នៅក្នុងកម្មវិធី ONE: KING OF THE JUNGLE នាល្ងាចថ្ងៃទី ២៨ កុម្ភៈ ដែលរៀបចំនៅសង្វៀន Singapore Indoor Stadium នៅប្រទេសសិង្ហបុរី Stamp Fairtex របូតខ្សែក្រវាត់ ONE Atomweight Kickboxing World Champion របស់ខ្លួនក្នុងនាមជាគូឯក ស្របពេល វីរបុរស Sam-A របស់ថៃឈ្នះខ្សែក្រវាត់ ONE Strawweight Muay Thai World Title ដែលទើបសម្ពោធឲ្យប្រកួតលើកដំបូងនៅសង្វៀនជាមួយគ្នានេះ។

#1 Stamp Fairtex របូតខ្សែក្រវាត់ពេលតតាំងនឹង Janet Todd

កីឡាការិនីអាមេរិក Janet Todd ឬ ឈ្មោះហៅក្រៅ JT បានក្លាយជាម្ចាស់ខ្សែក្រវាត់ថ្មី ONE Atomweight Kickboxing World Champion បន្ទាប់ពីសងសឹកបានសម្រេចពេលឈ្នះ Stamp Fairtex ដោយពិន្ទុមិនឯកច្ឆន្ទក្នុងការប្រកួតគូឯកនៃកម្មវិធីខាងលើ។ ចូលពីរទឹកដំបូង កីឡាការិនីទាំងពីរប្រើជំហររឹងដើម្បីវាយចេញដូចគ្នា ប៉ុន្តែមិនសូវមានអ្វីគួរឲ្យកត់សម្គាល់នោះឡើយ។ បែបណាក្ដី ម្ចាស់ខ្សែក្រវាត់ Stamp ព្យាយាមចូលដើម្បីវាយយកពិន្ទុ ប៉ុន្តែត្រូវ JT ស្វាគមន៍ដោយជើងផង និង ម៉ាត់ដៃផងចំគោលដៅល្អៗ។ ចូលទឹកទី៤ កីឡាការិនីវ័យ ២២ ឆ្នាំរបស់ថៃក៏កញ្ជ្រោលខ្លាំងដែរដើម្បីស្តារពិន្ទុមកវិញ ប៉ុន្តែ កីឡាការិនីជើងចាស់អាមេរិកវ័យ៣៤ ឆ្នាំក៏មិនណយព្រោះរក្សាជំហរបានល្អហើយទាត់ចំក្បាល និងវ៉ៃចេញឆ្វេងស្ដាំចំគោលដៅជាង Stamp ដែលដើរចូល។ នៅទឹកចុងក្រោយដ្បិត Stamp ចេញដៃជើងច្រើនគួរឲ្យកត់សម្គាល់ ប៉ុន្តែមិនសូវត្រូវចំគោលដៅជាង JT នោះទេ។ ទីបំផុត Janet Todd ដណ្ដើមបានខ្សែក្រវាត់ ONE Atomweight Kickboxing World Champion ពេលឈ្នះពិន្ទុមិនឯកច្ឆន្ទលើម្ចាស់ខ្សែក្រវាត់ Stamp។
JT បានថ្លែងថា៖«ខ្ញុំរកអ្វីថ្លែងពុំបាន។ ខ្ញុំសូមអរគុណដល់ប្ដីរបស់ខ្ញុំ។ ខ្ញុំសូមអរគុណដល់ក្រុមគ្រូបង្វឹកដែលបានត្រៀមខ្លួនល្អសម្រាប់ការប្រកួតនេះ និងបានទស្សនាវីដេអូមុនប្រកួត។ ខ្ញុំពិបាកថ្លែងណាស់។ ខ្ញុំសូមអរគុណអ្នកទាំងអស់គ្នា»។

#2 ខ្សែក្រវាត់ថ្មី ONE Strawweight Muay Thai World Title បានទៅលើ Sam-A

នៅក្នុងការប្រកួតគូឯករង ម្ចាស់ខ្សែក្រវាត់ ONE Strawweight Kickboxing World Champion វីរបុរស Sam-A Gaiyanghadao របស់ថៃ បន្ថែមខ្សែក្រវាត់មួយខ្សែទៀតពេលឈ្នះកីឡាករអូស្ត្រាលី Rocky Ogden ។ Sam-A គ្រងខ្សែក្រវាត់ ONE Strawweight Muay Thai World Championship ដែលគេទើបដាក់ឲ្យសម្ពោធនៅក្នុងកម្មវិធីខាងលើ។ កីឡាករថៃប្រើបម្លាស់ទីល្អ និងប្រើកម្លាំងល្អក្នុងការប្រកួតទល់នឹងយុវជនវ័យក្មេងមកពីអូស្ត្រាលី។ ក្នុងពីរបីទឹកដំបូងកីឡាករមកពីខេត្តសុរិន្ទបានប្រើបច្ចេកទេសល្អវ៉ៃ និងទាត់ចំគោលដៅ មុនពេលសម្រុកចូលយ៉ាងគឃ្លើននៅទឹកទី ៤ និង ទី៥ អមដោយការទាត់ខ្លាំងៗ និង ម៉ាត់ចំៗគោលដៅទៀតផង។ ក្រោយចប់៥ទឹក ចៅក្រមទាំងបីបានផ្ដល់ពិន្ទុឈ្នះដល់ Sam-A និងក្លាយជាកីឡាករដំបូងក្នុងប្រវត្តិសាស្ត្រឈ្នះខ្សែក្រវាត់ពីរផ្សេងគ្នានៅសង្វៀនពិភពលោក ONE Championship។

