ភ្នំពេញ៖ ពេលវាលាដែលយើងទាំងអស់គ្នាកំពុងរង់ចាំបានមកដល់ សម្រាប់សមរភូមិដ៏ក្តៅគគុក ដែលមានក្រុមបាល់ទាត់ចំណូលថ្មីខ្លាំងៗចូលរួមប្រជែងកើនឡើងជាង២០ក្រុម ក្នុងព្រឹត្តិការណ៍ Tiger Street Football 2020 មណ្ឌលរាជធានីភ្នំពេញក្នុងឆ្នាំនេះ ខណៈអាជ្ញាកណ្តាលកាត់សេចក្តីអះអាងថា ការប្រជែងកាន់តែតឹងតែងខ្លាំងជាងឆ្នាំមុនៗ។

ព្រឹត្តិការណ៍បាល់ទាត់ Tiger Street Football 2020 មណ្ឌលភ្នំពេញ ក្នុងឆ្នាំ២០២០ ដែលគ្រោងដំណើរការប្រកួតចម្រាញ់រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែកុម្ភៈ នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រនោះ គឺមានក្រុមចំណូលថ្មីកើនឡើងប្រមាណជាង២០ក្រុម។ នេះបើយោងតាមការបញ្ជាក់ ពី លោក យ៉ែម វណ្ណះ គណៈកម្មាការបច្ចេកទេស ផ្នែកអាជ្ញាកណ្តាលនៃព្រឹត្តិការណ៍បាល់ទាត់ Tiger Street Football 2020 ថ្លែងនៅក្នុងការប្រជុំចាប់គូ នាល្ងាចថៃ្ងទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ នៅសណ្ឋាគារណាហ្គាវើលរាជធានីភ្នំពេញ។
អាជ្ញាកណ្តាលរូបនេះ បញ្ជាក់ទៀតថា មណ្ឌលរាជធានីភ្នំពេញ កាលពីឆ្នាំ២០១៩កន្លងទៅ គឺមានតែជាង៨០ក្រុមប៉ុណ្ណោះ គឺសុទ្ធសឹងជាក្រុមខ្លាំងដោយការប្រកួតនីមួយៗទម្រាំបានដឹងលទ្ធផលឈ្នះចាញ់ គឺសុទ្ធតែបន្ថែមម៉ោងរកគ្រាប់បាល់ជ័យជំនះឃើញ ប៉ុន្តែនៅក្នុង២០២០នេះ ក្រុមដែលចូលរួមមានរហូតដល់ទៅ១១៥ក្រុមដែលធ្វើការប្រកួតជែងអាចនឹងមានភាពតានតឹងជាងឆ្នាំ២០១៩ទៅទៀត។

លោក បន្ថែមទៀតថា សម្រាប់មណ្ឌលរាជធានីភ្នំពេញនេះ គឺយើងសម្រាំងជ្រើសរើសយកក្រុមខ្លាំងចំនួន១២ក្រុម ដើម្បីចូលរួមប្រជែងជាមួយក្រុមខ្លាំងទាំង៥២ក្រុម ដែលជម្រុះចេញពី៧មណ្ឌលនៅតាមបណ្តាខេត្ត ប្រកួតវគ្គផ្តាច់ព្រ័ត្រ នៅថ្ងៃទី២៩ ខែកុម្ភៈ ដល់ថ្ងៃទី១ ខែមិនា ឆ្នាំ២០២០ ដណ្តើមប្រាក់រង្វាន់ធំ១៥០០០ដុល្លារ។

តំណាងក្រុមហ៊ុនស្រាបៀរ Tiger (CBL) បានបញ្ជាក់ថា នេះជាលើកទី៨ហើយ ដែល Tiger Street Football បាននាំមកនូវព្រឹត្តិការណ៍បាល់ទាត់ដ៏អស្ចារ្យជូនព្រះរាជាណាចក្រកម្ពុជា ដើម្បីផ្តល់ឱកាសជូនកីឡាករដែលស្រលាញ់បាល់ទាត់នៅទូទាំងប្រទេស បានចូលរួមប្រកួតប្រជែងបញ្ចេញនូវសមត្ថភាពដែលខ្លួនបានខិតខំហ្វឹកហាត់កន្លងមកនៅលើទីលានបាល់ទាត់កម្រឹតស្តង់ដាឈានទៅសម្រេចក្តីស្រម៉ៃជាមួយបាល់ទាត់ ដើម្បីអភិវឌ្ឍប្រែក្លាយជាកីឡាករអាជីពដ៏ល្បីប្រចាំកម្ពុជានៅពេលខាងមុខ។ ទន្ទឹមជាមួយគ្នានោះដែរ តំណាងក្រុមហ៊ុនរូបនេះ អំពាវនាវឲ្យកីឡាករគ្រប់ក្រុមទាំងអស់ប្រកួតប្រជែងដោយគោរពនៅក្រមសីលធម៌ចេះអត់ឪនអាធ្យាស្រ័យគ្នា រក្សានៅចំណងមិត្តភាពសាមគ្គីភាព។

សូមបញ្ជាក់ថា Tiger Street Football 2020 មណ្ឌលរាជធានីភ្នំពេញ ដែលជាមណ្ឌលទី៨នេះ ដំណើរការប្រកួតរយៈពេល៣ថ្ងៃ មានក្រុមចូលរួមប្រកួតសរុប១១៥ក្រុម សម្រាំងយក១២ក្រុម ចូលរួមប្រកួតវគ្គផ្តាច់ព្រ័ត្រជាមួយ៥២ក្រុមដែលចម្រាញ់ពីបណ្តាលខេត្ត។

គួររំលឹកផងដែរថា Tiger Street Football 2019 ក្រុមបាល់ទាត់ដណ្តើមបានជើងឯកទូទាំងប្រទេសអមជាមួយទឹកប្រាក់១៥០០០ដុល្លារនោះ គឺក្រុមបាល់ទាត់មកពីអគ្គស្នងការដ្ឋាននគបាលខេត្តព្រះសីហនុ។ សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការ របស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH

ស្តែងចេញនូវការតាំងចិត្តដ៏មោះមុតរបស់អ្នក ជាមួយស្រាបៀរថៃហ្គ័រ។
ពិសាដោយការទទួលខុសត្រូវ៕