី ដែលមានផ្សាយផ្ទាល់តាមរយៈ Facebook, Twitter, YouTube,និង ONE Super App៕

អត្ថបទ៖ ស៊ីធី