#3 Akiyama ឈ្នះលើកដំបូងនៅ ONE

កីឡាករជើងចាស់គុនចម្រុះកូនកាត់កូរ៉េ-ជប៉ុន Yoshihiro “Sexy Yama” Akiyama បានប្រើកម្លាំងរបស់ខ្លួនផ្ដួលកីឡាករអេហ្ស៊ីប Sherif “The Shark” Mohamed ឲ្យសន្លប់នៅទឹកទី១។ ស្នូរជួងចាប់ផ្ដើម Mohamed បានរុញច្រាន និងម៉ាត់ឆ្វេងស្ដាំឲ្យ Akiyama ខ្ទាតទៅខ្សែរេញ។ យ៉ាងណាក្ដី Akiyama បានប្រើភាពវៃឆ្លាតដើម្បីបង្កើតចលនារើបម្រាស់ ហើយគេចចេញពីការម៉ាត់ច្រើនដៃរបស់ Mohamed។ មុនពេលបញ្ចប់ទឹកទី១ Akiyama បានប្រើបច្ចេកទេសវាយថ្ពក់ដៃស្ដាំលើ Mohamed ឲ្យដួល និង ហក់ទៅម៉ាត់ថែមទៀតមុនពេលអាជ្ញាកណ្ដាលចូលឃាត់។ ទីបំផុត កីឡាករជើងចាស់មកពីជប៉ុនឈ្នះនៅសង្វៀន ONE លើកដំបូងបន្ទាប់ឡើងសង្វៀនអន្តរជាតិមួយបានពីរលើក។

#4 Tiffany Teo ឈ្នះការប្រកួតក្នុងទម្ងន់ Strawweight World Title ដោយវ៉ៃគូប្រកួតឲ្យសន្លប់

នេះជាការប្រកួតកម្រិតកំពូលសម្រាប់កីឡាការិនីក្នុងទម្ងន់ strawweights។ អតីតកីឡាការិនីប្រជែងខ្សែក្រវាត់ ONE World Title កីឡាការិនីជប៉ុន Ayaka Miura និង ម្ចាស់ខ្សែក្រវាត់ប្រដាល់សកលសញ្ជាតិសិង្ហបុរី Tiffany “No Chill” Teo បានបង្ហាញការប្រកួតដ៏ជក់ចិត្ត។ Teo បានផ្ដួលកីឡាការិនីជប៉ុន Ayaka Miura មិនឲ្យងើបមុខរួចនិងសន្លប់នៅទឹកទី៣។ Miura បង្កើតភាពទាក់ទាញនៅទឹកដំបូងដោយប្រើបច្ចេកទេសកីឡាយូដូកម្រិតខ្សែក្រវាត់ខ្មៅរបស់ខ្លួន និង ស្វែងរកចំណុចដើម្បីបញ្ចប់គូប្រកួតទៀតផង។ ប៉ុន្តែ Teo បានទប់ជាប់ និងបង្វែរទៅប្រើយុទ្ធសាស្ត្រប្រយុទ្ធដ៏មានប្រសិទ្ធភាពទៅវិញលើ Miura ជាពិសេសការប្រើក្បាច់លើក្ដាររេញ។ នៅទឹកទី២ Teo គ្រប់គ្រងការប្រកួតបានល្អ និងមិនឲ្យ Miura ចាប់ផ្ដួលបានឡើយ។ ទីបំផុត នៅទឹកចុងក្រោយ Tiffany Teo ធ្វើបានល្អដោយវ៉ៃពីលើ Miura ដូចព្យុះអីចឹងរហូតដល់អាជ្ញាកណ្ដាលបញ្ឈប់តែម្ដងនៅចុងទឹកចុងក្រោយនេះ។

ម្ចាស់ខ្សែក្រវាត់ ONE Women’s Strawweight World Champion កីឡាការិនី “The Panda” Xiong Jing Nan កំពុងសម្លឹងមើលការប្រកួតរវាង Tiffany “No Chill” Teo និង Ayaka Miura ហើយអ្នកឈ្នះក្នុងការប្រកួតនេះនឹងឡើងទៅជួប ម្ចាស់ខ្សែក្រវាត់សញ្ជាតិចិនជាក់ជាមិនខាន។

ក្រោយចាញ់លើថ្វីដៃ Xiong កាលខែមករា ឆ្នាំ ២០១៨ ក្នុងការដណ្ដើមខ្សែក្រវាត់ ONE Women’s Strawweight World Title កីឡាការិនី Teo ត្រលប់មកវិញដោយយកឈ្នះពិន្ទុជាឯកច្ឆន្ទលើម្ចាស់ខ្សែក្រវាត់ Brazilian Jiu-Jitsu World Champion ៨សម័យ កីឡាការិនី Michelle Nicolini។
កីឡាការិនីសិង្ហបុរី កំពុងស្វែងរកជ័យជម្នះម្ដងទៀតដើម្បីយកឈ្នះ Miura។ បែបណាក្ដី Miura ឈ្នះរហូតដល់៦លើកជាប់គ្នា រួមទាំងការឈ្នះ៣លើកជាប់គ្នា ONE Championship។ Teo នៅបារម្ភចំពោះក្បាច់បញ្ចប់របស់កីឡាការិនីជប៉ុន។ តើកីឡាការិនីរូបណាអាចឈានទៅដណ្ដើមខ្សែក្រវាត់នាពេលខាងមុខ?

អត្ថបទ៖ ស៊ីធី